ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់ដំបូង​គេបង្អស់ ​ដោយ​សារ​មេរោគកូរ៉ូណា Covid-19

ស្ដ្រី​ម្នាក់​ បានក្លាយ​ជាមនុស្ស​ដំបូង​គេ​បង្អស់​នៅ​ជប៉ុន ​​ស្លាប់​ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា ប៉ុន្តែនេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ដំបូង​ប៉ុណ្ណោះ។

សារ​ព័ត៌មាន​ NHK បាន​ឱ្យ​ដឹងថា អ្នក​ជំងឺ​គឺ​ជា​ស្ត្រី​វ័យ​ប្រហែល 80ឆ្នាំ ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19 នៅ​ខេត្ត Kanagawa ក្បែរ​ទី​ក្រុង​ Tokyo ប្រទេស​ជប៉ុន។

សារ​ព័ត៌មាន​ NHK ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ជប៉ុន លោក Katsunobu Kato បញ្ជាក់​ថា ៖ “បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ការ​ស្លាប់​នេះ​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ​។ នេះ​គឺជា​មនុស្ស​ដំបូង​ដែល​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ បាន​បាត់​បង់​ជីវិត”។

ទាក់​ទិន​នឹង​មេរោគ​កូរ៉ូណា អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ម្នាក់​នៅ​ឯទី​ក្រុង Tokyo ក៏​បាន​ឆ្លង​មេរោគ​នេះ​ ខណៈ​ដែល​ជប៉ុន​កំពុង​ខឹត​ខំទប់​ស្កាត់​ការ​រាល​ដាល​នៃ​មេរោគ​នេះ ក្នុង​នោះក៏មាន​វិធានការបង្ខាំង​នាវា​ទេសចរណ៍ Diamond Princess នៅ​ឯកំពង់​ផែ Yokohama ផង​ដែរ។

សារ​ព័ត៌មាន​ជប៉ុន ចុះផ្សាយ​ថា អ្នក​បើក​បរ​ខាង​លើប្រាប់​ថា គាត់​ប្រហែល​ជា​ឆ្លង​វីរុស​កូរ៉ូណា ពី​អតិថិជន​របស់​ខ្លួន​ ក្នុង​នោះ​ក៏មាន​ជនជាតិ​​ចិន​ម្នាក់​ផងដែរ។​ បច្ចុប្បន្ន មន្ត្រី​សុខាភិបាល​ជប៉ុន​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ដំបូង​ដែល​នាំ​ឱ្យ​អ្នក​រត់​តាក់​ស៊ី​នេះ​ត្រូវឆ្លង​មេរោគ​។

គិត​មក​ដល់​ល្ងាច​ថ្ងៃទី13កុម្ភៈនេះ​ ជប៉ុនមាន​អ្នក​ផ្ទុក​មេរោគ​ Covid-19 ចំនួន 250នាក់​ បើ​បូក​រួម​ទាំង​អ្នក​ជំងឺ 218នាក់​ ដែល​កំពុង​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​លើ​កប៉ាល់​ទេសចរណ៍ Diamond Princess។ ជប៉ុន​ ក៏ជា​ប្រទេស​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភព​លោក ក្រៅ​តែ​ពី​ប្រទេស​ចិន​។

ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៅ​លើ​នាវា​ដែល​មាន​ផ្ទុក​មនុស្ស​ជាង 3,700នាក់ រាជ​រដ្ឋា​ភិបាល​ជប៉ុន បាន​សម្រេច​ចិត្តថា​នឹង​ជម្លៀសមនុស្ស​ចាស់​ និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ចេញពី​នាវា​នេះ​នៅ​ថ្ងៃ​ស្អែក ដើម្បី​យក​ទៅ​ដាក់​នៅ​កន្លែង​ដាច់​ដោយ​ឡែក​​នៅ​ឯដី​គោក និង​ដើម្បី​ធ្វើ​ការ​ព្យា​បាលឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត​។

ជប៉ុន ក៏​បាន​សម្រេច​ចិត្ត​ ចំណាយ​ប្រាក់ 140លាន​ដុល្លារ​អាមេរិក សម្រាប់​បេសក​កម្ម​ប្រឆាំង​អាសន្ន​រោគ​កូរ៉ូណា Covid-19 នេះ​ផងដែរ៕

ប្រភ៖ សារ​ព័ត៌មាន​បរទេស

Advertisement