ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង​

ក្រសួង​សុខាភិបាល​អេហ្ស៊ីប កាល​ពី​ថ្ងៃទី 14កុម្ភៈ បាន​ប្រកាស​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19 ​ករណី​ដំបូង​គេ​បង្អស់នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ ហើយ​នេះ​ក៏​ជា​ការណី​ទី​1​នៅ​ទ្វីប​អាហ្វ្រិកផងដែរ​ បន្ទាប់​ពី​វីរុស​នេះ បាន​រាត​ត្បាត​ស្ទើរតែពេញ​ពិភពលោក​។

តាម​រយៈសេចក្ដី​ប្រកាស​កាលពី​ម្សិល​មិញ​នេះ ក្រសួង​សុខាភិបាល​អេហ្ស៊ីប ឱ្យ​ដឹង​ថា អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ (COVID-19) ដំបូង​នៅ​អាហ្វ្រិក​នេះ មិន​មែនជា​ជន​ជាតិ​អេហ្ស៊ីប​នោះ​ទេ​។ ប៉ុន្តែ សេចក្ដី​ប្រកាស​នេះ ក៏មិន​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​មក​ពី​ប្រទេស​ណា​នោះ​ដែរ។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​អេហ្ស៊ីប លោក Khaled Megahed ថ្លែងថា​ ៖ “ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​តាម​ដាន​សុខ​ភាព​អ្នក​ជំងឺ​ជាប់​ជា​និច្ច​”។ លោក​បន្ត​ថា សុខ​ភាព​របស់​អ្នក​ជំងឺ​នេះ នៅ​ល្អ​ប្រសើរ​នៅ​ឡើយ។

អេហ្ស៊ីប​ក៏បាន​រាយ​ការណ៍​ករណី​នេះ​ទៅ​កាន់​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ចំណេកអ្នក​ជំងឺ​ក៏​បាន​បញ្ជូន​ទៅកាន់​បន្ទប់​ដាច់​ដោយ​ឡែក​ហើយ​ដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ SCMP។

ទំនាក់​ទំនង​ពាណិជ្ជ​​កម្ម​ស៊ី​ជម្រៅ​របស់​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក ជាមួយ​នឹង​ប្រទេស​ចិន​ រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​សមត្ថ​ភាព​នៃការ​ទប់​ទល់​នឹង​អាសន្នរោគ​កូរ៉ូណា​ COVID-19 បើ​សិន​វីរុស​នេះ​ឆ្លង​រាល​ដាល​ខ្លាំង។

កាល​ពី​ដើម​ខែ​មករា អេហ្ស៊ីប​បាន​ផ្អាក​ការ​ហោះ​ហើរ​ទាំង​អស់​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ ទៅ-មក​ប្រទេស​ចិន​។ ក្រៅ​ពី​នេះ អេហ្ស៊ីប​ក៏បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​301នាក់ ចេញពី​ទីក្រុង​ Wuhan ប្រទេស​ចិន​ ហើយ​អ្នក​ទាំង​នោះ​ក៏​កំពុង​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​​។

គិត​មក​ដល់​ថ្ងៃទី​15កុម្ភៈ​នេះ វីរុស​កូរ៉ូណា COVID-19 បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង 67,100​​នាក់ និង​បាន​សម្លាប់​មនុស្ស​ 1,526នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement