អង្គការ​សុខ​ភាព​ពិភព​លោក ប្រកាសប្រើ​ឈ្មោះ​​ថ្មី​នៃ​អាសន្ន​រោគ​កូរ៉ូណា​​ជា​ផ្លូវ​ការ​

អង្គ​ការ​សុខ​ភាព​ពិភព​លោក (WHO) បាន​ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ឈ្មោះ​ផ្លូវ​ការ​​នៃ​​អាសន្ន​រោគ​កូរ៉ូណា​ប្រភទ​ថ្មី ដែល​បង្ក​ឱ្យ​រលាក​សួត​ នោះ​គឺឈ្មោះ “Corvid-19″។

“យើង​​បាន​ដាក់​ឈ្មោះឱ្យ​អាសន្ន​រោគ​នេះថា “Covid-19” នេះ​គឺជា​ប្រសាសន៍​របស់​លោក Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក​ ដែល​បាន​ថ្លែង​នៅ​​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វុីស​កាល​ពី​ម្សិល​មិញ​។ លោក​បាន​បក​ស្រាយ​ថា​ ពាក្យ​ថា “co” គឺ​ជា​ពាក្យ​កាត់​របស់ corona។ ចំណែក “vi” គឺ​ virus និង​ “d” គឺ​ disease (រោគ/ជំងឺ)។

លោក Tedros ឱ្យ​ដឹង​ថា​ ឈ្មោះ “Covid-19” ត្រូវ​បាន​គេ​ជ្រើសរើស​យក​មកប្រើ​​ ព្រោះ​តែវា​មិន​មាន​ជាប់​ទាក់​ទិន​នឹង​ទី​តាំង​ ប្រភេទ​សត្វ បុគ្គល ឬ​ក្រុម​មនុស្ស​ណា​មួយ ទន្ទឹម​នឹង​នេះ វា​ក៏ងាយ​ឱ្យ​យើង​បញ្ចេញ​សំឡេង ហើយ​វា​ក៏​​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ប្រភេទ​ជំងឺ”។

លោក Tedros Adhanom Ghebreyesus​ ​ប្រធាន​អង្គការ​សុខ​ភាព​ពិភព​លោក (WHO)

សូម​រំឭកថា មុន​នោះ WHO បានហៅ​ឈ្មោះ​បណ្ដោះ​អាសន្ន​នៃ​អាសន្ន​រោគ​ដែល​បង្ក​ឱ្យ​រលាក​សួត​នេះ​ថា 2019-nCoV។ ចំណែក​គណៈកម្មការ​សុខាភិបាល​ចិន​វិញ ហៅ​អាសន្ន​រោគ​នេះ​ថា អាសន្ន​រោគ​រលាក​សួត​កូរ៉ូណា​ថ្មី សរសេរ​កាត់​ថា NCP។

Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ចេញ​ពី​ក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន និង​បាន​រាត​ត្បាត​ដល់​ប្រទេស​ និង​តំបន់​ចំនួន​ 26 នៅ​ទូទាំង​ពិភពលោក​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ 1,018នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ ឡើង​ដល់ជាង 45,182នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement