គួរឱ្យខ្លាច!! ជនជាតិឥណ្ឌូនេស៊ី នៅតែនិយមហូបសាច់សត្វប្រចៀវ មិនខ្វល់ពីលទ្ធផលស្រាវជ្រាវដែលថា សត្វប្រចៀវជាដើមកំណើតនៃវីរុសកូរ៉ូណា…

សាច់សត្វប្រចៀវនៅតែទទួលបានការពេញនិយមនៅក្នុងតំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី ទោះជាលទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា មេរោគវីរុសកូរ៉ូណាដែលកំពុងរាតត្បាតខ្លាំងនៅក្នុងប្រទេសចិន និងឆ្លងរាលដាលទៅប្រទេសជាច្រើននោះ អាចមានដើមកំណើតពីសត្វប្រចៀវ មុននឹងចម្លងមេរោគចូលមកមនុស្សក៏ដោយ។

តាំងពីដើមមក សាច់សត្វប្រចៀវត្រូវបានគេនិយមបរិភោគនៅក្នុងក្រុមជនកុលសម្ព័ន្ធ “មិណាហាសា” នៅ ស៊ុឡាវេស៊ីខាងជើងក្នុងរូបបែបជា សម្លខ្ទិះប្រចៀវ ដោយប្រើសត្វប្រចៀវទាំងមូលដាក់ចូលក្នុងសម្លខ្ទិះ ក្នុងនោះរួមទាំងក្បាល និងស្លាបរបស់វាផងដែរ។

“វា(មេរោគវីរុសកូរ៉ូណា)មិនប៉ះពាល់ដល់ការលក់ដូរទេ” ស្ទែនលី ធីមប៊ូលេង អ្នកលក់សាច់សត្វប្រចៀវបានផ្ដល់សម្ភាសនៅកន្លែងលក់សាច់សត្វប្រចៀវនៅក្នុងទីក្រុងតូម៉ូហន ក្នុងស៊ុឡាវេស៊ីខាងជើង “ការពិតគឺ វានៅតែលក់ដាច់ និងលក់អស់គ្មានសល់ដូចធម្មតា”។

ជាមធ្យមក្នុង 1ថ្ងៃ ធីមប៊ូលេង លក់សត្វប្រចៀវបានប្រមាណជា 50-60ក្បាល តែបើសិនជាក្នុងអំឡុងពិធីបុណ្យផ្សេងៗផងនោះ គាត់ធ្លាប់លក់បានច្រើនបំផុតដល់ទៅ 600ក្បាលឯណោះ។ “ប្រចៀវជាអាហារប្រពៃណីដែលទទួលបានការពេញនិយមខ្លាំង ជាពិសេសនៅស៊ុឡាវេស៊ីខាងជើង” វីលៀម វី.វ៉ង់សូ ប្រាប់ទៅអ្នកយកព័ត៌មានរ៉យទ័រ។ អ្នកជំនាញការខាងចំណីអាហារឥណ្ឌូនេស៊ីបានប្រាប់ថា “កន្លែងដែលខ្ញុំចូលចិត្តជាងគេ គឺស្លាបរបស់វា”។

ក្រពេញនៅត្រង់បរិវេណក្រោមក្លៀក នឹងត្រូវឆ្វៀលកាត់ចេញ ហើយនឹងមានការកាត់-ករបស់វាចោល ដើម្បីកម្ចាត់កិនសារបស់វា។
បន្ទាប់ពីនោះ ក៏យកខ្លួនរបស់វាទៅរោលភ្លើង ឬដុតដើម្បីយករោមចេញ មុននឹងហាន់ជាដុំៗ ហើយយកទៅធ្វើជាម្ហូបអាហាររួមជាមួយគ្រឿងទេស ម្ទេស និងខ្ទិះ រហូតបានជាមុខម្ហូបប្រពៃណី “សម្លខ្ទិះសាច់ប្រចៀវ” ឬដែលអ្នកស្រុកក្នុងតំបន់នាំគ្នាហៅថា Paniki។

គេនាំគ្នានិយាយថា មេរោគវីរុសកូរ៉ូណា មានដើមកំណើតចេញពីផ្សារលក់សាច់សត្វមួយកន្លែងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលលបលួចលក់សាច់សត្វព្រៃខុសច្បាប់ ដោយពួកអ្នកជំនាញការខាងផ្នែកសាធារណៈសុខាភិបាល ជឿថា វាមានប្រភពកំណើតពីសត្វប្រចៀវ បន្ទាប់ពីនោះក៏ចម្លងមេរោគចូលមកមនុស្ស និងអាចទៅរួចផងដែរ ដែលថា វាជាការចម្លងតាមរយៈសត្វផ្សេងៗទៀតផង។

អង្គការសុខភាពពិភពលោក បានបង្ហាញព័ត៌មានកាលពីថ្ងៃអង្គារ ទី11 កុម្ភៈថា រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងប្រទេសចិន 42,708នាក់ ក្នុងនោះស្លាប់ 1,017នាក់ ចំណែកអ្នកឆ្លងមេរោគនៅក្នុងប្រទេសផ្សេងៗ និងតាមតំបន់នានាក្រៅពីចិន មានត្រឹមតែ 319នាក់ប៉ុណ្ណោះ ក្នុងនោះស្លាប់ 2នាក់ ម្នាក់ស្លាប់នៅហុងកុង និងម្នាក់ទៀតស្លាប់នៅប្រទេសហ្វីលីពីន។

ទោះជានៅមិនទាន់មានរបាយការណ៍អ្នកឆ្លងមេរោគនៅក្នុងប្រទេសឥណ្ឌូនេស៊ីមែន តែការឆ្លងរាលដាលដ៏គួរឱ្យភ័យខ្លាចនេះ បានជំរុញឱ្យហាងលក់ម្ហូបប្រពៃណី ឬភោជនីយដ្ឋាននៅក្នុងតំបន់ មិណាហាសា ក្នុងទីក្រុងចាការតា ត្រូវដកសត្វប្រចៀវចេញពីបញ្ជីមុខម្ហូបរបស់ពួកគេ តែយ៉ាងណាក៏ដោយ អ្នកស្រុកមិណាហាសា ក៏នៅតែនាំគ្នាដើរស្វែងរកទិញសត្វប្រចៀវមកទទួលទានតាមធម្មតាដដែល៕

ប្រភព សារព័ត៌មានរ៉យទ័រ

Advertisement