អាជ្ញាធរចិន មិនបានសុំទោសចំពោះ​សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលត្រូវមហា​ជន​ចាត់ទុកជា “វីរបុរសប្រឆាំងកូរ៉ូណា”

មន្ត្រីចិនមិនបាន​ឆ្លើយតប​ទៅ​នឹងសំណួរ​ដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” នោះ​ទេ ផ្ទុយ​ទៅ​វិញ គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​ប៉ុណ្ណោះ។

ក្នុងសន្និសីទសារព័ត៌មាននៅហុងកុងកាលពីម្សិលមិញ តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng បានអានសេចក្ដីប្រកាសដ៏ខ្លីមួយដែលផ្ញើមកពីអាជ្ញាធរក្រុង Wuhan សម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានបាត់បង់ជីវិតកាលពីព្រឹកម្សិលមិញ (7កុម្ភៈ ឆ្នាំ2020) ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី nCoV។

តំណាងក្រសួងការបរទេសចិនប្រចាំ​ក្រុង​ហុងកុង លោក Xie Feng

តំណាងក្រសួងការបរទេសចិន បានបន្តថា មេរោគកូរ៉ូាណា nCoV នេះ អាចត្រូវបានទប់ស្កាត់ និងព្យាបាលជាសះស្បើយ ហើយថា ការជឿជាក់នេះកើតចេញពីកម្លាំងនៃប្រព័ន្ធសុខាភិបាលប្រទេសចិន។ លោកក៏បាន​កោតសរសើរ​ចំពោះល្បឿននៃប្រតិកម្មរបស់ក្រុងប៉េកាំងចំពោះអាសន្នរោគនេះ​ ខណៈដែលរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវបានប្រមូលផ្ដុំ និង​សាមគ្គី​គ្នាជា​ធ្លុង​មួយ។

សូម​រំឭក​ថា អ្នកប្រើបណ្ដាញសង្គមនៅប្រទេសចិន បាននាំគ្នាសម្ដែងការស្ដាយស្រណោះចំពោះការចាកចេញដោយ​គ្មាន​ថ្ងៃ​ត្រឡប់​របស់វេជ្ជបណ្ឌិត Li Wenliang ហើយថា អាជ្ញាធរនៅជំពាក់ពាក្យសុំទោសចំពោះគាត់។

Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។

បន្ទាប់ពីបែកធ្លាយសារខាងលើ ក្រុមមន្ត្រីសុខាភិបាលនៃក្រុង Wuhan បានកោះហៅលោកគ្រូ Li ដោយស្នើឱ្យគាត់និយាយអំពីមូលហេតុដែលគាត់បានចែករំលែកព័ត៌៌មាននេះ។ ថ្ងៃទី3មករា ក្រុមនគរបាលក៏បានហៅគាត់ទៅសួរនាំ ហើយបង្ខំឱ្យគាត់សន្យាថា “បានចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យច្របូកច្របល់ក្នុងសង្គមជាតិ”។

បើទោះជាមានការខឹងសម្បាខ្លាំងពីមជ្ឈដ្ឋានទូទៅ មន្ត្រីតំណាងក្រសួងការបរទេសចិនលោក Xie Feng ក៏នៅតែមិនឆ្លើយតប​នឹងសំណួរដែលសួរថា “តើអាជ្ញាធរនឹងសុំទោសចំពោះ​ការស្លាប់របស់លោកគ្រូពេទ្យ Li Wenliang ដែរ ឬអត់?” ផ្ទុយ​ទៅ​វិញ លោក Xie Feng គ្រាន់តែអានសេចក្ដីប្រកាសចូលរួមរំលែកទុក្ខ​តែ​ប៉ុណ្ណោះ។

លោកគ្រូពេទ្យ Li Wenliang ដែល​ត្រូវ​មហា​ជន​ចិន​ ចាត់​ទុក​ជា​វីរបុរស​ប្រឆាំងអាសន្ន​រោគ​កូរ៉ូណា

លោក Xie Feng បានប្រកាសថា ពលរដ្ឋចិនមានសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានបានពេញ​លេញ​ទៅ​តាមច្បាប់។ លោកថា ៖ “បើសិនប្រើអ៊ីនធើណិត អ្នកនឹងបានឃើញថា អ្នករាល់គ្នាអាចបញ្ចេញមតិអំពីបញ្ហាអាសន្នរោគដោយសេរី និងសកម្មបែបណា”។

សូមបញ្ជាក់ថា អាសន្នរោគកូរ៉ូណា បានចាប់ផ្ដើមឆ្លងរាលដាលតាំងពីចុងឆ្នាំ 2019 នៅក្រុង Wuhan ប្រទេស​ចិន ហើយមកទល់នឹងពេលនេះ អាសន្នរោគនេះ បានសម្លាប់មនុស្ស 724នាក់ និង​​អ្នក​ជំងឺ​ 6,106​នាក់​ផ្សេង​​​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement