អាជ្ញា​ធរ​ទីក្រុង​​ក្វាង​ចូវ ហាមអ្នក​ទិញ​ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន

ប្រទេស​ចិន៖ អាជ្ញាធរនៃ​ទីក្រុងក្វាង​ចូវ (​Guangzhou) បាន​ហាម​មនុស្ស​ម្នា​ ហូប​អាហារ​នៅ​ក្នុង​អាហារ​ដ្ឋាន​ ឬ​ភោជនីយដ្ឋាន ប៉ុន្តែ អនុញ្ញាតឱ្យ​បញ្ជា​ទិញ​តាម​អ៊ីនធើណិត និង​ខ្ចប់​យកទៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បន្ថែម​នៃ​ជំងឺ​រលាក​សួត​ថ្មីកូរ៉ូណា Covid-19។

យោង​តាម​សេចក្ដី​ប្រកាស​កាល​ពី​ម្សិល​មិញ អាហារ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​ទាំង​អស់​នៅក្នុង​ទី​​ក្រុងក្វាង​ចូល​​ ខេត្ត​ក្វាង​តុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន ត្រូវ​បាន​ហាម​មិន​ឱ្យ​លក់អាហារ​ដែល​ហូប​នៅ​នឹង​កន្លែងដូច​សព្វ​ដង។ ជំនួស​មក​វិញ អតិថិជន​ត្រូវ​តែ​បញ្ជា​ទិញ​តាម​អនឡាញ និង​ទូរស័ព្ទ ឬ​ទៅ​ទិញ​យក​មក​ហូប​នៅ​ឯផ្ទះ​។ ប៉ុន្តែ អាជ្ញា​ធរ​បាន​ផ្ដល់​អនុសាសន៍​ថា ការ​ទិញ​តាម​ទូរស័ព្ទ​ ឬ​តាម​អ៊ីនធើណិត​ គឺ​ជា​វិធី​ដែល​មាន​សុវត្ថិភាព​ជាង​គេ​។

អ្នក​នៅ​ក្នុង​ក្រុងក្វាង​ចូវ ក៏ដូចជា​បណ្ដា​ក្រុង​ផ្សេង​ៗ​ បាន​ចាប់​ផ្ដើម​ត្រឡប់​ចូល​​ធ្វើ​ការវិញ​ បន្ទាប់​ពី​បាន​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ចិនមួយ​រយៈ​ពេល​វែង​ ព្រោះតែអាសន្ន​រោគ​កូរ៉ូណា។ ដូច្នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​បន្ថែម​ទៀត អាជ្ញា​ធរ​ក៏​បាន​ប្រើ​វិធី​នេះ។ បទ​បញ្ជា​នេះ អនុវត្ត​តែ​ទៅ​លើ​អាហារ​ដ្ឋាន​ខាង​ក្រៅ និង​ភោជ​នីយដ្ឋាន​តែ​ប៉ុណ្ណោះ ចំណែកបុគ្គលិក​ការិយាល័យ​វិញ នៅ​តែ​អាច​ហូប​អាហារ​ក្នុង​អាហារដ្ឋាន​របស់​​ក្រុម​ហ៊ុន​ដែល​ពួកគេ​កំពុង​ធ្វើ​ការ​​នោះបាន​។

ការ​ទៅ​កាន់​ភោជនីយដ្ឋាន​ដើម្បី​ផឹក​តែ និង​ហូប​អាហារ​ចិន Dim sum (Dim sum គឺជា​ម្ហូប​ចិនមួយ​​បែប ដែល​អាហារ​​ទាំង​នោះ​​ ត្រូវ​បាន​គេ​រៀបចំ​ជា​ផ្នែក​តូចៗ ដាក់​​ក្នុង​កន្ត្រក​ចំហុយ​តូច ឬនៅ​លើចាន​តូចទាប​​មួយៗ) ​គឺជា​ទម្លាប់​របស់​អ្នក​ក្រុង​ក្វាង​ចូវ។

លោក​ He Zhijuan អាយុ 73ឆ្នាំ បាន​និយាយ​ថា ៖ “សូម្បីតែ​នៅ​ពេល​ប្រទេស​ចិន​ ជួប​នឹង​​គ្រោះ​អត់​ឃ្លាន​កាល​ពីឆ្នាំ1959 ដល់​1961 ខ្ញុំនៅ​ចាំ​ថា អាហារ​ដ្ឋាន​នានា​នៅ​តែ​បើក​ដំណើរ​ការ។ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ ពេល​អាជ្ញាធរ​ចេញ​បទ​បញ្ជា​ហាម​បែប​នេះ។ ខ្ញុំ​គិត​ថា អាសន្ន​រោគ​នេះ ប្រាកដ​ជា​ធ្ងន់​ធ្ងរ​ណាស់​ហើយ ទើប​ក្វាង​ចូវ ប្រើ​យុទ្ធ​សាស្ត្រ​នេះ​”។

អាសន្ន​រោគ​កូរ៉ូណា Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​រាល​ដាល​ តាំង​ពី​ខែ​ធ្នូ ឆ្នាំ2019 នៅទី​ក្រុង​​អ៊ូហាន (Wuhan)​ ប្រទេស​​ចិន។ មក​ដល់​ពេល​នេះ ពិភព​លោក​ទាំង​មូល មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​នេះ កើន​ដល់​ 1,383នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើនដល់​ទៅ 64,437នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement