ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសជប៉ុនបានអះអាងនៅថ្ងៃនេះថា អ្នកដំណើរយ៉ាងតិច 10នាក់នៅលើនាវាទេសចរណ៍កម្សាន្តដែលត្រូវបានឃាត់ទុកពិនិត្យមេរោគនៅឯកំពង់ផែយ៉ូកូហាម៉ា មានលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” និងរំពឹងថា នឹងរកឃើញអ្នកឆ្លងមេរោគនេះបន្ថែមទៀត ក្នុងអំឡុងពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើការត្រួតពិនិត្យរាងកាយអ្នកដំណើរ និងក្រុមនាវិកជាង 3,000នាក់។

ខាត់ស៊ីណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ(ថ្ងៃទី5 កុម្ភៈ)ថា អ្នកឆ្លងមេរោគទាំង 10នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរព្យាបាលរោគមួយកន្លែង ចំណែកអ្នកដំណើរ និងក្រុមនាវិកប្រមាណជា 3,700នាក់ទៀត នឹងត្រូវបង្ខាំងការពាររោគនៅលើនាវាទេសចរណ៍កម្សាន្តរបស់ក្រុមហ៊ុន ខានីវ៉ាល់ ខប់ រយៈពេល 14ថ្ងៃ។

លោក ខាតូ បានបញ្ជាក់ទៀតថា គ្រប់គ្នានៅលើនាវាទេសចរណ៍កម្សាន្តនោះ ធ្លាប់បានឆ្លងកាត់ការពិនិត្យសុខភាពរយៈដំបូងរួចមកហើយ ដែលតាមរយៈដំណាក់កាលនោះ នឹងនាំឆ្ពោះទៅរកការសុំពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិកចំនួនត្រឹមតែ 273នាក់ប៉ុណ្ណោះ ដោយក្នុងចំនួនអ្នកដែលដឹងលទ្ធផលហើយមានចំនួន 31នាក់ រកឃើញអ្នកផ្ទុកមេរោគវីរុសកូរ៉ូណា 10នាក់។ ទាំងអស់នេះ មន្ត្រីសុខាភិបាលជប៉ុននឹងនៅតែតាមដានសង្កេតមើលអ្នកដំណើរ និងក្រុមនាវិកទាំងនោះថា តើនឹងមានអាការឈឺថ្កាត់ដែរឬទេ និងអាចនឹងត្រូវមានការសុំពិនិត្យសុខភាពបន្ថែមទៀត។

ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា ក្នុងចំណោមអ្នកឆ្លងមេរោគទាំងនោះ មានពលរដ្ឋជប៉ុន 3នាក់ និងទាំង 10នាក់នោះ មិនមានអាការធ្ងន់ធ្ងរទេ។ អ្នកឆ្លងមេរោគដែលរកឃើញ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាក្នុងប្រទេសជប៉ុនដែលបានអះអាងហើយ កើនឡើងដល់ 33នាក់។ កាលពីពេលមុននេះ NHK ធ្លាប់បានបញ្ជាក់ថា ក្រុមមន្ត្រីជប៉ុននឹងធ្វើការពិនិត្យសុខភាពអ្នកដែលបង្ហាញអាការគួរឱ្យសង្ស័យ ដូចជាមានអាការគ្រុនក្ដៅខ្លួន ឬធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលមានអាការដូចខាងដើម ខណៈដែលមន្ត្រីក្រសួងសាធារណៈសុខាភិបាលម្នាក់បានអះអាងថា “មិនមែនគ្រប់គ្នាទេ” ដែលនឹងត្រូវឆ្លងកាត់ការពិនិត្យ PCR ឬ Polymerase Chain Reaction នេះ ដោយសារតែប្រើពេលវេលាយូរ និងមិនមានភាពចាំបាច់។

ប្រតិបត្តិការពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិក បានចាប់ផ្ដើមតាំងពីពេលល្ងាចថ្ងៃចន្ទ(ទី3) បន្ទាប់ពីមានអ្នកក្រុងហុងកុងវ័យ 60ឆ្នាំម្នាក់ដែលធ្លាប់ធ្វើដំណើរតាមនាវាទេសចរណ៍កម្សាន្តនេះកាលពីខែមករា បានឆ្លងមេរោគវីរុសកូរ៉ូណា។

ខានីវ៉ាល់ ជេភែន បានបញ្ជាក់កាលពីថ្ងៃអង្គារ ម្សិលមិញថា នាវាកម្សាន្តមួយទៀត គឺដាយម៉ន់ដ៍ ព្រីនសេស ចាំបាច់ត្រូវពន្យារពេលការចេញដំណើរចេញពីយ៉ូកូហាម៉ា និងកំពង់ផែកូបេ ក្នុងសប្ដាហ៍នេះ ដោយសារតែមានបញ្ជាឱ្យបង្ខាំងពិនិត្យមេរោគ។

ជំងឺឆ្លងរាលដាលដែលមានដើមកំណើតមកពីមណ្ឌលហ៊ូពេយរបស់ចិន បានសម្លាប់ជីវិតមនុស្សរួចទៅហើយជាង 400នាក់ និងមានអ្នកឆ្លងជំងឺនេះជាង 20,000នាក់ទៀត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement