សូម​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់​បង្គន់​! មេរោគ​ Corona អាច​ឆ្លង​តាម​រយៈ​ការ​បន្ទោ​បង់​ ក្នុង​ពេល​…

ការ​ពិសោធ​ថ្មី​ៗ​នេះ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​បង្ហាញ​ថា ក្រៅ​ពី​ឆ្លង​តាម​រយៈ​ការ​កណ្ដាស់ ឬ​ប៉ះពាល់​អ្នក​ជំងឺ មេរោគ​កូរ៉ូណា​ (Corona) ដែល​បង្ក​ឱ្យ​រលាក​សួត​ប្រភេទ​ថ្មី​នេះក៏​អាច​ឆ្លង​តាម​រយៈ​ការ​ប្រើ​បង្គន់​រួម​ជា​មួយ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ។

មន្ទីរ​ពេទ្យ Renmin នៃ​សកល​វិទ្យាល័យ​ Wuhan រួម​សហការណ៍​ជា​មួយ​មន្ទីរ​វិទ្យា​សាស្ត្រ​ចិន បាន​ធ្វើ​ការពិសោធ​ទៅ​លើ​អាស៊ីដ nucleic នៃ​លាមក​ និង​ជាលិកា​ត្រង់​រន្ធ​គូទ​របស់​អ្នក​ជំងឺ​ ហើយលទ្ធ​ផល​​បាន​បង្ហាញ វីរូស​កូរ៉ូណា (Corona/2019-nCoV) អាច​ឆ្លង​ពី​លាមក​ ចូល​ទៅ​មនុស្ស​ នេះ​បើ​តាម​​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន ​Focus Taiwan ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ 2កុម្ភៈ​កន្លង​ទៅ​។

លោក​ Chang Ko ប្រធាន​ផ្នែក​គ្រប់​គ្រង​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Kaohsiung Municipal Siaogang បាន​ថ្លែង​ថា លទ្ធ​ផល​នៃ​ការ​ពិសោធ​ខាង​លើ​នេះ មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ទេ ព្រោះ​ថា​ មុន​នេះ​ ក្រុម​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិក​ក៏​ធ្លាប់​រក​ឃើញ​មេរោគ nCoV នៅ​ក្នុង​លាមក​មនុស្ស​។ លោក​ Chang Ko បន្ត​ថា យោង​តាម​លទ្ធ​ផល​នៃ​ការ​ពិសោធ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី New England Journal of Medicine កាល​ពីថ្ងៃ​ទី​ 31មករា​​ លាមក​គំរូដែល​យក​ពី​អ្នក​ជំងឺ​កូរ៉ូណា​ដំបូង​គេ​នៅ​អាមេរិក បង្ហាញ​ថា មាន​ផ្ទុក​វីរូស​នេះ​។

ការ​ឆ្លង​មេរោគ​តាម​រយៈ​លាមក​ ធ្វើ​ឱ្យ​ការ​ទប់​ស្កាត់​អាសន្នរោគ​នេះ កាន់​តែ​មាន​ការ​លំបាក​ នេះ​បើ​តាមការ​​​អះអាង​របស់​ Shih Shin-ru ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ជំងឺ​ឆ្លង​​ថ្មី នៅ​សកល​វិទ្យា​ល័យ​ Chang Gung។ មន្ត្រី​សុខា​ភិបាល​នៅ​តៃ​វ៉ាន់ បាន​រំឭក​ដល់​ពល​រដ្ឋ​ឱ្យ​បិទ​គម្រប​ពេល​ចុច​បើក​ទឹក​ចូល​បង្គន់​បន្ទាប់​ពី​បន្ទោ​បង់​រួច​ និង​ត្រូវ​លាង​ដៃ​ដោយ​ប្រើ​​សាប៊ូ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរូស​ Corona។

Hwang Kao-pin ប្រធាន​ផ្នែក​រោគ​ឆ្លង​កុមារ​នៃ​សកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​ចិន បាន​ព្រមាន​ថា វិធី​ឆ្លង​ខាង​លើ​នេះ​ នឹង​នាំ​មក​នូវ​ហានិភ័យ​ខ្ពស់ បើ​សិន​ក្នុង​លាមក​មាន​ផ្ទុក​មេរោគ ហើយ​ពេល​ចុច​បើក​ទឹក​មិន​បាន​បិទ​គម្របចាន​បង្គន់។ វីរូស​ Corona អាច​រស់​បាន​ពី 2-3ម៉ោង​ក្នុង​បរិយា​កាស និង​5ថ្ងៃ​នៅ​លើ​ផ្ទៃ​នៃ​វត្ថុ​អ្វី​មួយ​។

ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​រលាក​សួត​ថ្មី​នេះ យើង​ត្រូវ​រំងាប់​មេរោគ​ដោយ​ប្រើ​អាកុល មុន​ពេល​ប្រើ​ប្រាស់​ និង​​ត្រូវ​បិទ​គម្រប​នៅ​ពេល​ចុច​បើក​ទឹក​ចូល​បង្គន់​។ វេជ្ជ​បណ្ឌិត​ខាង​លើ​ក៏​បាន​ប្រាប់​ថា ការ​លាង​ដៃ​នឹង​សាប៊ូ​គឺ​មាន​សារ​សំខាន់​​ក្នុង​ការ​ជួយ​ទប់​ស្កាត់​មេរោគ​មហា​ប្រល័យ​កូរ៉ូណា៕

ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

រដ្ឋបាលចិន ចេញបញ្ជា សាកសពអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណា ត្រូវតែ “បូជា” ដាច់ខាត

Advertisement