អាមេរិក​មិន​ទទួលយក​​ពល​រដ្ឋ​របស់​​ខ្លួន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ នៅ​លើ​នាវា ​Diamond Princess

ពល​រដ្ឋ​អាមេរិកាំង​​40នាក់​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​លើ​នាវា​ទេសចរណ៍ Diamond Princess ​មិន​ត្រូវ​បាន​នាំ​ត្រឡប់​ទៅ​​​កាន់​ប្រទេស​​តាម​ជើង​ហោះ​ហើរ​ចំនួន​2 ដែល​ក្រសួង​ការ​បរទេស​អាមេរិក​បាន​រៀប​ចំ​នោះ​ទេ​។

“40នាក់​ក្នុង​ចំណោម​ពួក​គេ​ បាន​ឆ្លង​មេរោគ​។ ពួក​គេ​នឹង​មិន​ទៅ​ណា​ទាំង​អស់ ពួកគេ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ផ្សេង​ៗ​នៅ​ជប៉ុន​” នេះ​គឺ​ជា​ប្រសាសន៍​របស់​​​លោក Anthony Fauci មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ជាតិ​អាមេរិកាំង​ ដែល​បាន​ឆ្លើយនៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយសារ​ព័ត៌មាន​ CBS កាល​ពី​ម្សិល​មិញ​។ លោក​បន្ត​ថា អ្នក​ជំងឺ​ទាំង​នោះមិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ជម្លៀស​ទៅ​កាន់សហ​រដ្ឋ​អាមេរិក​វិញ​​នោះ​ទេ​។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​កម្រិត​នៃ​ភាព​ធ្ងន់​ធ្ងរ​របស់​ពល​រដ្ឋ​អាមេរិកាំង ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ​លោក Anthony Fauci ថ្លែង​ថា ប្រការ​នេះ​គឺ​មាន​ច្រើន​បែប​។ លោក​បន្ត​ថា “អ្នក​អាច​ត្រូវ​ឆ្លង​មេរោគ​ ហើយ​ជំងឺ​នេះ​មាន​រោគ​សញ្ញា​តិច​តួច​ណាស់​ ប៉ុន្តែ អ្នក​អាច​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃបាន​​”។

មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​នៃ​សហ​រដ្ឋ​អាមេរិក Centers for Disease Control and Prevention (CDC) កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ប្រកាស​ថា ក្រសួង​ការ​បរទេស​អាមេរិកាំង​នឹង​បញ្ជូន​យន្ត​ហោះ​2គ្រឿង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​នាំ​យក​ពល​រដ្ឋ​របស់​ខ្លួន​ចំនួន​ប្រហែល​400នាក់ ដែល​ស្ថិត​នៅ​លើ​នាវា​ Diamond Princess ដែល​កំពុង​ចត​នៅ​កំពង់​ផែ​ Yokohama ប្រទេស​ជប៉ុន​ ត្រឡប់​មក​ស្រុក​វិញ​។​

បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក អ្នក​ទាំង​នោះ​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​ Travis ក្នុង​រដ្ឋ​ California ដើម្បី​តាម​ដាន​សុខភាព​។ ពល​រដ្ឋ​មួយ​ចំនួន​ធំ​ដែល​ស្ថិត​ក្នុងចំណោម​​ពលរដ្ឋ​ខាង​លើ​នេះ អាច​ត្រូវ​បាន​រៀប​ចំ​ឱ្យ​​នៅដាច់​ដោយ​ឡែក​ក្នុង​មូលដ្ឋាន​ទ័ពអាកាស Travis ក្នុង​រយៈ​ពេល​14ថ្ងៃ​។ ក្រៅ​ពី​នេះ មនុស្ស​មួយ​ចំនួន​ទៀត​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូល​ដ្ឋាន​ទ័ព​អាកាស​ Lackland ក្នុង​រដ្ឋ​ Texas ដើម្បី​ពិនិត្យ​រក​មេរោគ​។

ចំណែក​អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​ប្រកាស​ថា នឹង​បញ្ជូន​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​នាំ​ពល​រដ្ឋ​របស់​ខ្លួន​ចេញ​ពី​​នាវា​ Diamond Princess ។ ពល​រដ្ឋ​ហុង​កុង​ដែល​កំពុង​ស្ថិត​នៅ​លើ​នាវា​នេះ មាន​ចំនួន​ប្រហែល​330នាក់​ ហើយ​អ្នក​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃដូច​គ្នា​​ នៅ​ពេល​បាន​ទៅ​ដល់ទី​​ក្រុង​ហុង​កុង​។

ប្រទេស​កាណាដា​វិញ បាន​ឱ្យ​ដឹង​ថា ពល​រដ្ឋ​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​នៅ​ទទួល​ការ​ព្យាបាល​ក្នុង​ប្រទេស​ជប៉ុន​។ អ្នក​ដំណើរ​ទាំង​អស់​នឹង​ត្រូវ​​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ពេល​វិល​ត្រឡប់​ទៅ​ដល់​កាណាដា​។ ពលរដ្ឋ​កាណាដា​ចំនួន 255​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​នាវា​ទេសចរណ៍ Damond Princess នេះ​។

សួម​បញ្ជាក់​ថា នាវា​ទេសចរណ៍​ Diamond Princess មាន​ផ្ទុក​មនុស្ស​ចំនួន 3,711នាក់ បូក​រួម​ទាំង​ក្រុម​នាវិក​ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​កំពង់​ផែ Yokohama ប្រទេស​ជប៉ុន បន្ទាប់​ពី​អ្នក​ដំណើរ​មក​ពី​ទី​ក្រុង​ហុង​កុង​ម្នាក់ កាល​ពី​ខែ​មុន​បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ នាវា​ខាង​លើ​នេះ កាល​ពី​ម្សិល​មិញ​បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​70នាក់​បន្ថែម​ទៀត ដូច្នេះ នៅ​លើ​នាវា​នេះ មាន​អ្នក​ផ្ទុក​មេរោគសរុប​ចំនួន355​នាក់​៕

ប្រភព៖​សារ​ព័ត៌មាន​បរទេស

Advertisement