ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា កើន​ដល់​ 1,018នាក់ ឯ 7.345​នាក់ផ្សេង​ទៀត កំពុង​ប្រឈម​នឹង​ការ​ស្លាប់

អ្នក​ជំងឺ​រលាក​សួត​ដែល​បាត់​បង់​ជីវិត​ ​ត្រូវ​គេ​រាយ​ការ​ណ៍​ព្រឹក​នេះថា មាន​ចំនួន 108នាក់ កើន​11,8%​ បើ​ធៀប​នឹង​ម្សិល​មិញ​ ធ្វើ​ឱ្យអ្នក​ស្លាប់​សរុប​ឡើង​ដល់ 1,018នាក់ និង​អ្នក​បាន​ឆ្លង​ 43.098នាក់។

គណៈកម្មការ​សុខា​ភិបាល​ខេត្ត​ Hubei នៃ​ប្រទេស​ចិន ថ្ងៃ​នេះបាន​ប្រកាស​ថា ខេត្ត​នេះ​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា ប្រភេទ nCoV ចំនួន 103នាក់ និងករណី​បាន​ឆ្លង​មេរោគ​បន្ថែមចំនួន 2,097នាក់ ធ្វើ​ឱ្យចំនួន​អ្នក​ស្លាប់​សរុប​នៅ​ខេត្ត​ Hubei ឡើង​ដល់ 974នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ សរុប 31,728​នាក់។

នៅ​ទូទាំង​ប្រទេស​ចិន​ (ដីគោក) ករណី​ស្លាប់​ដោយ​សារ​អាសន្នរោគ​នេះ មាន​ចំនួន 1,011នាក់។ ចំណែក​អ្នក​មាន​ផ្ទុក​មេរោគ​​ មាន​ចំនួន​ 42,369នាក់។ រីឯអ្នក​ជំងឺ​ 4,051នាក់​ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។

សម្រាប់​ពិភពលោក​ទាំង​មូល មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ សរុប 1018នាក់ ក្នុង​នោះ​មាន​2ករណី ស្លាប់​នៅ​ខាង​​ក្រៅ​​​ប្រទេស​​ចិន​​ (ដីគោគ)​ គឺ​​ម្នាក់​នៅ​ហ្វី​លីពីន និង​ម្នាក់​ទៀត​នៅ​ហុង​កុង​។ ចំណែក​អ្នក​កំពុង​​ផ្ទុក​មេរោគ​កូរ៉ូណា​ កើន​ដល់ 43.098នាក់ ក្នុងនោះ​​មាន​អ្នក​ជំងឺចំនួន 7.345​នាក់ កំពុង​ស្ថិត​ក្នុងស្ថាន​ភាព​ធ្ងន់​ធ្ងរ​។ អ្នក​ដែល​បាន​ជាសះស្បើយ​ មាន​ចំនួន 4,043នាក់​។

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា បាន​កើន​លើស​ពី​813នាក់ ដែល​ជា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​អាសន្ន​រោគ SARS ដែល​​រាត​ត្បាត​ពិភព​លោក​ ចាប់​ពី​ឆ្នាំ 2002 ដល់ឆ្នាំ 2003។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO)៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement