គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

មន្ត្រីសាធារណៈសុខាភិបាលចិនបានបញ្ជាក់ថា អ្នកផ្ទុកមេរោគដែលមិនទាន់បញ្ចេញអាការរោគ ក៏អាចចម្លងមេរោគបានដែរ ហើយអ្នកជំងឺដែលបង្ហាញអាការមិនច្រើនប៉ុន្មាន ក៏គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែកដែរ ដោយសារតែថ្មីៗនេះ មានទារកទើបកើតនៅក្នុងទីក្រុងវូហានបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទាំងទើបតែបានបើកភ្នែកមើលពិភពលោកនេះត្រឹមតែ 30ម៉ោងប៉ុណ្ណោះ តែបច្ចុប្បន្នអាការមិនបង្ហាញពីភាពធ្ងន់ធ្ងរទេ។ ករណីនេះបានក្លាយជារឿងមួយដែលសាងនូវក្ដីវិតក្កកង្វល់ និងភ័យព្រួយយ៉ាងខ្លាំងអំពីការឆ្លងមេរោគតាំងតែពីនៅក្នុងគភ៌របស់ទារក។

សារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី5កុម្ភៈ)ថា មានរបាយការណ៍មួយបានឱ្យដឹងថា ទារកទើបនឹងកើតនៅក្នុងទីក្រុងវូហានបានក្លាយជាអ្នកឆ្លងមេរោគវីរុសកូរ៉ូណា បន្ទាប់ពីប្រសូតចេញមកបានត្រឹមតែ 30ម៉ោងប៉ុណ្ណោះ…រឿងនេះបានសាងនូវក្ដីវិតក្កកង្វល់យ៉ាងខ្លាំងអំពីភាពដែលអាចទៅរួចដែលថា ទារកតូចៗទាំងឡាយអាចនឹងមានការឆ្លងមេរោគតាំងពីនៅក្នុងគភ៌ម្ដាយម្ល៉េះ។

ដោយមានអំណះអំណាងពីប្រភពព័ត៌មាននៅក្នុងមន្ទីរពេទ្យកុមារក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ស្ថានីយទូរទស្សន៍របស់រដ្ឋចិន CCTV បានរាយការណ៍ថា រកឃើញទារក 2នាក់មានលទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” ជាទារកដែលមានអាយុតិចបំផុតត្រឹមតែ 30ម៉ោងប៉ុណ្ណោះ។

“ម្ដាយរបស់ទារកទើបនឹងកើតនោះជាអ្នកជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តែបច្ចុប្បន្ននេះ សញ្ញាជីពចររបស់ទារកនៅស្មើរនៅឡើយ”

ហ្សេង លីង កុង វេជ្ជបណ្ឌិតចាស់វស្សាប្រចាំផ្នែកទារកទើបនឹងកើតបាននិយាយថា ករណីនេះ ជាការបញ្ជូនសញ្ញាមួយឱ្យយើងដឹងថា “យើងត្រូវតែព្រួយបារម្ភអំពីការឆ្លងមេរោគបែបថ្មីរបស់មេរោគវីរុសកូរ៉ូណា”

សៅ ម៉នីង ផូស្ត បានរាយការណ៍ទៀតថា មន្ត្រីសាធារណៈសុខាភិបាលចិនបានចង្អុលបង្ហាញថា អ្នកជំងឺឆ្លងមេរោគដែលមិនទាន់បង្ហាញអាការ ក៏អាចចម្លងមេរោគបានដែរ ដូច្នេះអ្នកជំងឺដែលបង្ហាញអាការមិនទាន់ច្បាស់ គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក។

លី ស៊ិង វ៉ាង ប្រធានផ្នែកជំងឺឆ្លង ប្រចាំនៅមន្ទីរពេទ្យប៉េកាំង ឌិតាន់ យល់ឃើញថា អ្នកជំងឺដែលមិនទាន់បង្ហាញអាការច្រើននោះ “ពាក់ព័ន្ធ” និង “ទទួលមេរោគ” ពីអ្នកជំងឺដែលបញ្ចេញអាការច្បាស់លាស់។

“ក្រុម “អ្នកចម្លង” ទាំងនោះ មានមេរោគវីរុស និងអាចចម្លងមេរោគបាន ហើយចំនួនវីរុសនេះ វាសម្ព័ន្ធជា មួយនឹងករណីដែលថា តើមានអាការឈឺថ្កាត់ច្រើន ឬតិចប៉ុនណា? ដែលមានន័យថា អ្នកជំងឺដែលមានផ្ទុកមេរោគក្នុងចំនួនតិចតួច នឹងមានសមត្ថភាពក្នុងការចម្លងតិចតួចដែរ”

ក្នុងការណែនាំនៃវិធីការព្យាបាល និងការវិនិច្ឆ័យថ្មី ដែលចេញមកពីគណៈកម្មការសុខភាពជាតិចិន (National​ Health Commission) ដែលបានបញ្ចេញមកកាលពីថ្ងៃពុធម្សិលមិញ បានរៀបរាប់ថា ក្នុងក្រុមមនុស្សដែលបញ្ចេញអាការមិនច្រើនប៉ុន្មាន ដូចជា មានគ្រុនក្ដៅខ្លួន អស់កម្លាំង និងក្អក តែគ្មានការឆ្លងមេរោគនៅក្នុងសួត គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក ដើម្បីបញ្ឈប់ការចម្លងមេរោគបន្ថែម។

ក្រៅពីនេះ នៅក្នុងការណែនាំនេះ បានរៀបរាប់ទៀតថា ការឆ្លងមេរោគតាមប្រព័ន្ធរំលាយអាហារ និងការឆ្លងមេរោគតាមរយៈខ្យល់អាកាស ជាច្រកផ្លូវមួយទៀតរបស់ការឆ្លងរាលដាលនៃជំងឺមេរោគវីរុសកូរ៉ូណា ក្រោយពីរកឃើញកាកសំណល់របស់វីរុសនៅក្នុងលាមករបស់អ្នកជំងឺ។

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី បានឱ្យដឹងទៀតថា ការឆ្លងមេរោគ 2ច្រកផ្លូវនេះ អាចនិយាយបានថា ជាភាពអាចទៅរួចមួយដែលប្រហែលជានៅត្រូវការការអះអាងបញ្ជាក់បន្ថែមទៀតជាបន្ត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement