ធនាគារ​សម្រេច​ចិត្ត​ “ដុតកម្ទេច” សាច់​ប្រាក់​​​​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19

ធនាគារ​កណ្ដាល​របស់​ប្រទេស​ចិន​ សាខាក្វាងចូវ (Guangzhou) សម្រេច​ចិត្ត​ថា​នឹង​ដុតកម្ទេច​​​​​ក្រដាស​ប្រាក់​មួយ​ចំនួន​ ដែល​ធ្លាប់​ចរាចរ​នៅ​ក្នុង​មន្ទីរពេទ្យ​ ផ្សារលក់​អាហារ និង​ចំណត់​រថយន្ត​​ ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា។

ដើម្បី​អនុវត្ត​បាន បណ្ដា​ធនាគារ​ពាណិជ្ជ​កម្ម​ក្នុង​ខេត្ត នឹងត្រូវ​​ញែក​ក្រដាស​ប្រាក់​ដែល​ធ្លាប់​បាន​ចរាចរ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ឆ្លង​មេរោគ​កូរ៉ូណា ទុក​មួយ​ឡែក ​ដើម្បី​ងាយ​ស្រួល​សម្លាប់​មេរោគ។ ក្រោយ​មក ក្រដាស​ប្រាក់​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ធនាគារ​កណ្ដាល​របស់​ចិន សាខា​ខេត្ត​ក្វាង​ចូវ​ ដើម្បី​ដុតសម្លាប់​មេរោគ​​។ នេះ​បើ​តាម​​សារ​ព័ត៌មាន​ SCMP។

ទាក់​ទិន​នឹង​វិធានការ​នេះ អគ្គនាយក​រង​នៃ​ធនាគារ​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ក្វាង​ចូវ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា អតិថិជន​នឹង​ត្រូវ​ស្នើ​ឱ្យ​បញ្ជាក់​អំពី​ប្រភព​នៃ​ក្រដាស​ប្រាក់​របស់​ពួកគេ​ដែល​បាន​ផ្ញើ​នៅ​ក្នុង​សាខា​ធនាគារ​របស់​ពួកគេ​។ ប៉ុន្តែ មន្ត្រី​ធនាគារ​រូប​នេះ ជឿថា វិធាន​ការ​បែប​នេះ ពិបាក​នឹង​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។

ដំណោះ​ស្រាយ​ខាង​លើ​​របស់​ខេត្ត​ក្វាងចូវ ត្រូវបាន​ដាក់​ចេញ បន្ទាប់​ពី​អគ្គនាយករង​​ធនាគារ​ PBOC បាន​ឱ្យ​ដឹង​ថា ប្រាក់​ប្រភេទ​ក្រដាស​ថ្មី​ ចំនួន​600​ពាន់​លាន​យន់ (85,6ពាន់​លាន​ដុល្លារ​អាមេរិក) ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​17មករា ឆ្នាំ2020 រួម​ទាំង​ប្រាក់​ថ្មី​ចំនួន​4ពាន់​លាន​យន់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង​ Wuhan ខណៈដែល​ប្រាក់​ចំនួន​7,8​ពាន់​លាន​យន់ជា​សាច់​ប្រាក់​សុទ្ធ​ ត្រូវ​បាន​ដក​ចេញពី​ការ​ចរាចរ។

PBOC បាន​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ប្រើ​ប្រាស់​កម្ដៅ​ខ្ពស់​ ឬ​កាំ​រស្មី​ UV (ultraviolet ray) ដើម្បី​រម្ងាប់​មេរោគ​នៅ​លើ​ក្រដាសប្រាក់​ទាំង​នោះ បន្ទាប់មក​​ដាក់​វា​ទុក​ដាច់​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ មុន​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement