អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ដល់ 638នាក់ ក្នុង​នោះ​ក៏មាន​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចេញ​ព័ត៌មានមុន​គេ​​អំពី​មេរោគ​នេះ​

គិត​មក​ត្រឹម​ព្រឹក​នេះ (7កុម្ភៈ) មាន​អ្នក​ស្លាប់​បន្ថែម​ដល់​ទៅ​ 73នាក់ កើន 12,9% ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុបទូទាំង​ពិភព​លោក​ ឡើង​ដល់ 638នាក់។

គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​បញ្ជាក់ថា​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា​​ចំនួន 69នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ខេត្ត​នេះកើន​ដល់ 618នាក់​។

ផែនទី​បង្ហាញ​ពី​ការ​រីក​រាល​ដាល​នៃ​មេរោគ​រលាក​សួត​ថ្មី Coronavirus 2019-nCoV

ខេត្ត​ Hubei ក៏​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ 2,447នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប​កើន​​ដល់ 22,112នាក់​។

នៅ​ទូទាំង​ប្រទេស​ចិន គិត​មក​ត្រឹម​ព្រឹក​នេះ ​អ្នក​ស្លាប់​សរុប ឡើង​ដល់ 637នាក់។ អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ ឡើង​ដល់ 31,161នាក់។

ដូច្នេះ នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ 638នាក់ រួម​និង​ករណី​ស្លាប់​ម្នាក់​នៅ​ហ្វីលីពីន​។ អ្នក​ដែល​កំពុង​ផ្ទុក​មេរោគ​នេះ មាន​ចំនួន 31.481នាក់ ក្នុង​នោះ​ 4,824នាក់​ កំពុង​ប្រឈម​និង​ហានិភ័យ​បាត់​បង់​ជីវិត​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន 1,563នាក់។

លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​បាន​បញ្ចេញ​ព័ត៌មាន​ដំបូង​ ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ប៉ុន្តែត្រូវ​អាជ្ញា​ធរ​ហៅ​ទៅ​ព្រមាន

នៅ​ក្នុង​ចំណោម​ករណី​ស្លាប់​ថ្មី​ ក៏​មាន​ឈ្មោះ​លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​ជា​អ្នក​ធ្លាប់​ត្រូវ​អាជ្ញាធរ​ហៅ​ទៅ​ព្រមាន​និង​ផ្ដិត​មេដៃ​ ដោយ​​ចោទ​ថា បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ស្ដី​អំពី​មេរោគ​កូរ៉ូណាដែល​កាល​ណោះ​មិន​ទាន់​មាន​អ្នក​ណា​ដឹង​នៅ​ឡើយ៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement