អ្នក​ដំណើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​ ត្រូវ​បាន​ថៃ​រឹត​បន្តឹងខ្លាំង ទាក់​ទិននឹង​​មេរោគ​កូរ៉ូណា​

អាកាស​យាន​ដ្ឋាន​នានា​នៅ​ប្រទេស​ថៃ កំពុង​តែ​ត្រូវ​បាន​រឹត​បង្កើន​ខ្លាំង​ ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ទាំង​ឡាយ​ណាដែល​​ធ្វើ​ដំណើត​តាម​យន្ត​ហោះ​​មក​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ MS Westerdam ចូល​ចត​នៅ​ឯកំពង់​ផែន​ខេត្ត​ព្រះសីហ​នុ។

“វិធាន​ការ​រឹត​បន្តឹង​នានា​ត្រូវ​បាន​អនុវត្ត​នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi និង​ Don Mueang រួម​នឹង​ ព្រលាន​យន្ត​ហោះ Phuket ដែល​មាន​ជើង​ហោះហើរ​ពី​ប្រទេស​កម្ពុជា​”។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរអាកាស​ចរណ៍​ថៃ (AOT)

ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi

ការ​រឹត​បន្តឹង​​ខាងលើ​នេះ​ ត្រូវ​បាន​ AOT លើក​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​ក្នុង​កំពង់​ផែន​ខេត្តព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ដើម្បី​​សម្រួល​ឱ្យ​អ្នក​ទេសចរណ៍​​នៅ​លើ​កប៉ាល់​​នេះ បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន​។

សូម​រំឭកថា ក្រុម​មន្ត្រី​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​ទេសចរ​វ័យ​83ឆ្នាំ​ម្នាក់​ដែល​បាន​ស្ថិត​នៅ​លើ​នាវា​ Westerdam ត្រូវ​បាន​ម៉ាឡេស៊ី​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 បន្ទាប់​ពី​ជិះ​យន្ត​ហោះ​ពី​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី។ ម៉ាឡេស៊ី​បាន​ធ្វើតេស្ត​រក​មេរោគកូរ៉ូណា​​​លើ​ស្រ្តី​ដដែល​នេះ​ជា​លើក​ទីពីរ​ ទៅ​តាម​ការ​ស្នើរ​ពី​ភាគីកម្ពុជា​ ហើយ​ជា​លទ្ធ​ផល ស្ត្រី​នេះ​ពិត​ជាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រាកដ​មែន។

ព្រលាន​យន្ត​ហោះរបស់​ថៃ ​ចំនួន​3ខាង​លើ​ ត្រូវ​បាន​ AOT រៀប​ចំឱ្យ​មាន​កន្លែង​ចុះ​ចត​ដោយ​ឡែក សម្រាប់​យន្ត​ហោះ​ដែល​មក​ពី​កម្ពុជា ក្នុង​អំឡុង​ពេលចាប់​​ពី​ថ្ងៃទី​14កុម្ភ ដល់​ថ្ងៃទី​21កុម្ភៈ​ ឆ្នាំ​2020 ដូច​ទៅ​នឹង​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​។

ចំណែក​ជើង​ហោះ​ហើរ​ TG585 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Thai Airways ​មាន​ដឹក​អ្នក​ដំណើរ27នាក់ ហោះ​ចេញ​ពី​ភ្នំ​ពេញ​ ក៏ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​សុខភាព​ចំពោះ​អ្នក​ដំណើរ​ទាំង​នោះ ប៉ុន្តែ​មិន​បាន​រក​ឃើញ​អ្នកដំណើរ​ណា​​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ​ទេ ដូច្នេះ​ទើប​ថៃ​បាន​អនុញ្ញាតឱ្យ​បន្ត​ដំណើរ​​ប្រកាន់​ប្រទេស​របស់​ពួក​គេ​។ នេះ​បើ​តាម​​សារព័ត៌មាន​ Nation Thailand។

អាកាស​យាន​ដ្ឋាន​ទាំង​3ខាង​លើ​ ទទួល​ការ​ចុះ​ចត​ពី​យន្ត​ហោះ​ចំនួន​27ជើង​មក​ពី​​កម្ពុជា​ជារៀង​រាល់​ថ្ងៃ។​ ប្រទេសថៃ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​​មកពី​​កម្ពុជា​ ចុះ​ចត​លើ​អាកាស​យាន​ដ្ឋាន​ណាមួយ​ផ្សេង​ទៀត​ ក្រៅ​តែ​ពី​ព្រលាន​យន្តហោះ​ទាំង​3ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​នោះ​ទេ​។

អាសន្ន​រោគកូរ៉ូណា​​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចេញ​ពី​ទី​ក្រុង​ Wuhan​ ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 បច្ចុប្បន្ន​ បាន​លេច​មុខ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំង​ពិភពលោក បណ្ដល​ឱ្យ​មាន​អ្នក​ស្លាប់​ 1,775​នាក់​ និង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ចំនួន​71,331​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement