ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ បាន​កើន​លើស​ពី​អាសន្ន​រោគ SARS ទៅ​ហើយ

អ្នក​ស្លាប់​បន្ថែម​ 97នាក់ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា គឺ​កើន​11,9% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 910នាក់ ច្រើន​ជាង​ជិត​100នាក់ បើ​ធៀប​នឹង​អាសន្ន​រោគ​ SARS។

គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hebei នៃប្រទេស​ចិន ព្រឹក​នេះ​បាន​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​បន្ថែម​ចំនួន 91នាក់ ដោយ​សារ​បាន​ឆ្លង​មេរោគ​ដ៏​កំណាច​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ខេត្ត​ Hubei ឡើង​ដល់ 871 នាក់។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ CNN។

ខេត្ត​ Hubei ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មីចំនួន 2,618នាក់​ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​ការ​បាន​ឆ្លង​មេរោគ​នេះនៅ​ខេត្ត Hubei កើន​ឡើង​ដល់​ 29,631នាក់​។

គណៈកម្មការ​សុខា​ភិបាល​ជាតិ​របស់​ចិន ក៏​បាន​ប្រកាស​ដែរ​ថា ចំនួន​អ្នក​ស្លាប់​ថ្មី​នៅ​ទូទាំង​ប្រទេស​​ចិន​ គឺមាន​​ 97​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៃ​ប្រទេស​នេះ​ កើន​ដល់ 908នាក់។

ដូច្នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​​ទូទាំង​ពិភព​លោក សរុបមាន 910នាក់ ក្នុង​នោះ មាន​2នាក់​ ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​ដី​គោក ពោល​គឺ​1ករណី​នៅ​ហុង​កុង និង​1ករណី​ទៀត​នៅ​ហ្វីលីពីន។ ចំនួន​ខាង​លើ​នេះ បាន​លើស​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ​ SARS ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ 2002-2003 នេះ​បើ​តាម​អង្គការ​សុខ​ភាព​ពិភព​លោក​។

គណៈកម្មការ​សុខាភិបាល​ចិន ក៏​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​ បច្ចុប្បន្ន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​បន្ថែម​ចំនួន 3,062នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ នៅ​ប្រទេស​ចិន​ដី​គោក សរុប​ឡើង​ដល់​ 40,171នាក់៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement