ម្ដាយរបស់សពលោកគ្រូ Li Wenliang ស្នើឱ្យក្រុមនគរបាលនៅ Wuhan ចេញមកបកស្រាយ ក្រោយការស្លាប់របស់កូនប្រុស

ម្ដាយរបស់សពវេជ្ជបណ្ឌិត Li Wenliang និយាយថាកូនប្រុសរបស់គាត់ត្រូវគេចាប់ទៅកាន់ការិយាល័យនគរ បាលទាំងកណ្ដាលយប់ និងត្រូវបង្ខំឱ្យស៊ីញេទទួលស្គាល់ថា បានបង្ហោះសារប្រឌិត ខណៈដែលគេមិនទាន់ដឹងច្បាស់អំពីបញ្ហានោះ។ អ្នកស្រីស្នើឱ្យនគរបាលក្រុង Wuhan ចេញមុខបកស្រាយអំពីរឿងនេះ។

សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី 9កុម្ភៈ បានរាយការណ៍ថា ម្ដាយរបស់សពលោកវេជ្ជបណ្ឌិត Li Wenliang (ដែលបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា ក្រោយពីបានបញ្ចេញសារព្រមានអំពីអាសន្នរោគនេះ) ស្នើឱ្យនគរបាលបកស្រាយអំពីអ្វីដែលពួកគេបានធ្វើមកលើកូនរបស់គាត់។

ក្នុងឃ្លីបវីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Pear Video ម្ដាយរបស់សពលោកគ្រូពេទ្យ Li Wenliang បាន​និយាយថាកូនរបស់គាត់ត្រូវគេហៅទៅកាន់ការិយាល័យនគរបាលក្រុង Wuhan និងបានចាប់ឱ្យចុះហត្ថលេខាលើកំណត់ត្រាមួយដែលបង្ខំឱ្យទទួលស្គាល់ថា បានចែករំលែកព័ត៌មានមិនពិតអំពីអាសន្នរោគកូរ៉ូណា នៅពេលបញ្ហាមិនទាន់បានស៊ើបអង្កេតត្រឹមត្រូវ។

ម្ដាយរបស់សពលោកគ្រូ Li រៀបរាប់បណ្ដើរ យំបណ្ដើរ៖ “នៅពេលដែលការពិតមិនទាន់លាតត្រដាង កូនប្រុសរបស់ខ្ញុំត្រូវគេកោះហៅទៅកាន់ប៉ុស្តិ៍នគរបាលនៅ Wuhan ទាំងកណ្ដាលយប់។ បើសិនពួកគេមិនបកស្រាយឱ្យបានច្បាស់​អំពីបញ្ហានេះ គឺមិនបាននោះទេ!”។

Li Wenliang ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលបានចែករំលែកព័ត៌មាន និងព្រមានអំពីអាសន្នរោគរលាកសួតដែលបង្កឡើងដោយមេរោគកូរ៉ូណា (nCoV) នៅប្រទេសចិន។ ក្នុងថ្ងៃទី30 ខែធ្នូ ឆ្នាំ2019 Li Wenliang បានផ្ញើសារចូលក្នុងក្រុម WeChat របស់គាត់ដែលមានមិត្តភក្ដិរបស់គាត់ 150នាក់ ដែលជាមិត្តចាស់។ គាត់បានព្រមានអំពីអ្នកជំងឺ 7នាក់ដែលបានឆ្លងមេរោគមួយប្រភេទដែលគាត់យល់ថា ដូចទៅនឹងមេរោគផ្លូវដង្ហើម SARS (Severe Acute Respiratory Syndrome) ដែលធ្លាប់បានកើតឡើងនៅប្រទេសចិនកាលពីឆ្នាំ2002 និងបានសម្លាប់មនុស្សប្រមាណជា800នាក់ នៅទូទាំងពិភពលោក។

សាររបស់លោកគ្រូ Li បានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមមន្ត្រីអាជ្ញាធរក្រុង បន្ទាប់ពីមនុស្សម្នាក់ក្នុងក្រុមរបស់គាត់ បានបង្ហោះរូបភាពនៃការជជែករបស់ពួកគេនៅលើបណ្ដាញសង្គម។ ក្រោយមកទៀត គ្រូពេទ្យ7នាក់ដែលស្ថិតក្នុងក្រុមជជែករបស់លោកគ្រូ Li ក៏បានចែករំលែកព័ត៌មាននេះទៅកាន់ក្រុមជជែកចំនួន3ផ្សេងទៀត។

នៅក្នុងយប់ដដែលនោះ ក្រុមមន្ត្រីសុខាភិបាលនៃក្រុង Wuhan បានកោះហៅលោកគ្រូ Li ដោយស្នើឱ្យគាត់និយាយអំពីមូលហេតុដែលគាត់បានចែករំលែកព័ត៌៌មាននេះ។ ថ្ងៃទី3មករា ក្រុមនគរបាលបានហៅគាត់ទៅសួរនាំ ហើយបង្ខំឱ្យគាត់សន្យាថា “បានចែករំលែកព័ត៌មានមិនពិត ធ្វើឱ្យច្របូកច្របល់ក្នុងសង្គមជាតិ”។

ថ្ងៃទី8មករា លោកគ្រូ Li បានពិនិត្យសុខភាពអ្នកជំងឺកូរ៉ូណាម្នាក់។ ពីរថ្ងៃក្រោយមក លោកគ្រូ Li ចាប់ផ្ដើមមានអាការក្អក និងពិបាកដកដង្ហើម ប៉ុន្តែ ការពិនិត្យជាច្រើនលើកបង្ហាញថា គាត់មិនមានផ្ទុកមេរោគកូរ៉ូណា nCoV នោះទេ។

ថ្ងៃទី12មករា គ្រូពេទ្យ Li បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយថ្ងៃទី1កុម្ភៈ គាត់ត្រូវគេបញ្ជាក់ថា មានផ្ទុកមេរោគកូរ៉ូណា។

ម្ដាយរបស់សពលោកគ្រូ Li បន្តថា កូនប្រុសរបស់គាត់ជាកូនល្អ ហើយនៅកន្លែងធ្វើការវិញ គេក៏ជាអ្នករួមការងារដ៏ល្អម្នាក់ដែរ។ នៅក្នុងការរៀបចំកាលបរិច្ឆេទប្រចាំការ គ្រូពេទ្យម្នាក់នេះ តែងតែត្រៀមខ្លួនជានិច្ចដើម្បីមកប្រចាំការជំនួសមិត្តរួមការងារ ប្រសិនបើពួកគេត្រូវការ។

អ្នកស្រីនិយាយថា៖ “តាំងពីតូច វាតែងស្ដាប់បង្គាប់ឪពុកម្ដាយ ហើយពេលត្រូវរំពាត់ក៏មិន​ដែល​និយាយ​ថា​ឈឺ​នោះ​ដែរ។ ​អ្វីៗ​ក៏​វា​ចេះ​ទ្រាំទាំងអស់។ ការងាររបស់វា រវល់ខ្លាំងណាស់ មានពេលខ្លះវាត្រូវយាម2យប់ក្នុង1សប្ដាហ៍ ស្របពេលដែលអ្នកខ្លះ យាមតែ1យប់/អាទិត្យ”។

សូមរំឭកថា ថ្មីៗនេះ តុលាការកំពូលរបស់ចិន ក៏ធ្លាប់បាននិយាយថា នគរបាលក្រុង Wuhan មិនគួរពិន័យទៅលើលោកវេជ្ជបណ្ឌិត Li រួមនឹងមនុស្ស 7នាក់ផ្សេងទៀត ដោយសារតែព័ត៌មានរបស់ពួកគេ មិនមែនប្រឌិត។

ចំណែកគណៈកម្មការត្រួតពិនិត្យជាតិនៃប្រទេសចិន ថ្មីៗនេះ ក៏បានបញ្ជូនក្រុមស៊ើបអង្កេតមួយក្រុមទៅកាន់ក្រុង Wuhan បន្ទាប់ពីការស្លាប់របស់វេជ្ជបណ្ឌិត Li Wenliang។ សកម្មភាពនេះ បានបង្ហាញថា ស្ថានភាពអាសន្នរោគកូរ៉ូណានៅទីនោះ ពិតជាមិនធម្មតានោះទេ។

កាលពីថ្ងៃទី 8កុម្ភៈ Fu Xuejie ដែលជាប្រពន្ធរបស់សពលោកគ្រូពេទ្យ Li ក៏បាននិយាយជាសាធារណៈដំបូងរបស់នាង ដោយក្នុងនោះ នាងបានអរគុណអ្នកទាំងអស់គ្នាដែលមានការអាណិតអាសូរចំពោះស្វាមីនាង។ នាងក៏ថែមទាំងបានបដិសេធអំពីព័ត៌មានដែលថា នាងបានអំពាវនាវសុំជំនួយពីសាធារណៈជន ទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ។

Fu Xuejie បានថ្លែងថា នាងនឹងទទួលយកតែសំណងជាផ្លូវការពីអាជ្ញាធរ កន្លែងធ្វើការរបស់ស្វាមីនាង និងប្រាក់សំណងទៅតាមគោលនយោបាយធានារ៉ាប់រង ឬប្រាក់រួមចំណែកពីក្រុមអង្គការមនុស្សធម៌ណាដែលទទួលស្គាល់ពីអាជ្ញាធរតែប៉ុណ្ណោះ។

គ្រួសារសពលោកគ្រូ Li ដែលជាគ្រូពេទ្យដំបូងម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យដំបូងគេដែលបានព្រមានអំពីអាសន្នរោគកូរ៉ូណា ប៉ុន្តែត្រូវអាជ្ញាធរចោទថា បាន “បញ្ចេញព័ត៌មានមិនពិត” ទទួលបានសំណងជាទឹកប្រាក់ 821,000យន់ (ប្រហែល 117,400 ដុល្លារអាមេរិក) បន្ទាប់ពីបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា។ National Interest បានរាយការណ៍ថា សំណងនេះរួមមាន សំណងមួយលើក 785,000យន់ ($112,100) និងប្រាក់ចំណាយលើពិធីបុណ្យសព 36,834យន់ ($5,260)៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement