ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

ឱសថការីកំលោះជនជាតិចិនម្នាក់ បានធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្វើការយ៉ាងខ្លាំងក្លាជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងរាលដាលយ៉ាងសាហាវនៅក្នុងប្រទេសចិន។

កាលពីថ្ងៃទី4 កុម្ភៈ ទីភ្នាក់ងារព័ត៌មាន វើលដ៍ អហ្វ បាហ្ស បានរាយការណ៍តាមរយៈសារព័ត៌មាន ដឹ ផេភើរ ថា ឱសថការីកំលោះជនជាតិចិនបានធ្លាក់ខ្លួនឈឺ និងបានស្លាប់ ក្រោយពីធ្វើការយ៉ាងខ្លាំងក្លាឥតឈប់សម្រាកជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូនឹងមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវនោះ។

ឱសថការី សុង យីងជី អាយុទើបតែ 28ឆ្នាំ ជាអនុប្រធានផ្នែកឱសថស្ថាន មានចំណែករួមយ៉ាងខ្លាំងក្នុងការថែរក្សាព្យាបាលអ្នកឆ្លងមេរោគទាំងអស់ នៅឯមជ្ឈមណ្ឌលសុខភាពក្នុងអនុមណ្ឌលហ៊ឹងសាន មណ្ឌលហ៊ូណាន ភាគកណ្ដាលប្រទេសចិន ដែលនៅជាប់នឹងមណ្ឌលហ៊ូពេយ ដើមកំណើតនៃការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មីពីទីក្រុងវូហាន។

ឱសថការី សុង យីង ជី មានតួនាទីទទួលខុសត្រូវក្នុងការចែកចាយវេជ្ជភណ្ឌទៅឱ្យមិត្តរួមការងារ បានខំប្រឹងធ្វើការយ៉ាងឥតឈប់សម្រាកជាប់ៗគ្នា 9យប់ 10ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

រហូតមកដល់ថ្ងៃទី3 កុម្ភៈ ឱសថការី សុង ធ្វើការរួចរាល់ក្នុងវេនពេលអធ្រាត្រ និងត្រឡប់ទៅបន្ទប់វិញដើម្បីគេងសម្រាក មុននឹងមិត្តរួមការងារប្រទះឃើញរូបគេបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គេ។ សន្និដ្ឋានថា គេអាចនឹងស្លាប់ដោយសារបេះដូងឈប់ដំណើរការមួយខណៈពេលភ្លាមៗ ដោយសារតែការធ្វើការងារយ៉ាងខ្លាំងឥតឈប់សម្រាកកាលពីពេលកន្លងមក។ ខណៈនេះ មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់នេះជាបន្ត៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement