ជនជាតិតៃវ៉ាន់ 56នាក់បានស្លាប់ ដោយសារមេរោគផ្ដាសាយបក្សី

យ៉ាងហោចណាស់ ក៏មានជនជាតិតៃវ៉ាន់ 56នាក់ដែរ ដែលបានបាត់បង់ជីវិតដោយសារបានឆ្លងមេរោគផ្ដាសាយបក្សី H1N1 ក្នុងរយៈពេល 3ខែកន្លងមកនេះ ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារមេរោគកូរ៉ូណានៅឡើយ។

មន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នរោគតៃវ៉ាន់ (CDC) កាលពីថ្ងៃទី3 កុម្ភៈ បានឱ្យដឹងថា H1N1 ឬហៅថា មេរោគផ្ដាសាយបក្សី គឺជាប្រភេទវីរុសដែលកើតច្រើនក្នុងរដូវត្រជាក់នៅលើកោះតៃវ៉ាន់ រយៈពេល 3ខែចុងក្រោយនេះ។ កំណត់ត្រារបស់ CDC បានបង្ហាញថា មានអ្នកឆ្លងមេរោគផ្ដាសាយបក្សី H1N1 ចំនួន 771នាក់ ដែលមានអាការធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី1តុលា ឆ្នាំកន្លង ក្នុងនោះមានអ្នកជំងឺ 56នាក់បានស្លាប់។

CDC ក្នុងសប្ដាហ៍នេះ បានផ្អាកការប្រកាសអំពីចំនួនអ្នកស្លាប់ដោយសារមេរោគផ្ដាសាយបក្សី ប៉ុន្តែសារព័ត៌មាន​ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់បន្ថែមចំនួន 13នាក់ទៀតដែរ ដែលអ្នកជំងឺទាំងនេះ មានអាយុចាប់ពី 47-97ឆ្នាំ ក្នុងនោះមានទាំងលោកយាយអាយុ 80ឆ្នាំផងដែរ។

វេជ្ជបណ្ឌិត Lin Yung-ching មកពី CDC បានប្រាប់ថា អ្នកដែលបានស្លាប់ ភាគច្រើនដោយសារផលប៉ះពាល់ខ្លាំងទៅលើសួត និងផ្លូវដង្ហើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។

ជំងឺផ្ដាសាយបក្សីតាមរដូវ គឺជាការគំរាមកំហែងដល់កោះតៃវ៉ាន់ ដែលវាធ្ងន់ធ្ងរជាងមេរោគ Corona (nCoV) ដែលកំពុងរាតត្បាតពិភពលោកទៅទៀត ចាប់ពីខែធ្នូ ឆ្នាំ2019 មកនេះ។ កោះតៃវ៉ាន់ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ nCoV ចំនួន10នាក់ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់បានបាត់បង់ជីវិតនៅឡើយ។

ពលរដ្ឋ​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ី

គួររំឭកថា កាលពីថ្ងៃទី2កុម្ភៈ ប្រទេសចិនក៏បានប្រកាសអំពីការរកឃើញសម្បុកមេរោគផ្ដាសាយបក្សី H5N1 នៅក្នុងកសិដ្ឋានមួយ នៅក្រុង Shaoyang នៃខេត្ត Hunan ដែលបានធ្វើឱ្យមាន់ 4,500ក្បាលត្រូវងាប់។ H5N1 គឺជាវីរុសផ្ដាសាយបក្សីដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ក្នុងនោះមានប្រភេទខ្លះអាចឆ្លងមកមនុស្ស។ មន្ត្រីជំនាញនៅ Shaoyang បានប្រើប្រាស់វិធីទប់ស្កាត់មួយចំនួន ក្នុងនោះបានដុតកម្ទេចមាន់ចំនួន 17,828ក្បាលផងដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement