អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា កើន​ដល់​724នាក់ ខណៈ​អ្នក​ផ្ទុក​មេរោគ​ដែល​​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​ កើន​ដល់ 6,106នាក់​

មនុស្ស​ចំនួន 86នាក់​បន្ថែម​ទៀត​ហើយ​បាន​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា។ ចំនួន​នេះ​កើន​ឡើង​ 13,4% បើ​ធៀប​នឹង​ចំនួន​អ្នក​ស្លាប់​កាល​ពី​ម្សិល​មិញ។ ករណី​ស្លាប់​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​​ដល់ 724នាក់​។

គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​បន្ថែម​ 81នាក់ គឺ​ច្រើន​ជាង​12នាក់​ បើ​ធៀប​នឹង​ម្សិល​មិញ។ ប្រការ​នេះ​ បាន​បង្កើន​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ​ ឡើង​ដល់ 699​នាក់​។

ខេត្ត Hubei ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​នេះ​បន្ថែម​ 2,841ករណី នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ ឡើង​ដល់ 24,953នាក់។

គណៈកម្ម​ការ​សុខា​ភិបាល​ចិនឯណោះ​វិញ ក៏​បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​នៅ​ទូទាំង​ប្រទេស​ចិន​ដីគោក គឺ​ 86នាក់។ ចំនួន​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ពិភព​លោក​ កើន​ដល់ 722នាក់។ ចំណែក​អ្នក​ឆ្លង​ថ្មី​​ មាន​ចំនួន 3,385នាក់ ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ដីគោក ឡើង​ដល់ 34,546នាក់។

ដូច្នេះ គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំងពិភព​លោក មាន​អ្នក​ស្លាប់​សរុប​ 724នាក់ រួ​មទាំង​អ្នកស្លាប់​ម្នាក់​នៅ​ហ្វីលីពីន​ និង​ម្នាក់​នៅ​ហុង​កុង។ ចំណែក​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភព​លោក​ក៏​កើន​ឡើង​ដល់​ 34,879នាក់ ក្នុង​នោះ​មាន 6,106​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​អាសន្ន​បំផុត៕

ប្រភព​៖ សារ​ព័ត៌​មាន​បរទេស

Advertisement