មន្ទីរ​ពេទ្យដំបូង​សម្រាប់​អ្នក​ជំងឺ​ Corona នៅ​ Wuhan ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​

អាជ្ញាធរ​ក្រុង Wuhan ប្រគល់​ “មន្ទីរ​ពេទ្យ​ប្រឆាំង​ Corona” ដំបូង​ទៅ​ឱ្យ​ពេទ្យ​យោធា​នៅ​ថ្ងៃ​នេះ ដើម្បី​រួម​ចំណែក​ទប់​ទល់​អាសន្នរោគ​រលាក​សួត​ថ្មី​នេះ។

គ្រូពេទ្យ​យោធា​ចិន​​ចំនួន 1,400នាក់​​នឹង​ចូល​មក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ ​Huoshenshan ដែល​មាន​ដាក់​គ្រែ​ចំនួន 1,000​​ចាប់​ដំណើរ​ការ​​ពី​ថ្ងៃ​ទី​ 3កុម្ភៈ​ខាង​មុខ។ មន្ទីរ​ពេទ្យ​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ថ្ងៃ​ទី 25​មករា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ Wuhan ដែលជា​សម្បុក​មេរោគ​​រលាក​សួត​ថ្មី Corona។

មន្ទីរ​​ពេទ្យ​ទី​ពីរ​មាន​ឈ្មោះថា Leishenshan មាន​គ្រែ​ចំនួនប្រហែល 1,600 ក៏គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ថ្ងៃ​ទី 5កុម្ភៈខាង​មុខ។ ទន្ទឹម​និង​នេះ​ក៏មាន​មន្ទីរ​ពេទ្យ​មួយ​ផ្សេង​ទៀត​ដែលអាច​ដាក់​បាន​ 600គ្រែ ​កំពុង​ត្រូវ​សាង​សង់​​នៅ​ក្រុង​ Ezhou នៃ​ខេត្ត​ Hubei នេះ​ផងដែរ។

អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV (Corona) បាន​ចាប់​ផ្ដើម​ឆ្លង​រាត​ត្បាត​ពីទី​ក្រុង​ Wuhan​ និង​កំពុង​រាល​ដាល​ទូទាំង​ពិភព​លោក។ មេរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ 305នាក់​ និង​ 14,628នាក់​ផ្សេង​ទៀត​កំពុង​មាន​ផ្ទុក​មេរោគ​នេះ នៅ​ទូទាំង​ពិភព​លោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement