ដំណឹង​ល្អ! ម៉ាស់​​ដែល​មាន​ស្រោប​ជាតិ​អំបិល អាច​កម្ចាត់​វីរុស​កូរ៉ូណា

ក្រុម​អ្នក​វិទ្យា​សាស្ត្រនៅ​តំបន់ Alberta បាន​ធ្វើ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ស្រោប​អំបិល​ទៅ​លើ​ម៉ាស់ ដើម្បី​ទប់​ទល់​នឹង​ការ​រាត​ត្បាត​របស់​មេរោគ​កូរ៉ូណា​ថ្មី​ (2019-nCoV) ព្រោះ​ថា រចនា​សម្ព័ន្ធ​ម៉ូលេគុលរបស់​អំបិល​ មាន​ជ្រុង​ស្រួច​​ និង​រឹង​ដ៏​ច្រើន​ ដែល​អាច​ចាក់​ទម្លុះ និង​សម្លាប់​វីរុស​នេះ​បាន​។

ម៉ាស់​ការ​ពារ​ការ​ឆ្លង​មេរោគដែលមនុស្ស​ភាគ​ច្រើន​​ប្រើប្រាស់​សព្វ​​ថ្ងៃ​នេះ​ អាច​បង្ក​ការ​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ឱ្យ​ត្រូវ​ទៅ​តាម​ក្បួន​ពេទ្យ​។ អ្នក​ប្រើ​ប្រាស់​ ច្រើន​តែ​យក​ដៃ​ទៅ​ប៉ះ​ ចាប់​ទាញ ដើម្បី​សម្រួល​ ឬ​ផ្លាស់​ទី​ម៉ាស់ នៅ​ពេល​ត្រូវ​ការ​អេះ​រមាស់​ ឬ​ដោះ​ចេញ​ និង​ពាក់​ទៅ​វិញ​ជា​ញឹក​ញាប់​។ សកម្ម​ភាព​នេះ អាច​ជួយ​ឱ្យ​មេរោគ​ដែល​ជាប់​នៅ​លើ​ផ្នែក​ខាង​ក្រៅ​របស់​ម៉ាស់ មាន​ឱកាស​ជ្រែក​​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើមរបស់​មនុស្ស​។ ប៉ុន្តែ​វិស្វករ​ជីវៈវេជ្ជសាស្ត្រ និង​ជា​សាស្ត្រា​ចារ្យ​នៃ​សកល​វិទ្យាល័យ Alberta នៅ​ប្រទេស​កាណាដា លោក Hyo-Jick Choi បាន​រក​ឃើញ​វិធី​ដ៏​មាន​សក្ដានុពលមួយ​ នោះ​គឺ​បង្កើត​ប្រភេទ​ម៉ាស់​ដែល​អាច​កំចាត់​​មេរោគ​ចង្រៃ ជំនួស​ឱ្យ​ការ​ដែល​គ្រាន់​តែ​​ទប់​ស្កាត់​ពួកវា​។ ធាតុ​ផ្សំ​ដ៏​អាថ៌កំបាំង គឺ​អំបិលថ្លា​​មួយ​ប្រភេទ​។

ដោយ​សារ​តែ​រចនា​សម្ព័ន្ធ​ម៉ូលេគុល​អំបិល​​ប្រភេទ​គ្រាប់​ថ្លា មាន​ជ្រុង​ដ៏​ស្រួល និង​រឹង អាច​ចាក់​ទម្លុះ​រាង​កាយ​របស់​មេរោគ ធ្វើ​ឱ្យ​ពួក​វា​មិន​អាច​រស់​បាន​។ ក្រុម​របស់​លោក​ Choi បាន​ធ្វើ​ការ​ពិសោធ​ទៅ​លើ​ម៉ាស់ដែល​ស្រោប​ដោយ​ជាតិអំបិលក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ហើយ​បាន​រក​ឃើញ​ថា ផលិត​នេះ​អាច​កម្ចាត់​វីរុស​ផ្ដា​សាយ​ចំនួន​3ប្រភេទ​។ លទ្ធ​ផល​នៃ​ការ​ពិសោធ​​ខាង​លើ​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Scientific Reports ឆ្នាំ 2017។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា បច្ចេក​វិទ្យា​កម្ចាត់​មេរោគ​នេះ អាច​ជួយ​ដល់​​ការ​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​ឆ្លង​នានា ហើយ​ក៏​សង្ឃឹម​ថា អាច​បញ្ចេញ​ម៉ាស់​ប្រភេទ​នេះ ទៅ​ក្នុង​ទី​ផ្សារ​ក្នុង​អំឡុង​ពេល 18ខែ​ទៀត។

សាស្ត្រាចារ្យ Hyo-Jick Choi និង​សហការីនី

វីរុស​ជា​ច្រើន​ប្រភេទ​ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ ទៅ​មនុស្ស​ម្នាក់ តាម​រយៈ​ចំហាយ​ទឹក​មាត់ ឬ​កម្ទេច​ស្លេស្ម​ដែល​មនុស្ស​កណ្ដាស់​ ​ក្អក និយាយ​គ្នា ដង្ហើម ឬ​តោង​ជាប់​នៅ​លើ​ស្បែក​មនុស្ស ឬ​ផ្ទៃ​នៃ​វត្ថុ​អ្វី​មួយ​។ លោក Choi ថ្លែង​ថា “ភាគ​ល្អិត​នៃ​ជាតិ​ទឹក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ អាច​ហោះ​ទៅ​ជាប់​នឹង​ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស់។ ឧបសគ្គ​ធំ​បំផុត​របស់​ម៉ាស់​ធម្មតា​នា​បច្ចុប្បន្ន គឺ​មិន​អាច​កម្ចាត់​មេរោគ​ដែល​តោង​ជាប់​នៅ​លើ​ផ្ទៃ​ម៉ាស់ ដែល​នេះ​កំពុង​ធ្វើ​ឱ្យហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​ មាន​ការ​កើន​ឡើង​”។

ប៉ុន្តែ នៅ​ពេល​ដែល​បាន​ប្រើ​ប្រាស់​ម៉ាស់​ដែល​មាន​ស្រោប​ជាតិ​អំបិល​របស់​​លោក Choi ភាគ​ល្អិត​នៃ​ជាតិ​ទឹក​ដែល​មាន​ផ្ទុក​មេរោគ​ នឹង​ចាប់​ផ្ដើម​​បឺត​យក​ជាតិ​អំបិល។ បន្ទាប់​ពី​ជាតិ​សំណើម​ហួត​អស់ អ្វី​ដែល​នៅ​សល់​នោះ​គឺវីរុស និង​ជាតិ​អំបិល។ ជ្រុង​ស្រួច​រឹង​នៃ​អំបិល​ ក៏​ចាប់​ផ្ដើម​បុក​ទៅ​លើ​មេរោគ ហើយ​សម្លាប់​​ពួកវា។ នៅ​ក្នុង​ការ​ពិសោធ វីរុស​ត្រូវ​បាន​កម្ចាត់​ក្នុង​អំឡុង​ពេល​5នាទី ហើយ​ត្រូវ​សម្លាប់​ចោល​ទាំង​ស្រុង ក្នុង​អំឡុង​ 30នាទី​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សាស្ត្រា​ចារ្យ​ Choi។

កាសែត Business Insider បាន​ឱ្យ​ដឹង​ថា សាស្ត្រាចារ្យ​ Choi បាន​នឹក​ឃើញ​វិធីស្រោប​អំបិល​ទៅ​លើ​ម៉ាស់​នេះ បន្ទាប់​ពី​គាត់​បាន​បរាជ័យ​ក្នុង​ការ​ពិសោធ​ផ្សេង​មួយ​។ ពេល​នោះ គាត់​រក​វិធី​បង្កើត​វ៉ាក់​សាំង​មួយ​ប្រភេទ​សម្រាប់​ផឹក​។ ក្នុង​អំឡុង​ពេល​នោះ ប្រភេទ​ខ្សោយ​នៃ​មេរោគ​មួយ​ប្រភេទ​ដែល​ត្រូវ​លាយ​បញ្ចូល​ក្នុង​ធាតុ​រាវ​នៃ​ជាតិ​ស្ករ​ ប៉ុន្តែ រចនា​សម្ព័ន្ធ​របស់​ស្ករ ធ្វើ​ឱ្យ​គ្រាប់​វីរុស​ត្រូវ​ដាច់រហែក​​ជា​បន្ត​បន្ទាប់​ បណ្ដាល​ឱ្យ​វ៉ាក់​សាំង​បាត់​បង់​ប្រសិទ្ធ​ភាព​។ Ilaria Rubino ដែល​កាល​ណោះ​ជា​និស្សិត​ថ្នាក់​បណ្ឌិត​ ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​ពិសោធ​របស់ Choi នៅ​ឯ​សកល​វិទ្យា​ល័យ​ Alberta បាន​បក​ស្រាយ​ថា ៖ “ប្រភេទ​គ្រាប់​ថ្លា​នៃ​រូប​មន្ត​ដែល​មា​ន​ជាតិ​ស្ករ ធ្វើឱ្យ​វ៉ាក់​សាំង​បាត់​បង់​ស្ថេរ​ភាព​។ យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឆ្ងល់​ថា​ តើ​ការ​កក​នៃ​ជាតិ​អំបិល អាច​កម្ចាត់​មេរោគ​បាន​ដែរ​ ឬ​អត់?”។

ដូច្នេះ ក្រុម​របស់​លោក​ Choi ក៏បាន​ចាប់​ផ្ដើម​សិក្សា​ និង​អភិវឌ្ឍ​ស្រទាប់​អំបិល ហើយ​បញ្ចូល​វា​ទៅ​​លើ​សរសៃ​នៃ​ស្រទាប់​ចម្រោះ​មេរោគ​របស់​ម៉ាស់។ ក្រោយ​មក ពួក​គេ​បាន​ផលិត​ម៉ាស់​ប្រទេស​នេះ និង​ធ្វើ​ការ​ពិសោធ​។ លោក​ Choi បាន​ដាក់​ពាក្យ​ស្នើ​សុំ​បណ្ណ​កម្មសិទ្ធិ​បញ្ញា​ទាក់​ទិន​នឹង​​បច្ចេក​វិទ្យា​នេះ​។ Choi និង Rubino កំពុង​មាន​គម្រោង​សហការ​ជាមួយ​ក្រុម​ហ៊ុន​នានា ដើម្បី​ផលិត​ម៉ាស់​ដែល​មាន​ស្រោប​អំបិល​ ដើម្បី​បញ្ចេញ​លក់​ក្នុង​ទី​ផ្សារ​ក្នុង​អំឡុងប្រហែល​​2ឆ្នាំ​ទៀត​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស

Advertisement