វៀត​ណាម៖ មនុស្ស​រាប់រយនាក់ប្រជ្រៀតគ្នា ដណ្ដើមទិញម៉ាស់ តាំងពីព្រឹកដល់រសៀល (មានវីដេអូ)

វៀតណាម៖ នៅប្រហែលម៉ោង 2រសៀលថ្ងៃទី3 កុម្ភៈ(ម្សិលមិញ) មនុស្សចំនួនរាប់រយនាក់បានប្រជ្រៀតគ្នា ដណ្ដើមទិញម៉ាស់ នៅឯហាងលក់ផលិតផលសុខាភិបាលមួយកន្លែងដែលមានទីតាំងនៅលើផ្លូវ Nguyen Gian Thanh ក្នុងទីក្រុងហូជីមិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។

នៅហាងនេះ មនុស្សម្នាក់មានសិទ្ធិទិញម៉ាស់ បានត្រឹមតែ 3ប្រអប់ប៉ុណ្ណោះ ក្នុងតម្លៃ105,000ដុងក្នុង 1ប្រអប់ (ប្រហែល4.5ដុល្លារអាមេរិក)។

នៅក្នុងរូបភាពវីដេអូនេះ មានអតិថិជនជាច្រើនបានបង្ហាញអំពីការលំបាកក្នុងការរកទិញម៉ាស់ ព្រោះថា មិនសូវមានគេដាក់លក់ដូចធម្មតាទេ ហើយបើមានគេលក់ ក៏លក់ក្នុងតម្លៃថ្លៃហួសហេតុ។ ប៉ុន្តែ អ្នកខ្លះក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដែរ ព្រោះទិញបានដូចបំណង។

អតិថិជនម្នាក់ឈ្មោះ Nguyen Van Hung នៅទីក្រុងហូជីមិញបាននិយាយថា៖ “ថប់ដណ្ហើមចង់សន្លប់ មិនទាន់បានហូបបាយថ្ងៃត្រង់ផង”។

អតិថិជនម្នាក់ទៀតប្រាប់ថា៖ “ដើររកមើលនៅក្បែរៗនេះ មិនឃើញមានអ្នកណាគេលក់សោះ។ ឃើញតែកន្លែងនេះដែលមានលក់ ទើបប្រជ្រៀតចូលទិញនឹងគេ”។

ពលរដ្ឋវៀតណាមម្នាក់ទៀត លោក Ngo Thanh Truong និយាយថា៖ មកតម្រង់ជួរតាំងពីម៉ោង 9ព្រឹករហូតមកដល់ពេលនេះ។ និយាយរួម គឺនឿយហត់ណាស់ តែពេលទិញបានម៉ាស់ហើយ ក៏មានអារម្មណ៍ថា ស្ងប់ចិត្ត”។

អតិថិជនម្នាក់ទៀតឈ្មោះ On Thi Ngoc Tram ប្រាប់ថា៖ “មកពីគេតម្រង់ជួរគ្មានរបៀប ទើបប្រជ្រៀតគ្នាហត់បែបនេះ។ ធម្មតា ខ្ញុំមកទីនេះ ទិញតាមធម្មតា ទិញបានភ្លាម ត្រឡប់ទៅវិញភ្លាម មិនដែលប្រជ្រៀតគ្នាឱ្យហត់បែបនេះទេ។ ប៉ុន្តែ ខ្ញុំនៅតែអាចទទួលយកបាន ព្រោះថានៅទីនេះ តម្លៃថោកជាងច្រើន បើធៀបនឹងនៅខាងក្រៅ(កន្លែងផ្សេង)។

ដោយសារតែមានអ្នកទិញច្រើនពេក ទើបបណ្ដាលឱ្យចរាចរណ៍នៅទីនោះត្រូវកកស្ទះយ៉ាងខ្លាំង។

ម្ចាស់ហាងទំនិញនេះ គឺលោក Nguyen Ngoc Duy បានឱ្យដឹងថា៖ ប្រអប់ដែលមានម៉ាស់ច្រើនបំផុត គឺមានតម្លៃ 36,000ដុង (1,55ដុល្លារ)។ យើងខ្ញុំជួយបងប្អូន ទើបលក់តម្លៃបែបនេះ។ មានអ្នកផ្សេងគេមកទិញក្នុងតម្លៃ 100,000ដុងក្នុង 1ប្រអប់ឯណោះ ប៉ុន្តែខ្ញុំនៅតែមិនលក់ឱ្យ។ ផលិតផលនេះ យើងខ្ញុំរក្សាទុកតាំងពីមុនចូលឆ្នាំ បើពេលនេះវិញ គឺអស់ទំនិញហើយ។ ល្ងាចនេះ លក់ 6ឡាំងទៀត គឺអស់ហើយ។

បច្ចុប្បន្ន ម៉ាស់បានក្លាយជាទំនិញមួយដែលកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែលអាសន្នរោគរលាកសួតកំពុងឆ្លងរាលដាលស្ទើរគ្រប់ទិសទីក្នុងពិភពលោក។

វៀតណាម បានរកឃើញអ្នកមានផ្ទុកមេរោគ Corona ចំនួន 8ករណី ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាល៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement