បទយកការណ៍រួម ស្ដីពីករណីវីរុស៖ មនុស្សសឹងតែទាំងអស់នៅក្នុងក្រុមរស់នៅជុំគ្នា ឬក្នុងក្រុមគ្រួសារ សុទ្ធតែត្រូវឆ្លងមេរោគ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ បំបែកឯកទគ្គកម្មលើស 100នាក់។ “ត្រាំ-ស៊ី” រំពឹងថា ខែមេសា វីរុសនឹងរលាយបាត់អស់…

បុគ្គលិកកំពុងអង្គុយញ៉ាំអាហារនៅក្នុងរោងបាយរបស់ក្រុមហ៊ុន CMIC Raffles Offshore Engineering ក្នុងទីក្រុង យាន ថៃ មណ្ឌលសានតុង កាលពីថ្ងៃទី10 កុម្ភៈ។ ខាងក្រុមហ៊ុនបានចាត់វិធានការការពារមេរោគឆ្លងរាតត្បាត ដោយការដំឡើងផ្ទាំងក្រដាសបាំងតុញ៉ាំអាហារ និងបិទបដាប្រាប់ពីវិធានការការពារមេរោគវីរុសឆ្លងរាលដាលក្នុងក្រុមបុគ្គលិក ដូចជា “កាត់បន្ថយពេលវេលាញ៉ាំអាហារឱ្យខ្លី” “រក្សាគម្លាតឆ្ងាយពីគ្នាខណៈពេលញ៉ាំអាហារ” “មិនជជែកគ្នាខណៈញ៉ាំអាហារ” និង “ញ៉ាំរួច ប្រញាប់ចាកចេញ” ជាដើម(រូបភាព រ៉យទ័រ)។

ទីភ្នាក់ងារសារព័ត៌មាន សៅត៍ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍ថា គណៈកម្មាធិការសុខាភិបាលចិន បានថ្លែងថា(ថ្ងៃទី11 កុម្ភៈ) ស្ថានការណ៍មេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលកំពុងរាតត្បាត បានធ្វើឱ្យចំនួនអ្នកស្លាប់ពីវីរុសកូរ៉ូណានៅថ្ងៃចន្ទ(ទី10 កុម្ភៈ)បំបែកឯកទគ្គកម្មប្រចាំថ្ងៃក្នុងចំនួន 108នាក់ ដែលអាចរាប់បានថា នេះជាលើកដំបូងហើយ ដែលចំនួនអ្នកស្លាប់ក្នុង 1ថ្ងៃបានកើនឡើងលើស 100នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគវីរុសប្រភេទថ្មីនៅក្នុងប្រទេសចិនរួមទាំងអស់ស្មើនឹង 1,018នាក់។

សម្រាប់ករណីឆ្លងមេរោគ ដែលបានទទួលការអះអាងថ្មី គឺស្មើនឹង 2,478នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបទាំងអស់មានចំនួន 42,638នាក់។ នេះជាព័ត៌មានដែលគិតមកដល់ត្រឹមថ្ងៃចន្ទ ទី10 កុម្ភៈ។

ក្នុងក្រុមអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណា កាលពីថ្ងៃទី10 កុម្ភៈចំនួន 108នាក់នោះ មាន 103នាក់ស្ថិតនៅក្នុងមណ្ឌល ហ៊ូពេយ។

83% នៃការឆ្លង គឺឆ្លងនៅក្នុងក្រុមតែមួយ ឬជាការឆ្លងមេរោគក្នុងក្រុមគ្រួសារ

ក្នុងថ្ងៃទី11 កុម្ភៈ ម្សិលមិញ លោក អ៊ូ ជុន យ៉ូ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រប្រចាំមជ្ឈមណ្ឌលគ្រប់គ្រង និងការពារមេរោគរាតត្បាតនៃប្រទេសចិន បានថ្លែងសរុបស្ថានការណ៍កន្លងមកថា អ្នកជំនាញការបានរកឃើញថា ការឆ្លងរាលដាលរវាងមនុស្សនៅក្នុងក្រុមតែមួយនៅក្នុងប្រទេសចិន ដែលមានចំនួនជិត 1,000ករណីនោះ មាន 83ភាគរយ ជាការឆ្លងមេរោគក្នុងក្រុមគ្រួសារ ក្រៅពីនោះ ជាការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ សាលារៀន និងហាងផ្សារទំនើប(កន្លែងដែលមានមនុស្សច្រើន)។

ក្នុងករណីការឆ្លងមេរោគក្នុងក្រុមនេះ មាន 86ភាគរយ ជាការចម្លងមេរោគជំនាន់ទី1 ឬជំនាន់ទី2 ពោលគឺ អ្នកដែលស្នាក់នៅ ឬធ្វើដំណើរក្នុងមណ្ឌលហ៊ូពេយឆ្លងមេរោគវីរុសមក និងចម្លងមេរោគទៅអ្នកដែលនៅជិតស្និទ្ធជាមួយពួកគេ ដូចជា សមាជិកក្នុងគ្រួសារ ឬអ្នកចូលរួមញ៉ាំអាហារជាមួយពួកគេ។

សម្រាប់ការឆ្លងមេរោគជំនាន់ទី3 និងជំនាន់ទី4 គឺអ្នកដែលឆ្លងមេរោគដោយមិនបានបង្ហាញអាការច្បាស់លាស់ចេញមក តែជាជំងឺឆ្លង និងចម្លងមេរោគចេញទៅ។

ជនជាតិចិន 160លាននាក់កំពុងនាំគ្នាធ្វើដំណើរវិលត្រឡប់ទៅទីក្រុងដែលពួកគេធ្វើការក្នុងអំឡុងសប្ដាហ៍នេះ បន្ទាប់ពីបានឈប់សម្រាករយៈពេលយូរជាងឆ្នាំមុនៗ ដោយសារតែរដ្ឋាភិបាលបានពន្យារពេលថ្ងៃឈប់សម្រាកយូរជាងមុន ដើម្បីគ្រប់គ្រងមេរោគវីរុសកូរ៉ូណាឆ្លងរាលដាលរហូតទៅដល់ថ្ងៃទី18 កុម្ភៈ។ ក្នុងរូបភាព ជនជាតិចិនកំពុងឈររង់ចាំនៅក្នុងស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី10 កុម្ភៈ(រូបភាពរ៉យទ័រ)។

ចិនអះអាងថា ការគ្រប់គ្រងជំងឺរាតត្បាត “ត្រូវតែមិនប៉ះពាល់ដល់ធុរកិច្ច”

ប្រជាជនចិន ចាប់ផ្ដើមត្រឡប់មកធ្វើការនៅថ្ងៃចន្ទ ក្រោយពីបានឈប់សម្រាកយូរថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលរដ្ឋាភិបាលបានពន្យារពេលថ្ងៃឈប់សម្រាក ដែលនេះជាការរំពឹងថា នឹងមានប្រជាជនដល់ទៅ 160លាននាក់នឹងនាំគ្នាធ្វើដំណើរវិលត្រឡប់មកទីក្រុងដែលពួកគេធ្វើការក្នុងអំឡុងសប្ដាហ៍នេះ។ នេះបើតាមការបង្ហើបឱ្យដឹងរបស់លោក ស៊ី យ៉ា វ៉ា រដ្ឋមន្ត្រីក្រសួងគមនាគមន៍ចិន។

ទាំងអស់នេះ មេរោគវីរុសកូរ៉ូណាបានឆ្លងរាលដាលក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ដែលជារដូវធ្វើដំណើរ ដែលមានជនជាតិចិនជាច្រើនលាននាក់ បានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាមួយក្រុមគ្រួសារ។ រដ្ឋាភិបាលចិនបានពន្យារពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនរហូតដល់ថ្ងៃទី18 កុម្ភៈ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលមេរោគ ខណៈដែលស្ថានីយដឹកជញ្ជូនអ្នកដំណើរជាច្រើនកន្លែងបានបិទដំណើរការ ធ្វើឱ្យការធ្វើដំណើរទៅមករបស់ប្រជាជនត្រូវបានកម្រិត។

រដ្ឋបាលក្នុងតំបន់មួយចំនួនបានកំណត់ឱ្យក្រុមហ៊ុនត្រូវមកចុះបញ្ជី និងសុំការអនុញ្ញាត មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនដំណើរការផលិតកម្ម។ បើក្រុមហ៊ុនណាចាប់ផ្ដើមដំណើរការធ្វើការដោយមិនបានទទួលការអនុញ្ញាត ម្ចាស់ក្រុមហ៊ុននោះ នឹងត្រូវចាប់ខ្លួន…តែមេដឹកនាំក្នុងក្រុងប៉េកាំង បានថ្លែងប្រឆាំងនឹងការគ្រប់គ្រងដែលតឹងរ៉ឹងជ្រុលហួសហេតុពេកនេះ។

លោក អ៊ូ សៀវលី អគ្គនាយកនៃគណៈកម្មាធិការការផ្លាស់ប្ដូរ និងការអភិវឌ្ឍ ដែលជាអង្គភាពរៀបចំផែនការសេដ្ឋកិច្ចរបស់ប្រទេស បានថ្លែងនៅក្នុងទីប្រជុំព័ត៌មាននៅថ្ងៃទី11 កុម្ភៈ ម្សិលមិញថា នឹងមិនឱ្យមានការចេញច្បាប់ ឬវិធានការកម្រិតការវិលត្រឡប់មកធ្វើការវិញ ឬដំណើរការផលិតកម្មបែបភ័យភ្ញាក់ផ្អើលជ្រុលហួសហេតុនោះទេ។

“ត្រាំ” រំពឹងថា វីរុសកូរ៉ូណានឹងបាត់ទៅវិញក្នុងអំឡុងខែមេសា…

នៅថ្ងៃចន្ទ ទី10 កុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ នៃប្រទេសអាមេរិក បានថ្លែងពីការរំពឹងទុកថា មេរោគវីរុសកូរ៉ូណា នឹងឈប់រាតត្បាតនៅក្នុងខែមេសា ជាពេលដែលស្ថានភាពធាតុអាកាសកាន់តែក្ដៅឡើង។

“ជាធម្មតា វីរុសនឹងបាត់ទៅវិញនៅក្នុងអំឡុងខែមេសា” ត្រាំ ប្រាប់ទៅអ្នកសារព័ត៌មាននៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន និងបាននិយាយថា “ខ្ញុំបាននិយាយជាមួយលោកប្រធានាធិបតី ស៊ី(ជីនភីង)រួចហើយកាលពីយប់ថ្ងៃម្សិលម្ង៉ៃ គាត់មានជំនឿទុកចិត្តខ្លាំងថា ក្នុងអំឡុងខែមេសា ធាតុអាកាសដែលចាប់ផ្ដើមកាន់តែក្ដៅឡើង នឹងជួយសម្លាប់វីរុស”

ប្រភព៖ សារព័ត៌មានបរទេស

Advertisement