រក​ឃើញ​មេរោគកូរ៉ូណាជាង​ 500ប្រភេទ​​ នៅ​លើ​សត្វ​ប្រចៀវ ក្នុង​ប្រទេស​ចិន

នៅ​ពេល​ពិនិត្យ​លម្អិត​​ទៅ​លើសត្វ​​ប្រចៀវ​មួយ​ប្រភេទដែល​គេ​ហៅ​ថាប្រចៀវ Rhinolophus ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ដល់​ទៅ 500ប្រភេទ​ ដែល​នេះ​ភ័ស្តុតាង​មួយ​បន្ថែម​ទៀត​បញ្ជាក់​ថា មេរោគកូរ៉ូណា​គឺ​បាន​ឆ្លង​ពី​ប្រចៀវ​មក​មនុស្ស​។

របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ថ្ងៃ​ទី​ 11កុម្ភៈ បាន​ឱ្យ​ដឹង​ថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​នានា បាន​បង្ហាញ​​ភ័ស្តុ​តាង​កាន់​តែ​ច្រើន​ឡើង​ៗថា ​អាសន្ន​រោគ​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា (Covid-19) ​មាន​ជាប់​ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា​នៅ​លើ​សត្វ​ប្រចៀវ​ Rhinolophus។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ខាង​លើនេះ បាន​រក​ឃើញ​វីរុសកូរ៉ូណា​ចំនួនជាង​ 500ប្រភេទនៅ​លើ​សត្វ​ប្រចៀវ ​Rhinolophus នេះ នៅ​ក្នុង​ប្រទេស​ចិន។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ជាង​នេះ គឺ​ថា ការ​ធ្វើ​តេស្ត​ឈាម​នៅ​លើ​មនុស្ស​មួយ​ចំនួន​ដែល​រស់​នៅ​ក្បែរ​តំបន់​មាន​សត្វ​​ប្រចៀវ​រស់នៅ បង្ហាញ​ថា អត្រា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គឺ 2,9%។ ភាគ​រយ​នេះ ក៏​បង្ហាញ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​ដោយ​សារ​មនុស្ស​ប៉ះពាល់​សត្វ​ប្រចៀវ​នេះ គឺ​មាន​ខ្ពស់​ពិត​មែន។

យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា របៀប​​ឆ្លងរបស់​​មេរោគ Covid-19 ចាប់តាំង​ពី​ការ​ផ្ទុះ​ឆ្លង​ដំបូង នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​។ សម្មតិកម្ម​នា​បច្ចុប្បន្ន យល់​ថា ប្រភេទ​សត្វ​ផ្សេង​មួយ​ទៀត​ មាន​តួនាទី​ចម្លង​មេរោគកូរ៉ូណា​ ដែល​ដូចទៅ​នឹង​មេរោគ​ SARS កាល​ពី​ឆ្នាំ 2003។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មាន​ China News។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន និង​អន្តរ​ជាតិ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​ការ​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​ប្រភព​សត្វ​ដែល​បាន​ចម្លង​មេរោគ​កូរ៉ូណា​ Covid-19 ដើម្បី​ធានា​ឱ្យ​បាន​ថា បញ្ហា​ដដែល​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​ពេល​អនាគត។ ការ​សិក្សា​ស្រាវ​ជ្រាវ​ក៏​នឹង​ជួយបង្កើន​​ការ​យល់​ដឹង​ច្រើនអំពី​របៀប និង​ផ្លូវ​ដែល​វីរុស​នានា ឆ្លង​ពី​សត្វ​មក​មនុស្ស។

អាសន្ន​រោគ​ Covid-19 បាន​ផ្ទុះ​ឆ្លងកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 ដែល​វា​មាន​ប្រភព​ចេញ​មក​ពី​ផ្សារ​ Huanan នៅ​ក្នុង​ទីក្រុង​ Wuhan ដែល​មាន​លក់​សត្វ​ព្រៃ​រស់៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement