អាមេរិកាំង​ថាចិន​យល់​ព្រម​ឱ្យ​អ្នក​វេជ្ជ​សាស្ត្រ​អាមេរិកាំងចូល​ជួយ​ បន្ទាប់​ពី​ចិន​ចោទ​​អាមេរិកាំង​ថា​ មិន​បាន​​ជួយ​អ្វី​សោះ

រដ្ឋាភិបាលប្រទេសចិនបានយល់ព្រមឱ្យអ្នកវេជ្ជសាស្ត្រអាមេរិកាំង ចូលមកកាន់ប្រទេសចិនដើម្បីជួយទប់ទល់នឹងមេរោគរលាកសួតកូរ៉ូណាប្រភេទថ្មី(nCoV2019). នេះបើតាមការឱ្យដឹងពីសេតវិមាន។

អ្នកនាំពាក្យរបស់សេតវិមាន លោក Judd Deere កាលពីថ្ងៃទី2 កុម្ភៈ) បានឱ្យដឹងថា៖ “ចិនបានយល់ព្រមឱ្យអាមេរិកាំងបញ្ចូលអ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ខ្លួន ទៅក្នុងគណៈប្រតិភូនៃអង្គការសុខភាពពិភពលោក (WHO) នៅប្រទេសចិន ដើម្បីស្វែងយល់បន្ថែម និងស្វែងរកវិធីថ្មីទប់ទល់នឹងមេរោគរលាកសួតប្រភេទថ្មី Corona”។

ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការចាក់វ៉ាក់សាំង និងជំងឺផ្លូវដង្ហើមរបស់អាមេរិកាំង NCIRD (National Center for Immunization and Respiratory Diseases) បាននិយាយថា វត្តមានរបស់ក្រុមអ្នកឯកទេសនៃមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងអាមេរិកាំង CDC (Centers for Disease Control and Prevention) នឹងមានប្រយោជន៍ច្រើន ព្រោះពួកគេសុទ្ធតែជា “អ្នកវិទ្យាសាស្ដ្រដែលមានបទពិសោធ បច្ចេកទេសទាក់ទិននឹងប្រភេទជំងឺប្រហាក់ប្រហែលនេះ”។

ការប្រកាសរបស់សេតវិមាន ត្រូវបានធ្វើឡើង ក្រោយពីអ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានចោទប្រកាន់អាមេរិកថា មិនបានជួយអ្វីសោះ ក្រៅតែពីបង្កើនភាពភ័យខ្លាចចំពោះអាសន្នរោគរលាកសួត Corona (nCoV) ដែលរួមទាំងបទបញ្ជាហាមមិនឱ្យអ្នកទេសចរចិនចូលទឹកដីអាមេរិក និងបានដើរផ្ទុយពីអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) ។

ប៉ុន្តែ បន្ទាប់មកលោកស្រីបណ្ឌិត Nancy Messonnier ប្រធានមជ្ឈមណ្ឌលជាតិការពារជំងឺឆ្លង និងជំងឺផ្លូវដង្ហើមអាមេរិកាំង បានឆ្លើយតបវិញថា វិធានការទាំងឡាយរបស់ទីក្រុងវ៉ាស៊ីនតោន គឺយោងទៅលើមូលដ្ឋាននៃវិទ្យាសាស្ត្រ ហើយពួកគេកំពុងការពារសុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋអាមេរិកាំងទាំងមូល។

សហរដ្ឋអាមេរិកដែលកំពុងមានអ្នកឆ្លងមេរោគ Corona ចំនួន 11ករណី កាលពីសប្ដាហ៍មុនបានប្រកាសភាពអាសន្នស្ដីអំពីសុខភាពសាធារណៈ និងបានចេញបញ្ជាហាមមិនឱ្យជនបរទេសទាំងឡាយណាដែលធ្លាប់បានទៅកាន់ប្រទេសចិនដីគោកក្នុងអំឡុង 2សប្ដាហ៍មុន ចូលស្រុកអាមេរិក។ អាមេរិកាំងក៏បានចេញអនុសាសន៍កម្រិត4 សម្រាប់វិស័យទេសចរណ៍ ដែលជាកម្រិតខ្ពស់បំផុត ដើម្បីព្រមានពលរដ្ឋអាមេរិកាំង កុំឱ្យទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ស្ទើរតែទាំងអស់របស់អាមេរិកាំង បានលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។

គិត​មក​ត្រឹម​ព្រឹក​នេះ (4កុម្ភៈ) នៅ​ទូទាំង​ពិភព​លោក មាន​អ្នក​ស្លាប់ដោយ​សារ​មេរោគ​កូរ៉ូណា​ ឡើង​ដល់​ 427នាក់ ក្នុង​នោះ​មាន 425នាក់​ស្លាប់​នៅ​ឯប្រទេស​ចិន​ដីគោក និង​ម្នាក់​ស្លាប់​នៅ​ហ្វីលីពីន ម្នាក់​ទៀត​ទើប​តែ​បាត់​បង់​ជីវិត​នៅ​ឯក្រុង​ហុង​កុង​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ កើន​ឡើង​ដល់​ 20,604 នៅ​ទូទាំង​ពិភព​លោក​៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement