សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជាមេដឹកនាំ​ដំបូងគេ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេសចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​អាសន្ន​រោគ​រលាក​សួត​ដ៏សាហាវ​​បង្ក​ឡើង​ដោយ​​វីរុស​​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ ដែល​គិត​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 493នាក់ និង​ជាង24,587នាក់ផ្សេង​ទៀត​កំពុង​​ផ្ទុក​មេរោគ​នេះ។

​រសៀល​ថ្ងៃ​ទី​5កុម្ភៈនេះ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន បាន​ដឹក​នាំ​គណៈប្រតិ​ភូកម្ពុជា​ ចេញ​ពី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បាន​អញ្ជើញ​ទៅ​ដល់អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏​បាន​អញ្ជើញ​មក​​ទទួល​សម្ដេច​ ហ៊ុន​ សែន​ ដោយផ្ទាល់។

ក្នុង​ក្រុម​ប្រតិភូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក ហ៊ុន ម៉ាណែត រួម​និង​លោកឧកញ៉ា គិត​ ម៉េង​ផងដែរ​។

សារ​ព័ត៌មាន​ CCTV បាន​រាយការណ៍​ថា សម្ដេច​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​អាសន្ន​រោគ​កូរ៉ូណា ហើយ​ថា កម្ពុជា​ជឿ​ជាក់​ថា ប្រទេស​ចិន​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់​រហ័ស។

សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ទៀត​ថា ប្រជា​ជន​កម្ពុជា នឹង​ចែក​រំលែក​ការ​លំបាក​របស់​ប្រជា​ជន​ចិន​ នេះ​បើ​តាម​ CCTV។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី Hua Chunying (​អ្នក​នយោបាយ​ចិន​ និង​ជា​ប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ចិន​) បាន​ថ្លែង​ថា ប្រទេស​ចិនពិត​ជា​យល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ចំពោះ​និស្សិត​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Wuhan។

លោក​ស្រី​ Hua Chunying បន្ត​ថា ប្រទេស​ចិន​យក​ចិត្តទុក​ដាក់​លើ​សុវត្ថិ​ភាព​របស់​និស្សិត​កម្ពុជា​ ហើយ​ថា​នឹង​បន្ត​ប្រឹង​ប្រែង​ការ​ពារ​ពួកគេ​ដូច​ទៅ​នឹង​ប្រជាជន​ចិន​៕

ប្រភព៖ សារព័ត៌មាន​បរទេស

Advertisement