ប្រជា​ជន​ចិនកំពុងអាណិត​ ​ស្រណោះ​ “អ្នក​ក្លាហានដំបូង​គេ​ ដែល​បានព្រមានអំពី​​អាសន្នរោគ​កូរ៉ូណា”

អ្នក​ប្រើ​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​នាំ​គ្នា​សម្ដែង​​ការ​ស្ដាយស្រណោះ​​ចំពោះ​ការ​ចាក​ចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​​របស់​វេជ្ជ​បណ្ឌិត Li Wenliang ហើយ​ថា អាជ្ញា​ធ​រនៅ​ជំពាក់ពាក្យ​​សុំ​ទោស​ចំពោះ​គាត់​។

មន្ទីរ​ពេទ្យធំ​របស់​ក្រុង​ Wuhan កាល​ពី​ព្រឹក​មិញ​ បាន​បញ្ជាក់​នៅ​លើ​ទំព័រ Weibo​ របស់​ខ្លួន​ថា វេជ្ជ​បណ្ឌិត​ Li Wenliang អាយុ34ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដែល​បាន​បញ្ចេញ​សារ​ព្រមាន​អំពី​អាសន្នរោគ​រលាក​សួត​ថ្មី ពិត​ជា​បាន​បាត់​បង់​ជីវិត​នៅ​វេលា​ម៉ោង​2និង58នាទី (ប្រហែល​ម៉ោង​2 នៅ​ភ្នំពេញ​) ក្រោយ​ពី​បាន​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​ nCoV អស់​មួយ​រយៈ​ពេលមកនេះ​។

ព័ត៌មាន​ស្ដី​អំពី​ការ​ស្លាប់​របស់​គ្រូពេទ្យ​ខាង​លើ​នេះ​ត្រូវ​បាន​សារ​ព័ត៌មាន Global Times ដែល​គ្រប់​គ្រង​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន People’s Daily (អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​នីស​ចិន) បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter កាល​ពី​វេលា​ម៉ោង​ប្រហែល​20និង​40នាទីនៃ​ថ្ងៃ​ទី​6កុម្ភៈ​កន្លង​ទៅ​។ មិត្ត​ភក្ដិ​ និង​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ Wuhan ប្រាប់​ថា ការ​ស្លាប់​របស់់​គ្រូពេទ្យ​ Li Wenliang គឺ​បណ្ដាល​មក​ពី​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា nCoV នេះ​បើ​តាម​សារ​ព័ត៌មាន​ Global Times។

បន្ទាប់​ពី​​ការ​បាន​បង្ហោះ​សារ​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម​ Twetter ត្រឹម​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ អ្នក​លេង​បណ្ដាញ​​សង្គម​រាប់​ពាន់​នាក់​បាន​បញ្ចេញ​មតិ​សោក​ស្ដាយ​ និង​អាណិត​អាសូរ​ចំពោះ​​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​រូបនេះ​។

អ្នក​​លេង​បណ្ដាញ​សង្គម​ម្នាក់​បញ្ចេញ​មតិ​នៅ​ខាងក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរពេទ្យ​ក្រុង​ Wuhan ថា ៖ “យើង​ខ្ញុំនឹង​ចង​ចាំ​មិនភ្លេច​ចំពោះ​លោក​គ្រូពេទ្យ​ដែល​បាន​បញ្ចេញ​ព័ត៌មានដំបូង​គេ​​ទាក់​ទិន​នឹង​អាសន្ន​រោគ​នេះ ហើយ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ព័ត៌មានមិន​ពិត​។ តើ​យើង​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? ប្រការ​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន​នោះ​គឺ​មិន​ភ្លេច​គាត់​”។

Hashtag “គ្រូ​ពេទ្យ​ Li បាត់​បង់ជីវិត” ភ្លាម​នោះ​ ទទួល​បាន​ការ​ចូល​មើល​ និង​ការ​បញ្ចេញ​មតិ​រាប់​លាន​ដង​ នៅ​លើ​បណ្ដាញ​សង្គម Weibo។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អត្ថបទ​ដែល​បាន​បង្ហោះ​នៅ​លើគណនី​ Twitter របស់​ Global Times ក៏ត្រូវ​បាន​គេ​លុប​ចោល​។ ទំព័រ​សារ​ព័ត៌មាន​ផ្សេង​ៗ​របស់​រដ្ឋ​ចិន ក៏​បាន​លុប​ចោល​ព័ត៌​មាន​ដែល​ទាក់​ទិន​នឹង​ការ​ស្លាប់​របស់​​វេជ្ជ​បណ្ឌិត​វ័យ​ក្មេង​ ដោយ​មិនមាន​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​។

អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO ដំបូង​ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​វេជ្ជ​បណ្ឌិត​ Li Wenliang នៅ​លើ​ទំិព័រ Twetter ៖ “យើង​ខ្ញុំ​ពិត​ជា​ក្ដុក​ក្ដួល​​ចំពោះ​មរណភាព​របស់​វេជ្ជ​បណ្ឌិត​ Li Wenliang។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​លើក​តម្កើង​កិត្តិយស​នៃ​កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ​ ទាក់​ទិន​នឹង​ #nCoV2019″។ ប៉ុន្តែ ក្រោយ​មក មិន​ដឹង​មាន​មូល​ហេតុ​អ្វី WHO ក៏បាន​កែ​ប្រែ​អត្ថ​បទ​របស់​ខ្លួន ដោយ​សរសេរ​ថា ពួកគេ​ពុំ​មាន​ព័ត៌មាន​អ្វី​ស្ដីអំពី​ស្ថាន​ភាព​របស់​លោក​ Li Wenliang នោះ​ឡើយ​។

មនុស្ស​ជា​ច្រើន​កំពុង​តែ​សង្ឃឹមទៅ​លើ​អព្ភូត​ហេតុ​ដ៏​អស្ចារ្យ​មួយកើត​ឡើង​ ​ខណៈ​ដែល​មន្ទីរពេទ្យ​ធំ​របស់​ក្រុង​ Wuhan កាល​ពី​វេលា​ម៉ោង 00និង45នាទី​ ថ្ងៃ​ទី​7កុម្ភៈ​ ប្រកាស​ថា​ គ្រូពេទ្យ​ Li “កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​” ប៉ុន្តែ មិន​ទាន់​បាត់​បង់​ជីវិត​ដូច​ការ​រាយការណ៍​របស់​សារ​ព័ត៌មាននោះ​ទេ​។

“យប់​នេះ ពួក​យើង​​មិន​ដេក​នោះ​ទេ ពួក​យើង​គឺ​នៅ​រង់​ចាំ​អព្ភូត​ហេតុ​។ យប់​នេះ​យើង​ខ្ញុំមិន​បាច់​ដេក​ទេ ប៉ុន្តែ Li Wenliang ត្រូវ​តែ​រស់​”។

មនុស្ស​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​នៅ​លើគណនី​​បណ្ដាញ​សង្គម Weibo របស់​លោក​គ្រូ Li ដោយ​បួង​សួង​ឱ្យ​គាត់​អាច​បន្ត​បង្ហោះ​សារ​នៅ​លើ​ទំព័រ​របស់​គាត់ត​ទៅ​ទៀត​​។ ប្រហែល​ 2ម៉ោង​ក្រោយ​ការ​ប្រកាស​លើក​ទី​មួយ​របស់​មន្ទីរពេទ្យ​ធំ​នៅ​ក្រុង​ Wuhan មន្ទីរ​ពេទ្យ​នេះ​បាន​ចេញសេចក្ដី​​ប្រកាស​ជា​លើក​ទីពីរ។ អព្ភូត​ហេតុ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​រង់​ចាំ ពេល​នេះមិន​បាន​កើត​​សោះ​ឡើយ។ មន្ទីរពេទ្យ​ធំនៃ​ក្រុង​ Wuhan បាន​បញ្ជាក់​ថា លោក​គ្រូពេទ្យ​ Li បាន​បាត់​បង់​ជីវិត​ក្រោយ​ការ​ប្រកាស​ព័ត៌មាន​លើក​ទីមួយ​។

“អ្នក​ដែល​រក្សា​អណ្ដាត​ភ្លើង​ឱ្យ​ហ្វូង​មនុស្ស នឹង​ក្លាយ​ជា​មនុស្ស​ដែល​ស្លាប់​កក​ប្រាណ ព្រោះ​តែ​ខ្យល់​ និង​ព្រឹល” អ្នក​លេង​បណ្ដាញ​សង្គម​ នាំ​គ្នា​ចែក​រំលែក​តៗ​គ្នា​នូវ​ពាក្យ​មួយ​ឃ្លា​នេះ​ ដើម្បី​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​លា​ចាក​លោក​របស់​លោក​គ្រូពេទ្យ​ Li Wenliang។

ប្រធាន​បទ​ ” អាជ្ញា​ធរ​ក្រុង Wuhan នៅជំពាក់​ពាក្យ​សុំ​ទោស​លោក​គ្រូ Li Wenliang” ដែល​គេ​យកមក​ជជែក​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ចិន​ Weibo បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​​រាប់​ម៉ឺន​នាក់ចូល​មក​បញ្ចេញ​មតិ មុន​ពេល​ប្រធាន​បទ​នេះ​ត្រូវ​បាន​លុប​ចេញ​។

“មនុស្ស​ពេញ​វ័យ​ជា​ច្រើន​នឹង​ដឹង​ខ្លួន​បន្ទាប់​ពី​យប់​នេះ ៖ ពិភព​លោក​មិន​ស្រស់​ស្អាត​ដូច​អ្វី​ដែល​យើង​បាន​ស្រមៃ​នោះ​ទេ​។​ អ្នក​ទាំង​អស់​មាន​ការ​ខឹង​សម្បា​ខ្លាំង​ដែរ​ទេ បើសិន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង មាន​សំណាង​គ្រប់​គ្រាន់​​ក្នុង​ការ​​បញ្ចេញ​មតិ​​ដើម្បី​​អនាគត​សង្គម? សូម​មេត្តា​ធានា​ឱ្យ​បាន​ប្រាកដ​ថា​ អ្នក​ទាំង​អស់​គ្នានឹង​ចង​ចាំ​ការ​ខឹង​សម្បា​នា​យប់​នេះ” នេះ​គឺជា​មតិ​មួយ​ដែល​ត្រូវ​គេ​យក​ចិត្ត​ទុក​ដាក់​ច្រើន​បំផុត​ ក្នុង​ចំណោម​មតិ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​ខាង​ក្រោម​សេចក្ដី​ប្រកាស​របស់​មន្ទីរ​ពេទ្យ​ធំ Wuhan។

Li Wenliang ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដែល​បាន​ចែករំលែក​ព័ត៌​មាន​ និង​ព្រមាន​អំពីអាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា (nCoV) នៅ​ប្រទេស​ចិន​។ ក្នុង​ថ្ងៃ​ទី​30 ខែ​ធ្នូ ឆ្នាំ​2019 Li Wenliang បាន​ផ្ញើ​សារ​ចូល​ក្នុង​ក្រុម​ WeChat របស់​គាត់​ដែល​មាន​មិត្ត​ភក្ដិ​របស់​គាត់​ 150នាក់​ ដែល​ជា​មិត្ត​ចាស់។ គាត់​បាន​ព្រមាន​អំពី​អ្នក​ជំងឺ​ 7នាក់​ដែលបាន​ឆ្លង​មេរោគ​មួយ​ប្រភេទ​ដែល​គាត់​យល់​ថា ដូច​ទៅ​នឹង​មេរោគ​​ផ្លូវ​ដង្ហើម​ SARS (Severe Acute Respiratory Syndrome) ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ2002 និង​បាន​សម្លាប់​មនុស្ស​ប្រមាណជា​800នាក់ នៅ​ទូទាំង​ពិភព​លោក។

សារ​របស់​លោក​គ្រូ Li បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ក្រុម​មន្ត្រីអាជ្ញាធរ​ក្រុង​​ បន្ទាប់​ពី​មនុស្ស​ម្នាក់​ក្នុង​ក្រុម​របស់​គាត់​ បាន​បង្ហោះ​រូប​ភាព​នៃ​ការ​ជជែក​របស់​ពួកគេ​នៅ​លើ​បណ្ដាញ​សង្គម​។ ក្រោយ​មក​ទៀត គ្រូពេទ្យ​7នាក់​ដែល​ស្ថិត​ក្នុងក្រុម​​ជជែក​របស់​លោក​គ្រូ Li ក៏បាន​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​កាន់​ក្រុម​ជជែក​ចំនួន​3ផ្សេង​ទៀត។

នៅ​ក្នុង​យប់​ដដែល​នោះ ក្រុម​មន្ត្រី​សុខា​ភិបាល​នៃ​ក្រុង​ Wuhan បាន​កោះ​ហៅ​លោក​គ្រូ Li ដោយ​ស្នើ​ឱ្យ​គាត់​និយាយ​អំពី​មូល​ហេតុ​ដែល​គាត់​បាន​ចែក​រំលែក​ព័ត៌៌​មាន​នេះ។ ថ្ងៃ​ទី3មករា ក្រុម​នគរ​បាលបាន​​ហៅ​គាត់​ទៅ​សួរ​នាំ ហើយ​បង្ខំ​ឱ្យ​គាត់​សន្យា​ថា “បាន​ចែក​រំលែក​ព័ត៌មានមិនពិត ធ្វើ​ឱ្យ​ច្របូក​ច្របល់​ក្នុង​សង្គមជាតិ”។

ថ្ងៃ​ទី​8មករា លោក​គ្រូ Li បាន​ពិនិត្យ​សុខ​ភាព​អ្នក​ជំងឺ​កូរ៉ូណាម្នាក់​។ ពីរ​ថ្ងៃ​ក្រោយ​មក លោក​គ្រូ Li ចាប់​ផ្ដើម​មាន​អាការ​ក្អក និង​ពិបាក​ដក​ដង្ហើម ប៉ុន្តែ ការ​ពិនិត្យ​ជា​ច្រើន​លើក​បង្ហាញ​ថា គាត់​មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា nCoV នោះ​ទេ​។ យ៉ាង​នេះ​ក្ដី គាត់​នៅ​តែ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​ដែល​កំពុង​មាន​ផ្ទៃ​ពោះ និង​កូន​តូច​របស់​គាត់​។ ឪពុក​ម្ដាយ​របស់​គាត់​ក៏​កំពុង​សម្រាក​ព្យា​បាល​​ដោយ​សារ​ជំងឺ​គ្រុនក្ដៅ​ ប៉ុន្តែ ពេល​នេះ​មិនដឹង​ថា ពួកគេ​បាន​ឆ្លង​មេរោគ​នេះ​ដែរ​ឬ​យ៉ាង​ណា? សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ចេញ​ផ្សាយ​ថា ប្រពន្ធ​របស់​គាត់​ក៏​បាន​ឆ្លង​មេរោគ​នេះ​ដែរ។

ថ្ងៃ​ទី12មករា គ្រូពេទ្យ​ Li បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​ថ្ងៃ​ទី1កុម្ភៈ គាត់​ត្រូវ​គេ​បញ្ជាក់​ថា មាន​ផ្ទុក​មេរោគ​​កូរ៉ូណា។ នៅ​ក្នុង​សំណេរ​ចុង​ក្រោយ​នៅ​លើ​គណនី​ Weibo លោក​គ្រូ Li រៀប​រាប់​អំពី​ស្ថាន​ភាព​ជំងឺ​របស់​គាត់ ហើយ​ទទួល​បាន​មតិ​រាប់​ម៉ឺន​ដែល​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​គាត់​។

ក្នុង​ចំណោម​មតិ​ទាំង​នោះ គេ​ឃើញ​មាន​មតិ​មួយ​ដែល​ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជាង​ 100,000លើក ដោយ​បាន​សរសេរ​ថា ៖ “លោក​គ្រូ Li លោក​ជា​គ្រូពេទ្យ​ដែល​ល្អ និង​មាន​បេះ​ដូង”។

មនុស្ស​ម្នាក់​ទៀត​ បាន​ហៅ​លោក​គ្រូ Li ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ “ព្យាការី” ទាំង​8រូប​ ៖ “ប្រជា​ជន​ទូទាំង​ប្រទេស រួម​គ្នា​សាមគ្គី​ជាមួយ​លោក”។

តុលាការ​កំពូល​ចិន កាល​ពី​ថ្ងៃ​ទី28មករា​ បាន​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ រិះ​គន់​ទៅ​លើ​ចំណាត់ការ​របស់​មន្ត្រី​នៅ​ Wuhan ដែល​បាន​ចោទ​ប្រកាន់​លោក​គ្រូ Li និង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​ថាបាន​ចែក​រំលែក​ព័ត៌មាន​ចចាម​អារ៉ាម។ មាន​ឃ្លា​មួយ​​សរសេរ​ថា “បើ​សិន​សាធារណជនស្ដាប់​ “ពាក្យ​ចចាមអារ៉ាម​” នោះ ហើយ​អនុវត្ត​វិធានការ​ទប់​ស្កាត់ ដូច​ជា​ពាក់​ម៉ាស​ការ​ពារ ឬ​សម្អាតមេរោគ​ និង​ជៀស​វាងការ​ទៅកាន់​ផ្សារ​លក់​សត្វ​រស់​ជា​ដើម ប្រាកដជា​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​បាន​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement