រូប​ភាព​ពង្រីក​ធំនៃមេរោគ​កូរ៉ូណា Covid-19 ដំបូង​បង្អស់ ត្រូវ​បាន​គេ​ចេញផ្សាយ

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​ពិនិត្យ​មើល​ដោយ​ប្រើ​កែវ​ពង្រីកមីក្រូទស្សន៍អេឡិចត្រុង(electron microscope) បាន​រក​ឃើញ​មេរោគ​កូរ៉ូណា​នេះ តោង​ជាប់​នៅ​លើ​កោសិកា​នៃ​រាងកាយ​មនុស្ស។

សារ​ព័ត៌មាន​ Live Science បាន​ឱ្យ​ដឹ​ងថា បន្ទប់​ពិសោធន៍ Rocky Mountain Laboratories(RML) នៃ​មន្ទីរ​ប្រតិកម្ម​ និង​ជំងឺ​ឆ្លង​នៃ​សហរដ្ឋ​អាមេរិក បាន​ចុះ​ផ្សាយ​រូប​ថត​ពង្រីក​ធំ​មួយ​ចំនួន ជា​លើក​​ដំបូង​បង្អស់​របស់​មេរោគ​កូរ៉ូណា Covid-19 ដែល​កំពុង​រាត​ត្បាត​ពិភព​លោក​ ពិសេស​គឺ​នៅ​ក្នុង​ទី​ក្រុង​អ៊ូហាន​ ប្រទេស​ចិន​ ដោយ​បានសម្លាប់​មនុស្ស​ជិត1,500នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគនេះ ឡើង​ដល់ 64,447​នាក់​។

មេរោគ​កូរ៉ូណា Covid-19 ទាំងនេះ មាន​រូប​រាង​ដូច​ទៅ​នឹង​កូន​គ្រាប់​ក្លីដ៏ល្អិត កំពុង​តោង​ជាប់​នៅ​លើកោសិកា និង​ស្ថិត​ក្នុង​ស្រទាប់​ប្រូតេអ៊ីន។ មេរោគ​នេះ មាន​រូប​រាង​តូច​ រហូត​ដល់​គេ​មិន​អាច​មើល​ឃើញ​ដោយ​មីក្រូទស្សន៍អុបទិក (optical microscope)។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​ឯ RML បាន​ថត​​រូប​ភាពកោសិកា​មាន​មេរោគ​កូរ៉ូណា​​ ដែល​បាន​មក​ពី​អ្នកជំងឺ​ជន​ជាតិ​អាមេរិក​​ម្នាក់ ដោយ​ប្រើ​កែវ​ពង្រីក​ពីរ​ប្រភេទ គឺមីក្រូទស្សន៍​អេឡិច​ត្រុង​ប្រភេទ​​ស្កេន​​(Scanning electron microscope) និងមីក្រូទស្សន៍​អេឡិច​ត្រុង​ប្រភេទ​​បញ្ជូន​រូប​ភាព​​(transmitted ​electron microscope) បន្ទាប់​មក​ អ្នក​វិទ្យា​សាស្ត្រ​បាន​បន្ថែម​ពណ៌ទៅ​លើ​រូប​ភាព​ទាំង​នោះ​។

មេរោគ​កូរ៉ូណា Covid-19 មាន​រូប​រាង​ដូច​ទៅ​នឹង​វីរុស MERS ឆ្នាំ2012 និង​វីរុស SARS ក្នុង​ឆ្នាំ2002 ព្រោះ​ថា ពួក​វា​ស្ថិត​ក្នុង​ត្រកូល​កូរ៉ូណា​ដូច​គ្នា​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement