ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

ក្រុមអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាប្រភេទ nCoV នឹងត្រូវបានពិសោធនៅលើសត្វ នៅដើមសប្ដាហ៍ក្រោយនេះហើយ។

ក្រុមអ្នកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេស ដែលកំពុងព្យាយាមបង្កើតវ៉ាក់សាំងការពារមេរោគកូរ៉ូណាប្រភេទថ្មី បាន​​ឱ្យដឹងថា ពួកគេបានរកឃើញវិធីថ្មីមួយ ដែលអាចជួយកាត់បន្ថយរយៈពេលនៃការបង្កើតវ៉ាក់សាំងដែលធ្លាប់តែត្រូវចំណាយពេល 3ឆ្នាំ ឱ្យចុះមកនៅត្រឹមតែ14ថ្ងៃវិញ។

សាស្ត្រាចារ្យ Robin Shattock ប្រធានផ្នែករោគឆ្លងនៃសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានធ្វើតេស្តនៅលើសត្វនៅដើមសប្ដាហ៍ក្រោយនេះ។ តាមគម្រោង ការពិសោធន៍​នេះក៏នឹងត្រូវធ្វើឡើងនៅលើរាងកាយមនុស្សក្នុងរដូវក្ដៅឆ្នាំនេះផងដែរ។

សាស្ត្រាចារ្យ Robin Shattock ថ្លែងថា ៖ “ជាមួយនឹងប្រភពជំនួយគ្រប់គ្រាន់ យើងខ្ញុំអាចសម្រេចកិច្ចការនេះក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ វានឹងមិនទាន់ហួសពេលទេ ដើម្បីធ្វើសកម្មភាពក្នុងករណីជំងឺនេះក្លាយជាមហាអាសន្នរោគ និងរាតត្បាតខ្លាំងក្នុងពិភពលោក។ យើងខ្ញុំមិនទាន់មានព័ត៌មានច្រើននៅឡើយ ប៉ុន្តែវីរុសនេះអាចនឹងថមថយទៅវិញក្នុងរដូវក្ដៅ គឺដូចនឹងមេរោគផ្ដាសាយដែរ”។

រាជរដ្ឋាភិបាលអង់គ្លេស បានត្រៀមយន្តហោះរួចរាល់សម្រាប់ជើងហោះហើរចុងក្រោយទៅកាន់ក្រុង Wuhan ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួនត្រឡប់មកកាន់ស្រុកកំណើតវិញ។ ជើងហោះហើរនេះនឹងចេញដំណើរនៅព្រឹកថ្ងៃទី 9កុម្ភៈខាងមុខ។

ក្រសួងការបរទេសអង់គ្លេសបានសង្កត់ធ្ងន់ថា អង់គ្លេសចង់ធានាឱ្យបានប្រាកដថា ពលរដ្ឋអង់គ្លេសទាំងអស់ នឹងបានចុះឈ្មោះបើសិនមានបំណងត្រឡប់មកប្រទេសវិញ។ មកដល់ពេលនេះ មានពលរដ្ឋអង់គ្លេសសរុប 94​នាក់ហើយដែលបានដឹកពីក្រុង Wuhan ត្រឡប់មកប្រទេសវិញដោយជើងហោះហើរ 2ជើងមុននេះ។

ប្រទេសអង់គ្លេសបានចំណាយប្រាក់ 20លានផោន (26លានដុល្លារ) ទៅឱ្យសម្ព័ន្ធនវានុវត្តន៍ទប់ស្កាត់ការរីក​រាលដាលមេរោគ ហៅកាត់ថា CEPI (Coalition for Epidemic Preparedness Innovations)។ អង្គការអន្តរជាតិនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2017 ដើម្បីទប់ទល់នឹងវិបត្តិសុខភាពមានលក្ខណៈជាសកល។

ចាប់តាំងពីមេរោគកូរ៉ូណាបានចាប់ផ្ដើមរាតត្បាត ប្រទេសជាច្រើនក្នុងពិភពលោកក៏បានចាប់ផ្ដើមរិះរកវិធីបង្កើតវ៉ាក់សាំងសម្រាប់ប្រឆាំងមេរោគនេះ។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនក៏បានប្រើប្រាស់ថ្នាំរម្ងាប់មេរោគដែលមានស្រាប់ ដើម្បីព្យាបាលមេរោគកូរ៉ូណាប្រភេទ nCoVនេះ។

នៅឯក្រុងបាងកកប្រទេសថៃ ក្រុមគ្រូពេទ្យបានប្រើប្រាស់ថ្នាំផ្ដាសាយ Oseltamivir ផ្សំជាមួយថ្នាំព្យាបាលជំងឺអេដស៍ (HIV) Lopinavir និង Ritonavir ដើម្បីព្យាបាលអ្នកជំងឺរលាកសួតកូរ៉ូណា។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អ្នកជំងឺទាំង 3នាក់ដែលបានទទួលការព្យាបាលនោះ មានអាការធូរស្បើយគួរជាទីត្រេកអរ។

ចំណែកអ្នកជំងឺដំបូងដែលមានផ្ទុកមេរោគ nCoV (មេរោគកូរ៉ូណាថ្មី) នៅអាមេរិក បានត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី3កុម្ភៈ បន្ទាប់ពីបានជោគជ័យក្នុងការព្យាបាលដោយប្រើថ្នាំរម្ងាប់មេរោគ Remdesivir។ នេះបើតាមសារព័ត៌មាន Telegraph។

ចំណែកក្រុមអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី អូស្ត្រាលី និងជប៉ុន ក៏កំពុងធ្វើការបណ្ដុះមេរោគកូរ៉ូណាប្រភេទថ្មី nCoV នៅខាងក្រៅប្រទេសចិន ដើម្បីបម្រើឱ្យការពិសោធស្រាវជ្រាវ។ ទាំងអស់នេះនឹងក្លាយជាការងារដែលមានន័យសម្រាប់ការកែច្នៃវ៉ាក់សាំង (យកវ៉ាក់សាំងរម្ងាប់មេរោគដែលមានស្រាប់មកថែមថយ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការព្យាបាលមេរោគកូរ៉ូណាថ្មី) ពិសោធន៍វ៉ាក់សាំង និងកាត់បន្ថយពេលវេលាក្នុងការធ្វើតេស្តរកមេរោគនៅលើអ្នកជំងឺ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement