IMF ព្រមាន​អំពី​ការ​ខាត​បង់​សេដ្ឋ​កិច្ច ព្រោះ​តែ​កូរ៉ូណា ប៉ុន្តែ​ថា​សេដ្ឋ​កិច្ច​នឹង​ងើប​ឡើង​​ឆាប់​រហ័ស ក្រោយ​វិបត្តិ​សុខ​ភាព​នេះ

ប្រធាន​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរ​ជាតិ​ IMF (International Monetary Fund) អ្នក​ស្រី ​Kristalina Georgieva បាន​ព្រមាន​ថា សេដ្ឋ​កិច្ចទូទាំង​ពិភព​លោក​សម្រាប់​ឆ្នាំ​2020​ នឹង​ខាត​បង់​ច្រើន​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា COVID-19 ប៉ុន្តែ​ថា វា​នឹង​ងើប​ឡើង​វិញ​បាន​ឆាប់​រហ័ស។

ថ្លែង​​ក្នុង​វេទិកា​ស្ត្រី​សកល​ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​​ Dubai (អារ៉ាប់រួម) កាល​ពីថ្ងៃទី16កុម្ភៈ ប្រធាន​អង្គ​ការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​ IMF អ្នក​ស្រី​ Kristalina Georgieva យល់​ថា វា​មិន​ទាន់​ដល់​ពេល​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃគ្រប់​ជ្រុង​ជ្រោយ​ទៅ​លើ​ឥទ្ធិពល​​នៃ​អាសន្នរោគ​កូរ៉ូណា COVID-19។

AFP ដក​ស្រង់​សម្ដី​ប្រធាន​អង្គការ​នេះ បក​ស្រាយ​ថា ព័ត៌មាន​អំពី​អាសន្នរោគ​កូរ៉ូណា​ នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ស្វែង​យល់​លម្អិតនៅ​ឡើយ​ ហើយ​បច្ចុប្បន្ន គេ​ក៏នៅ​មិន​ទាន់​ដឹង​ថា​ ប្រទេស​ចិន​នឹង​អាច​ទប់​ទល់​មេរោគ​នេះ​បាន​ដល់​ពេល​ណា ឬ​ក៏​មេរោគ​នេះ​អាច​រាល​ដាល​ទូទាំង​ពិភពលោក​?

ប៉ុន្តែ អ្នក​ស្រី​ Georgieva ទទួល​ស្គាល់​ថា អាសន្នរោគ​នេះ បាន​បង្ករ​ផល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​មួយ​ចំនួន ដូចជាវិស័យ​ទេស​ចរណ៍​ និង​ដឹកជញ្ជូន​ជាដើម​។ “អាច​ថា (កំណើន​សេដ្ឋ​កិច្ច​ទូទាំង​ពិភពលោក​) នឹង​ទទួល​រង​ការ​ខូច​ខាត ហើយ​យើង​សង្ឃឹម​ថា កម្រិត​នៃ​ការ​ខូច​ខាត​នឹង​មាន​ប្រហែលពី 0,1-0,2​%​”។ អ្នក​ស្រី​ Georgieva ថ្លែង​ដូច្នេះ​។

កត្តា​មួយ​ដែល​ត្រូវ​បាន​គេ​យក​មក​ប្រៀប​ធៀប​អំពី​កម្រិត​នៃ​ផល​ប៉ះពាល់​របស់​​អាសន្ន​រោគ​ COVID-19 នោះ​គឺ​ទំហំ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​។ ឆ្នាំ​2002 ដល់​ឆ្នាំ2003 ​ប្រទេស​ចិន​កាន់​កាប់​8%នៃ​ទំហំ​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ នា​សម័យ​អាសន្ន​រោគ​ SARS ប៉ុន្តែ​បច្ចុប្បន្ន ចំនួន​នេះ បាន​កើន​ឡើង​ដល់​​19%។

អ្នក​ស្រី​ Georgieva ថ្លែង​ថា សេដ្ឋកិច្ច​ពិភពលោក​ អាច​នឹង​មាន​ឱន​ភាព​ខ្លាំង​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ដោយ​សារ​អាសន្ន​រោគ​កូរ៉ូណា ហើយ​ក្រោយ​វិបត្តិ​សុខ​ភាព​នេះ សេដ្ឋ​កិច្ច​នឹង​ងើប​ឡើងបាន​ឆាប់​រហ័ស​។

សូម​រំឭកថា មុន​នេះ ក្នុង​របាយការណ៍​មួយ​ស្ដីអំពី​ការ​រំពឹង​ទុក​នៃ​សេដ្ឋ​កិច្ចពិភពលោក ដែល​ត្រូវ​​​បាន​​ប្រកាស​កាល​​ពី​​ខែមករា មូលនិធី​ IMF បាន​ទម្លាក់​ពិន្ទុនៃ​កំណើន​សេដ្ឋ​កិច្ច​ទូទាំង​ពិភពលោក​សម្រាប់​​ឆ្នាំ​2020 មកនូវ​ត្រឹម​3,3% ថយ​ចុះ​0,1% បើ​ធៀប​នឹង​ការ​ប៉ាន​ស្មាន​មុន​នេះ​។ កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​2019 ត្រឹម​តែ​2,9% ពោល​គឺ​ទាប​បំផុត​ក្នុងអំឡុង​1ទសវត្សរ៍​កន្លង​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement