កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam នៅថ្ងៃទី12 កុម្ភៈនេះ បានប្រកាសឱ្យដឹងថា កម្ពុជាបានយល់ព្រមឱ្យនាវាដឹកអ្នកដំណើរទេសចរណ៍របស់ខ្លួន ចូលចតនៅកំពង់ផែរបស់កម្ពុជាហើយ។

កប៉ាល់ដឹកអ្នកដំណើរទេសចរណ៍ដែលមានឈ្មោះថា MS Westerdam នេះ ធ្លាប់ត្រូវបានប្រទេសជាច្រើនមិនអនុញ្ញាតឱ្យចូលចតនៅឯកំពង់ផែរបស់ពួកគេ។ ប្រទេស និងកោះដែលបានបដិសេធនាវានេះ រួមមានប្រទេស ជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងកោះហ្គ័ម (Guam)។ មូលហេតុនៃការបដិសេធខាងលើនេះ គឺដោយសារប្រទេសទាំងនោះ មានការភ័យខ្លាច និងសង្ស័យថា អ្នកទេសចរ និងក្រុមបុគ្គលិកនៅលើកប៉ាល់នេះ អាចមានផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។

គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរទេសចរណ៍ចំនួន 1,455នាក់ និងក្រុមនាវិក 802នាក់នេះ បាននិងកំពុងស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រុមអ្នកគ្រប់គ្រងនាវានេះ បានឱ្យដឹងថា អ្នកទេសចរ និងក្រុមនាវិកនៅលើនាវានេះ ពុំមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា Covid-19 នោះទេ។

បើយោងតាមអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ក៏បានរាយការណ៍ដូចគ្នាដែរថា នាវាទេសចរណ៍ដ៏ធំ ឈ្មោះ MS Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង 7ព្រឹក នៃថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 ស្អែកនេះហើយ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕

Advertisement