“ខ្ញុំមិនមែនវីរុសទេ!!” ដាស់ស្មារតីមនុស្សជុំវិញពិភពលោក បញ្ឈប់ការដាក់បដាបិទហាង-ដេញ-និងបិទប្រទេស ហាមជនជាតិចិន

មនុស្សជុំវិញពិភពលោកដែលកំពុងភ័យរន្ធត់ខ្លាំងអំពី “វីរុសកូរ៉ូណា” បានបណ្ដាលឱ្យកើតមានក្រសែស្អប់ខ្ពើម-រើសអើងជនជាតិចិន រហូតដល់នៅក្នុងប្រទេសថៃ មានការសរសេរបដាហាមជនជាតិចិនចូលទៀតផង!។ សង្គមមនុស្សជាតិបានដាក់សំណួរថា “តើធ្វើនេះត្រឹមត្រូវហើយ ឬធ្វើហួសហេតុជ្រុលពេក?”។ ថ្មីៗនេះ អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ បានធ្វើការវិភាគពី “ការបិទប្រទេស” ថា “រឹតតែសាងស្នាមរបួសលើសម្ព័ន្ធភាពដ៏ល្អ” និងបានសង្កត់ធ្ងន់លើ “ការរួមដៃគ្នាខាងវេជ្ជសាស្ត្រទើបជាការប្រសើរបំផុត!”។

ទូទាំងពិភពលោកភ័យខ្លាចវីរុស មិនស្វាគមន៍ជនជាតិចិន!

“សូមអភ័យទោស មិនទទួលភ្ញៀវចិន និងអតិថិជនបរទេស…ដែលយើងមិនអាចផ្ដល់សេវាកម្មជូនលោកអ្នកបាននេះ គឺដោយសាតែបញ្ហាមេរោគវីរុសកូរ៉ូណា…សូមអរគុណដែលបានយល់ចិត្ត”

អត្ថបទដែលមានទាំងភាសាថៃ និងអង់គ្លេស ត្រូវបានបំពាក់នៅផ្នែកខាងមុខមាត់ទ្វារនៃភោជនីយដ្ឋានមួយនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយសារតែការភ័យខ្លាចវីរុសកូរ៉ូណា រហូតដល់ត្រូវកំណត់អតិថិជនចំពោះតែជនជាតិថៃប៉ុណ្ណោះដែលអាចចូលបាន។

រឿងនេះបានក្លាយជារឿងមួយដែលត្រូវបានជជែកដេញដោលគ្នាយ៉ាងទូលំទូលាយ ដែលមានទាំងយល់ស្រប និងមិនយល់ស្របថា ជាទង្វើដែលរើសអើង ឬតើនឹងធ្វើឱ្យអ្នកទេសចរខូចអារម្មណ៍ នឹកអន់ចិត្តដែរឬទេ? ខណៈដែលមនុស្សភាគច្រើនយល់ឃើញថា ខាងភោជនីយដ្ឋានបានធ្វើត្រឹមត្រូវហើយ ដែលផ្ដល់ភាពសំខាន់លើរឿងសុវត្ថិភាពជាចម្បង។

មិនមែនមានតែជនជាតិថៃប៉ុណ្ណោះទេ ដែលមានកង្វល់រឿងការឆ្លងមេរោគពីជនជាតិចិន តែជនជាតិចិនគ្នាឯងនៅក្នុងប្រទេសចិនក៏បានរារាំងគ្នាឯងដែរ ខណៈដែលប្រទេសជាច្រើនទូទាំងពិភពលោកសុទ្ធតែមានវិធានការ និងការប្រតិបត្តិដែលហាក់ដូចជាដាច់ខាត ឬដែលអាក្រក់បំផុតនោះគឺ វាកើតជាក្រសែរើសអើងជនជាតិអាស៊ី បែបម៉ៅរួមទៅជាមួយគ្នាតែម្ដង។

ឧទាហរណ៍ ហាងលក់ទំនិញ ឬភោជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង មានការដាក់បដាប្រកាសមិនស្វាគមន៍ជនជាតិចិន រួមទាំងសណ្ឋាគារមួយនៅក្នុងប្រទេសវៀតណាមក៏មានការដាក់បដាផងដែរថា “ប្រទេសរបស់អ្នក កំពុងតែចម្លងមេរោគ ទើបយើងមិនស្វាគមន៍ភ្ញៀវមកពីប្រទេសចិន”។ ខណៈដែលប្រទេសក្នុងតំបន់អឺរ៉ុបក៏មានប្រតិកម្មចំពោះជនជាតិចិន និងជនជាតិអាស៊ីក្នុងទំនងដូចគ្នាដែរ ដូចជានៅប្រទេសបារាំង មានការនិយាយគ្នាអំពីស្ត្រីម្នាក់ដែលជិះនៅក្នុងរថយន្តក្រុងថា “មានស្រីចិនម្នាក់ កំពុងចម្លងមេរោគមកពួកយើង”។ ដែលការពិតទៅ នាងគឺជាអ្នកទីក្រុងប៉ារីសដែលមានសែស្រឡាយវៀតណាម រហូតធ្វើឱ្យកើតក្រសែជជែកតវ៉ាគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង ព្រមជាមួយហេចថេក #je ne suis pas un virus ឬ ខ្ញុំមិនមែនជាវីរុសទេ!!។

អ្នកជំនាញការផ្នែកទំនាក់ទំនង និងសម្ព័ន្ធភាពអន្តរជាតិ ខាងលើបានសរុបថា ក៏ចង់ផ្ដាំផ្ញើថា គួរយល់ចិត្ត និងអាណិតជនជាតិចិន ការពិតទៅគឺមនុស្សទូទាំងពិភពលោកហ្នឹងឯង! យើងជាពលរដ្ឋរួមពិភពលោកតែមួយ បញ្ហានេះ បើសិនតទៅមុខទៀត វាកើតលើប្រទេសណាមួយ ប្រទេសនោះច្បាស់ជាយ៉ាប់យ៉ឺនដូចតែគ្នាហ្នឹងឯង ដូច្នេះខ្ញុំជឿថា ទីបំផុតទៅ ទូទាំងពិភពលោកត្រូវតែជួយគ្នា ទើបអាចឆ្លងផុតទៅបាន៕

Advertisement