ម្ចាស់នាវា​ MS Westerdam សហ​ការ​ជាមួយ​កម្ពុជា និង​ប្រទេស​ពាក់​ព័ន្ធ តាម​រក​អ្នកទេសចរ​ដែល​បាន​ចាក​ចេញ​ពី​នាវា​នេះ

ម្ចាស់នាវា​ទេសចរណ៍​ MS Westerdam កំពុង​សហ​ការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ និង​ម៉ាឡេស៊ី​ដើម្បី​ស្វែង​រក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​នាវា​ បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ថា អ្នក​ទេស​ចរ​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19។

“យើង​ខ្ញុំ​កំពុង​តែសហ​ការ​ជាមួយ​មន្ត្រី​សុខាភិបាល​កម្ពុជា​ និង​មា៉ឡេស៊ី ក៏ដូចជា​អ្នក​ជំនាញ​មក​ពី​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC) និង​អង្គ​ការ​សុខ​ភាព​ពិភពលោក​។ អ្នក​ទេសចរ​​ដែល​បាន​វិល​ត្រឡប់​ទៅ​ដល់​ផ្ទះ នឹង​ត្រូវ​បាន​មន្ត្រី​សុខា​ភិបាល​ក្នុង​តំបន់​ ធ្វើ​ការ​ទំនាក់​ទំនង​ និង​ផ្ដល់​ព័ត៌មាន​បន្ថែម​”។ នេះ​គឺជា​ការ​ប្រកាស​របស់​ក្រុម​ហ៊ុន Holland America Line ដែល​ជា​ម្ចាស់​នាវា​ទេសចរណ៍ MS Westerdam ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ (17កុម្ភៈ ឆ្នាំ2020)។ នេះ​បើ​តាម​សារ​ព័ត៌​មាន Reuters។

សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ដំណើរ​145នាក់ ចាក​ចេញ​ពី​នាវា​ MS Westerdam ដែល​ចូល​ចត​ក្នុង​កំពង់​ផែន​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​ម៉ាឡេស៊ី ដើម្បី​បន្ត​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ​។ ប៉ុន្តែ អ្នក​ដំណើរ​​8នាក់​ត្រូវ​បានម៉ាឡេស៊ី ​ឃាត់​ឱ្យ​នៅ​ ដើម្បី​ពិនិត្យ​រក​មេរោគ​កូរ៉ូណា ក្នុងនោះ​លោក​យាយ​អាយុ83​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​​រលាក​សួត​ប្រភេទ​ថ្មី​កូរ៉ូណា​ COVID-19។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​សង្ស័យ​ថា អ្នក​ដំណើរ​137​នាក់​ ដែល​ចាក​ចេញ​ពី​ទីក្រុង​​ Kuala Lumpur ដើម្បី​បន្ត​ដំណើរ​ទៅ​ផ្ទះ អាច​មាន​ផ្ទុក​មេរោគ​ COVID-19 នេះដែរ។

ក្រុម​ហ៊ុន​ Holland America Line បាន​ឱ្យ​ដឹង​ថា​ អ្នកទេសចរ ​1,454​នាក់ និង​ក្រុម​បុគ្គលិក​នាវា​ ​802នាក់ មុន​នោះ​មិន​មាន​អាការ​នៃ​ជំងឺ​កូរ៉ូណា​នោះ​ទេ​។

យ៉ាង​ហោច​ណាស់​មាន​អ្នក​ដំណើរ​236​នាក់ និង​បុគ្គលិក​​នាវា​747នាក់ នៅបន្ត​ស្នាក់​នៅ​ក្នុង​នាវា​ ខណៈ​ដែល​អ្នក​ដំណើរ​ផ្សេង​ទៅ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​នានា​ក្នុង​ក្រុង​ភ្នំ​ពេញ​។ អាជ្ញាធរ​ថៃ​ក៏​បាន​ប្រកាស​ថា អ្នក​ដំណើរ​រាប់​សិប​នាក់​ដែល​ធ្លាប់​នៅ​លើ​នាវា​ MS Westerdam ក៏បាន​ចូល​មក​ទឹក​ដី​ថៃ​ ដើម្បី​បន្ត​ដំណើរ​ទៅ​ផ្ទះ។

សូមបញ្ជាក់​ថា នាវា​ទេសចរណ៍​ MS Westerdam បាន​ចូលចត​ក្នុង​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី​13កុម្ភៈ ក្រោយ​រយៈ2សប្ដាហ៍​ធ្វើ​ដំណើរ​គ្មាន​គោល​ដៅ​នៅ​លើ​ផ្ទៃ​សមុទ្រ​ ដោយ​សារ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ដូចជា ហ្វីលីពីន តៃវ៉ាន់ ជប៉ុន កូរ៉េខាង​ត្បូង និង​ប្រទេស​ថៃ បដិសេធ​មិន​ឱ្យ​ចូល​ចត​ ព្រោះ​តែ​ខ្លាចឆ្លង​វីរុស​កូរ៉ូណា​ដល់​ពល​រដ្ឋ​របស់​ពួក​គេ​។ ប៉ុន្តែ ដោយ​សារ​តែ​ទទួល​ដំណឹង​ដូច​ខាង​លើ និង​បាន​ដឹង​ថា នាវា​នេះ​ជិត​អស់​ស្បៀង ទើប​កម្ពុជា​អនុញ្ញាត​ឱ្យ​នាវា​នេះ​ចូល​ចត​។

ក្រោយ​ពី​ទី​ក្រុង​ Kuala Lumpur ប្រកាស​ថា អ្នក​ដំណើរ​ម្នាក់​មក​ពី​នាវា​ MS Westerdam មាន​ផ្ទុក​មេរោគ​កូរ៉ូណា គម្រោង​​បញ្ជូន​អ្ន​ក​ទេសចរ​​លើ​នាវា​ទៅកាន់​​ប្រទេស​ពួកគេ​វិញ ត្រូវ​បានអាក់​ខាន ហើយ​អ្នក​ដំណើរ​ដែល​ប្រុង​នឹង​ចាក​ចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ក៏​ត្រូវ​បាន​លុប​ចោល​។

ម្ចាស់​នាវា​ MS Westerdam នា​ល្ងាច​នេះ​ បាន​ប្រកាស​ថា យ៉ាងហោចណាស់មានភ្ញៀវទេសចរចំនួន 255នាក់ និងបុគ្គលិកនាវា747នាក់ ក្នុងនាវា Westerdam ត្រូវបានធ្វើតេស្តរក​មេរោគ។

គិត​មក​ដល់​ល្ងាច​នេះ (17កុម្ភៈ) អ្នក​ទេសចរលើ​នាវា​ MS Westerdam ជាង​1ពាន់​នាក់ហើយ​ បាន​ចាក​ចេញពី​កម្ពុជា​។ ក្រៅ​ពី​នេះ អ្នក​ដំណើរ​ប្រហែល​500នាក់ កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នកទេសចរជាង120នាក់ ដែលបានពិនិត្យសុខភាពរួចរាល់ហើយ បានធ្វើទេសចរណ៍នៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅលើកប៉ាល់ ជាមួយនឹងបុគ្គលិកនាវា Westerdam ជាង800នាក់។

ក្រុមហ៊ុន Holland America Line បានឲ្យដឹងនៅថ្ងៃទី17នេះ​ថា នាវា MS Westerdam កំពុង​ស្ថិតនៅឯកំពង់ផែខេត្តព្រះសីហនុ នៅ​ឡើយ​៕

Advertisement