“ប៉ាធីងហ្គា” ភយន្តរាយលំដាប់លេខ2 បន្ទាប់ពីវីរុសកូរ៉ូណា…

ខណៈដែលទូទាំងពិភពលោក កំពុងតស៊ូជាមួយការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 ដែលមានដើមកំណើតពីសត្វព្រៃនៅក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ក្នុងប្រទេសចិននោះ នៅឯភូមិភាគសមុទ្រខ្សាច់ “តំបន់ចុងពយ អាហ្វ្រិក” ក្នុងតំបន់អាហ្វ្រិកខាងកើត ក៏កំពុងប្រឈមនឹងភយន្តរាយពីសត្វដូចគ្នាដែរ តែវាគឺ ហ្វូង“សត្វកណ្ដូបប៉ាធីងហ្គា” ដែលកំពុងរាតត្បាតរាលដាលយ៉ាងខ្លាំក្លាដូចភ្លើងឆេះព្រៃចំនួនរាប់ម៉ឺនលានក្បាល ខាំស៊ីកម្ទេចផលដំណាំ និងរុក្ខជាតិខូចខាតស្ទើរតែគ្មានសល់អ្វី។

ហ្វូងប៉ាធីងហ្គា ឬសត្វកណ្ដូបពុកមាត់ខ្លីនេះ ចាប់ផ្ដើមរាតត្បាតមកពីប្រទេស “យេមែន” ហោះហើរឆ្លងសមុទ្រក្រហមចូលមកក្នុងតំបន់អាហ្វ្រិកខាងកើតតាំងពីចុងឆ្នាំកន្លងទៅ(ដូចវីរុសកូរ៉ូណាដែរ)ក្រោយពីមានភ្លៀងធ្លាក់នៅក្នុងប្រទេសយេមែន ធ្វើឱ្យពួកវាអាចបន្តបង្កាត់ពូជបានយ៉ាងលឿនរហ័សជាពិសេស និងក្នុង 1ថ្ងៃៗ ពួកវាអាចហើរបានឆ្ងាយដល់ទៅ 150គីឡូម៉ែត្រ និងមួយក្បាលៗនៅអាចស៊ីចំណីបានស្មើនឹងទម្ងន់ខ្លួនរបស់វាទៀតផង។

អង្គការស្បៀងអាហារ និងកសិកម្ម(FAO)នៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យគ្រប់ប្រទេសជួយគ្នាតស៊ូប្រយុទ្ធនឹងសត្វកណ្ដូបប៉ាធីងហ្គាតាំងពីពាក់កណ្ដាលខែមករា ឆ្នាំនេះមកម្ល៉េះ មុននឹងដល់រដូវប្រមូលផលក្នុងខែមេសា និងថែមទាំងបានព្រមានថា ប្រសិនបើ “ទប់ទល់មិនបាន” ក្នុងខែមិថុនា ពួកវានឹងកើនចំនួនទ្វេដងឡើងដល់ 500ដង!! និងអាចរាតត្បាតឆ្លងទៅដល់ឆ្នាំក្រោយ ឬឆ្នាំតៗទៅទៀតផង។

អង្គការសហប្រជាជាតិបានបញ្ជាក់ថា ការរាតត្បាតរបស់ហ្វូងសត្វកណ្ដូបប៉ាធីងហ្គាលើកនេះ ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល 70ឆ្នាំកន្លងមកក្នុងប្រទេសកេនយ៉ា និងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល 25ឆ្នាំក្នុងប្រទេសសូម៉ាលី និងអេត្យូពី រហូតដល់កាលពីដើមខែកុម្ភៈនេះ ប្រទេសសូម៉ាលី បានក្លាយជាប្រទេសដំបូងគេដែលបានប្រកាស”ស្ថានភាពអាសន្ន” ក្នុងប្រទេស ដើម្បីទប់ទល់នឹងគ្រោះភ័យដែលឈ្លានពានដោយសត្វកណ្ដូបប៉ាធីងហ្គា។

តែប្រទេសសូម៉ាលី មានបញ្ហាសន្តិសុខជាតិគ្មានស្ថិរភាព ទើបមិនអាចបញ្ជូនយន្តហោះឡើងទៅរោយថ្នាំសម្លាប់សត្វល្អិតដើម្បីកម្ចាត់ហ្វូងសត្វកណ្ដូបប៉ាធីងហ្គាបាននៅក្នុងតំបន់ជាច្រើន ធ្វើឱ្យការរាតត្បាតដ៏អាក្រក់នេះកាន់តែពង្រីកខ្លួនយ៉ាងធំទូលាយឡើង។ កសិករជាច្រើនខូចខាត និងបាត់បង់ទិន្នផលអស់យ៉ាងគ្មានសល់អ្វី ហុចផលប៉ះពាល់ដល់សន្តិសុខផ្នែកស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើង ខណៈដែលភូមិភាគនេះ មានមនុស្សអត់ឃ្លានយ៉ាងសែនលំបាកស្រាប់ទៅហើយចំនួនជាង 19លាននាក់។

ក្រៅពីសាងនូវភាពខូចខាតដល់ដំណាំកសិកម្មហួសនឹងបរិយាយហើយនោះ ហ្វូងសត្វកណ្ដូបប៉ាធីងហ្គា ថែមទាំងបង្កគ្រោះថ្នាក់ដល់ខ្សែផ្លូវហោះហើររបស់យន្តហោះទៀតផង ដូចជា កាលពីខែធ្នូ ឆ្នាំកន្លងទៅ ហ្វូងសត្វកណ្ដូបប៉ាធីងហ្គាបានហើរទៅចូលក្នុងប្រអប់គ្រឿងយន្ត បុកកញ្ចក់មុខ និងក្បាលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ អេត្យូពី អ៊ែរឡាញ រហូតដល់ត្រូវប្ដូរផ្លូវហោះហើរត្រឡប់ទៅចុះចតបន្ទាន់នៅឯព្រលានយន្តហោះនៃទីក្រុង អ៊ែដឌិស អាបាបា វិញ។

គួររំឭកដែរថា កាលពីទសវត្សរ៍1990 “តំបន់ចុងពយ អាហ្វ្រិក” ធ្លាប់ប្រឈមនឹងការរាតត្បាតរបស់ហ្វូងសត្វកណ្ដូបប៉ាធីងហ្គាដល់ទៅ 6លើកធំៗ រួមទាំងក្នុងអំឡុងឆ្នាំ1987-1989 និងឆ្នាំ2003-2005 ផងដែរ។

តំបន់ចុងពយ អាហ្វ្រិក ជាតំបន់មួយនៅក្នុងភូមិភាគដែលក្រីក្រតោកយ៉ាក និងខ្វះការអភិវឌ្ឍខ្លាំងបំផុតក្នុងពិភពលោក ដូច្នេះហើយទើបភយន្តរាយពីកណ្ដូបប៉ាធីងហ្គាប្រៀបដូចជា “គ្រោះមហន្តរាយដ៏សែនអាក្រក់” ដែលយើងទាំងអស់គ្នាគួរតែបួងសួងភាវនា សូមកុំឱ្យ “វីរុសវូហាន” ឆ្លងរាលដាលទៅដល់ទីនោះអី ព្រោះគ្រាន់តែប៉ុណ្ណឹង តំបន់ចុងពយ អាហ្វ្រិក ហួសនឹងទប់ទល់បានទៅហើយ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement