ដំណឹង​ល្អ​មួយ​ទៀត! ក្រុម​ហ៊ុន​ចិន​ផលិត​ថ្នាំ​រំងាប់​មេរោគ សម្រាប់​ព្យា​បាល​ជំងឺកូរ៉ូណា​ Covid-19

ប្រទេស​ចិន៖ ក្រុម​ហ៊ុន​ផលិត​ឱសថ​មួយ​របស់​ចិន បាន​ចាប់​ផ្ដើម​ផលិត​ថ្នាំ Remdesivir ទៅ​តាម​បច្ចេក​វិទ្យា​របស់សហ​រដ្ឋអាមេរិក ហើយ​គេ​រំពឹង​ថា​ នឹង​មាន​ប្រសិទ្ធ​ភាព​អាច​ទប់​ស្កាត់​មេរោគកូរ៉ូណា​ Covid-19។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ផ្ញើ​ទៅ​កាន់​ផ្សារ​ហ៊ុន​សៀង​ហៃ កាល​ពី​យប់​ថ្ងៃទី 11កុម្ភៈ ក្រុម​ហ៊ុន​បច្ចេក​វិទ្យាជីវ​វេជ្ជ​សាស្ត្រ​ BrightGene មាន​ទី​តាំង​នៅ​ក្នុងទី​ក្រុង​ Suzhou នៃ​ខេត្ត Jiangsu ប្រទេស​ចិន បាន​ឱ្យដឹង​ថា ខ្លួនបាន​អភិវឌ្ឍបច្ចេក​​វិទ្យា​សំយោគ​សារ​ធាតុ​ថ្នាំ​របស់ Remdesivir។ នេះ​គឺជាថ្នាំ​រំងាប់​មេរោគ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន Gilead នៃ​សហរដ្ឋ​អាមេរិក​។

ព័ត៌មាន​របស់​ក្រុម​ហ៊ុន BrightGene ត្រូវ​បាន​គេ​បញ្ចេញ​ឱ្យ​ដឹង​ អំឡុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​​អាជ្ញាធរ​ចិន បាន​យល់​ព្រម​សាក​ល្បង​ប្រើ​ថ្នាំ Remdesivir ។

ថ្នាំ​ Remdesivir ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា “បេក្ខភាព​” លំដាប់​កំពូល​ ក្នុង​យុទ្ធ​នា​ការ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា Covid-19។ បច្ចុប្បន្ន Remdesivir មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផលិត​ ឬដាក់​លក់​នៅ​ទី​ផ្សារ​ណា​មួយ​ក្នុង​ពិភពលោក​នៅ​ឡើយ។ ក្រុម​ហ៊ុន BrightGene បាន​ឱ្យ​ដឹង​ថា ពួកគេ​មាន​គម្រោង​សុំ​ច្បាប់​ពីក្រុម​ហ៊ុន Gilead ប៉ុន្តែ បាន​សម្រេច​ចិត្ត​​ងាក​ទៅ​ផលិត​ Remdesivir ដោយ​សារ​តែ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផលិត​ថ្នាំ​ថ្មី ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​។

មេធាវី Wang Yanyu មក​ពី​ការិយាល័យ​មេធាវី AllBright ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទី​ក្រុង ប៉េកាំង បាន​និយាយ​ថា ៖ “និយាយ​រួម ការ​ផលិត​នេះគឺ​រំលោភ​ទៅ​លើច្បាប់​កម្មសិទ្ធិ​បញ្ញា​​ ប៉ុន្តែ វា​នឹង​ជា​ករណី​លើក​លែង​ បើសិន​ជា​ការ​ផលិត​នោះ មិន​មែន​ដើម្បី​ដាក់​លក់​ក្នុង​ទី​ផ្សារ​”។​

ផលិត​ផល​នេះ​របស់ក្រុម​ហ៊ុន Gilead ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សក្ដានុពល ព្រោះ​វា​បាន​នាំ​មក​នូវ​លទ្ធ​ផល​ល្អ នៅ​ពេលប្រើ​ប្រាស់​វា​ក្នុង​ការ​​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណា​ នៅ​សហ​រដ្ឋ​អាមេរិក។ ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ចិន​ កំពុង​សាក​ល្បង​ថ្នាំ​នេះ នៅ​លើ​អ្នក​ជំងឺ 761 នៅ​ទី​ក្រុង​ Wuhan។

លោក Wang Chen (ស្ដាំបង្អស់)​ ជា​អនុប្រធានបណ្ឌិតសភាវិស្វកម្មចិន និងជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កាលពីថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2020។

ក្រុម​ហ៊ុន BrightGene បាន​ឱ្យ​ដឹង​ថា​ ពួកគេ​ត្រូវ​សុំ​ច្បាប់​ពីក្រុមហ៊ុន Gilead ក្រោយ​មកទើប​ធ្វើ​ការ​ពិសោធ​ និង​ត្រូវ​មាន​ការ​អនុញ្ញាត មុន​ពេល​ដាក់​លក់​ថ្នាំ​នេះ​ក្នុង​ទី​ផ្សារ​។ ថ្នាំ Remdesivir ដែល​ចិន​កំពុង​ផលិត​ នឹង​មិនមាន​ប្រយោជន៍​ បើ​សិន​មិន​មាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ពិសោធ​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ ឬ​ក៏ថ្នាំ​នេះ​ផលិត​ឡើង​ក្រោយ​​អាសន្ន​រោគ​​ត្រូវ​បាន​គ្រប់​គ្រង​។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ Bloomberg។

ភាគី​ខាង​ក្រុម​ហ៊ុន Gilead មិន​ទាន់​បានបញ្ចេញ​មតិ​អ្វី​ទាក់​ទិន​នឹង​ការ​ប្រកាស​របស់ក្រុម​ហ៊ុន BrightGene ប៉ុន្តែ ពួកគេ​បាន​ឱ្យ​ដឹង​ថា​ កំពុងតែ​ផ្ដោត​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ថ្នាំ​នេះ​។ ក្រុម​ហ៊ុន Gilead កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ចិន អាមេរិក និង​អង្គ​ការ​សុខ​ភាព​ពិភពលោក ដើម្បីឱ្យ​ប្រាកដ​ថា ថ្នាំ​នេះ អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ព្យា​បាល​ជំងឺកូរ៉ូណា Covid-19 ដែរ​ ឬ​អត់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement