គួរឱ្យព្រួយបារម្ភ! ការសិក្សាស្រាវជ្រាវថ្មីបំផុត៖ រយៈពេលនៃការសម្ងំលាក់ខ្លួននៃមេរោគកូរ៉ូណាក្នុងខ្លួនមនុស្ស អាចឡើងដល់ 24ថ្ងៃ

បើ​ពិត​ជា​ដូច​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​មែននោះ ការ​ឆ្លង​រាល​ដាល​នឹង​សាហាវ​ជាង​នេះ ព្រោះ​យើង​មិន​ដឹង​ថា អ្នក​ណា​កំពុង​មាន​ផ្ទុក​មេរោគ​នេះ

ការសិក្សាស្រាវជ្រាវថ្មីបំផុតទៅលើអ្នកជំងឺកូរ៉ូណា nCoV ចំនួន 1,099នាក់ នៅឯមន្ទីរពេទ្យចំនួន 552កន្លែង បានរកឃើញថា រយៈពេលនៃការសម្ងំលាក់ខ្លួនរបស់មេរោគនេះនៅក្នុងរាងកាយមនុស្ស គឺយូរជាងការណែនាំកន្លងមក ដែលថា មានរយៈពេលត្រឹមតែ 2សប្ដាហ៍។

អ្នកវិទ្យាសាស្ត្រចិនមួយក្រុមបានប្រកាសអំពីការរកឃើញខាងនេះនៅលើទំព័រសារព័ត៌មាន medRxiv កាលពីថ្ងៃទី9 កុម្ភៈ ឆ្នាំ2020។ របាយការណ៍ខាងលើនេះ ត្រូវបានសរសេរដោយអ្នកសិក្សាស្រាវជ្រាវចំនួន 37រូប ក្នុងនោះមាន លោកវេជ្ជបណ្ឌិត Zhong Nanshan ជាប្រធានក្រុមដែលត្រូវបានតែងតាំងដោយគណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន។ អ្នកវិទ្យាសាស្ត្រមួយក្រុមនេះ បានប្រមូលទិន្នន័យពីអ្នកជំងឺកូរ៉ូណាចំនួន 1,099នាក់មកពីមន្ទីរពេទ្យចំនួន 552កន្លែង នៅក្នុងខេត្តក្រុងចំនួន 31របស់ប្រទេសចិន។

លទ្ធផលនៃការវិភាគទិន្នន័យដែលប្រមូលបាន បានបង្ហាញថា រយៈពេលនៃការសម្ងំលាក់ខ្លួន ជាមធ្យមគឺ 3ថ្ងៃ ខ្លីជាង 5ថ្ងៃ បើធៀបនឹងការស្រាវជ្រាវកន្លងមក ប៉ុន្តែ រយៈពេលនៃការសម្ងំលាក់ខ្លួននៅក្នុងរាងកាយមនុស្សរបស់វីរុសកូរ៉ូណា nCoV នេះ អាចចាប់ពី 0 ដល់ 24ថ្ងៃមុននឹងបញ្ចេញអាការ មិនមែន 14ថ្ងៃដូចការអះអាងកន្លងមកនោះទេ ហើយក្នុងចំណោមអ្នកដែលបានឆ្លងមេរោគនេះ គឺមានតែពាក់កណ្ដាលប៉ុណ្ណោះដែលមានរោគសញ្ញាគ្រុនក្ដៅ នៅពេលគ្រូពេទ្យពិនិត្យលើកទី1។

អំពីអាការរោគវិញ គឺគ្រុនក្ដៅ (57.9%) និងក្អក (67.7%) គឺជារោគសញ្ញាដែលកើតមានច្រើនបំផុត ប៉ុន្តែ ក៏មានអ្នកជំងឺត្រឹមតែ 43.8% ប៉ុណ្ណោះ ដែលមានអាការដូចខាងលើ មុនពេលចូលពេទ្យ។ ចំណែករោគសញ្ញារាក មាន 3.7% និងក្អួតចង្អោរ 5% គឺមានតិចតួចណាស់។ អ្នកជំងឺប្រមាណជា 25.2% គឺតែងមានជំងឺសម្ពាធឈាមខ្ពស់ ឬជំងឺស្ទះដង្ហើម។

អ្នកជំងឺដែលមិនបានបង្ហាញរោគសញ្ញាគ្រុនក្ដៅនៅពេលបានឆ្លងមេរោគកូរ៉ូណានេះ មានអត្រាខ្ពស់ជាង បើធៀបនឹងការមិនបង្ហាញរោគសញ្ញានៃអ្នកជំងឺ SARS និង MERS។ អ្នកជំងឺប្រភេទនេះ អាចចម្លងទៅអ្នកដទៃច្រើននាក់ដោយស្ងាត់ៗ ព្រោះថា អ្នកជំងឺខ្លួនឯងផ្ទាល់ ព្រមទាំងគ្រូពេទ្យ មិនបានដឹងថា ខ្លួនឯងមានផ្ទុកមេរោគនេះទេ។

“ការរកឃើញរយៈពេលនៃការសម្ងំលាក់ខ្លួនក្នុងរាងកាយមនុស្សបន្ទាប់ពីឆ្លងចូលហើយ ដែលអាចអូសបន្លាយដល់ទៅ 24ថ្ងៃបែបនេះ គឺពិតជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ពិសេសចំពោះអ្នកដែលកំពុងត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា។ ក៏ប៉ុន្តែ រយៈពេលមធ្យមនៃការសម្ងំលាក់ខ្លួន គឺខ្លីណាស់ ពោលគឺត្រឹមតែ 3ថ្ងៃប៉ុណ្ណោះ។ ប្រការនេះ មានន័យថា ពាក់កណ្ដាលនៃអ្នកឆ្លងមេរោគនេះ នឹងបញ្ចេញរោគសញ្ញា ក្រោយពីបានឆ្លងមេរោគបាន 3ថ្ងៃ ហើយអត្រានៃអ្នកជំងឺដែលមានមេរោគសម្ងំលាក់ខ្លួនយូរ គឺមានកម្រិតទាប”។ នេះបើតាមលោក Paul Hunter ជាសាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ East Anglia នៃប្រទេសអង់គ្លេស។

ការសិក្សាស្រាវជ្រាវថ្មីនេះ ទទួលបានជំនួយផ្នែកហិរញ្ញវត្ថុពីអង្គភាព និងស្ថាប័នចំនួន4 របស់ចិន គឺក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មការវេជ្ជសាស្ត្រជាតិ សមាគមវិទ្យាសាស្ត្រធម្មជាតិ និងស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃខេត្តក្វាងតុង។ ក្រុមអ្នកវិទ្យាសាស្ត្រដែលបានធ្វើការសិក្សាស្រាវជ្រាវខាងលើនេះ អះអាងថា ការរកឃើញរបស់ពួកគេ មិនទាន់ទទួលបានការវាយតម្លៃណាមួយពីក្រុមអ្នកជំនាញនៅឡើយទេ។ អង្គការសុខភាពពិភពលោក WHO ក៏បានបង្ហើបឱ្យដឹងដែរថា អង្គការនេះនឹងមិនធ្វើការផ្លាស់ប្ដូរការណែនាំកន្លងមករបស់ខ្លួនដែលថា រយៈពេលនៃការសម្ងំលាក់ខ្លួនរបស់មេរោគកូរ៉ូណានេះ គឺ 2សប្ដាហ៍នោះឡើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement