ភ័យខ្លាចមេរោគរាលដាល!! “ហុងកុង” ប្រកាសបិទសាលារៀនរហូតដល់ពាក់កណ្ដាលខែមីនា

រដ្ឋបាលក្រុងហុងកុង បានប្រកាសបិទសាលារៀនជាបន្តបន្ទាប់យ៉ាងហោចណាស់រហូតដល់ថ្ងៃទី16 ខែមីនា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុស COVID-19 ព្រមទាំងសំណូមពរឱ្យនិស្សិតបរទេស មិនចាំបាច់ប្រញាប់ធ្វើដំណើរត្រឡប់មកហុងកុងវិញទេ ក្នុងអំឡុងពេលនេះ។

គណៈគ្រប់គ្រងទីក្រុងហុងកុងថែមទាំងបានអនុញ្ញាតឱ្យបុគ្គលិករបស់រដ្ឋអាចធ្វើការពីផ្ទះមកបាន រហូតដល់ថ្ងៃទី23 កុម្ភៈ ដើម្បីកាត់បន្ថយការប្រថុយប្រថានក្នុងការចម្លងសាយភាយមេរោគ។

ខេវីន យ៉ាង អគ្គលេខាធិការនៃគណៈកម្មាធិការការសិក្សាអប់រំក្រុងហុងកុង បានបញ្ជាក់ថា សាលាបឋមសិក្សា និងមធ្យមសិក្សាក្នុងក្រុងហុងកុង នឹងផ្អាកការបង្រៀន និងរៀនរហូតដល់ពាក់កណ្ដាលខែមីនា ដែលកាលពីពេលមុនបានពន្យារពេលបវេសនកាលក្រោយបុណ្យចូលឆ្នាំត្រឹមតែថ្ងៃទី2 ខែមីនាប៉ុណ្ណោះ។

សេចក្ដីប្រកាសពីរដ្ឋបាលក្រុងហុងកុងនេះ បានធ្វើឡើងក្នុងខណៈដែលមន្ត្រីមណ្ឌលហ៊ូពេយរបស់ចិន បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ថ្មីៗកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ និងមានការប្រកាសព្រមានពីអ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលទូទាំងពិភពលោកថា ស្ថានការណ៍ឆ្លងរាលដាលរបស់មេរោគវីរុស អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះ មុននឹងអាចគ្រប់គ្រងបាន។

“ការស្ថិតនៅឆ្ងាយខាងសង្គម និងចៀសវាងពីទីកន្លែងដែលមានមនុស្សច្រើន គឺជាយុទ្ធសាស្ត្រចម្បងក្នុងការ ជួយការពារ និងគ្រប់គ្រងការឆ្លងរាលដាល” លោកយ៉ាង ថ្លែងប្រាប់អ្នកសារព័ត៌មាន​បន្ត​ថា “ហើយ​សម្រាប់​សិស្ស​និស្សិត​ដែលនៅក្នុងប្រទេសចិន ឬនៅក្រៅប្រទេស ក៏មិនចាំបាច់​ប្រញាប់ធ្វើ​ដំណើរ​វិលត្រឡប់​មក​ហុងកុងវិញដែរ”

ទីក្រុងកោះដែលជាមជ្ឈមណ្ឌលកណ្ដាលនៃវិស័យហិរញ្ញវត្ថុមួយនេះ បានរកឃើញអ្នកឆ្លងមេរោគវីរុស COVID-19 ដែលបានអះអាងហើយចំនួន 50នាក់ និងមានអ្នកស្លាប់ 1នាក់។

សាលារៀនជាច្រើនកន្លែងក្នុងទីក្រុងហុងកុង ចាប់ផ្ដើមឱ្យគ្រូៗ បង្រៀនសិស្សតាមអនឡាញ ឬតាមប្រព័ន្ធវីដេអូខន់ហ្វើរេនស៍ ដោយមានការដាក់កិច្ចការផ្ទះឱ្យកូនសិស្សធ្វើរៀងរាល់ថ្ងៃ ឬ 1សប្ដាហ៍ម្ដង។

ការឆ្លងរាលដាលរបស់មេរោគវីរុសដែលមានដើមកំណើតមកពីទីក្រុងវូហាន ថែមទាំងបានបង្កឱ្យមានទំនាស់រវាងប្រជាជនហុងកុង ជាមួយគណៈគ្រប់គ្រងក្នុងតំបន់ទៀតផង ដោយអ្នកក្រុងហុងកុងជាច្រើនបានទាម ទារឱ្យមានការបិទព្រំដែនជាមួយប្រទេសចិនដីគោក ដើម្បីទប់ស្កាត់មេរោគ ខណៈដែលលោកស្រី ឃែរី ឡាម អភិបាលក្រុងហុងកុង យល់ព្រមបិទចំណុចឆ្លងព្រំដែនតែមួយចំនួនប៉ុណ្ណោះ និងបានអះអាងថា ការកាត់ផ្ដាច់ជាមួយចិនដីគោកទាំងស្រុង មិនមែនជារឿងសមរម្យ និងមិនអាចធ្វើបានឡើយ ព្រោះអាចរាប់បានថាជាការរើសអើង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement