មេរោគ​កូរ៉ូណា COVID-19 សម្លាប់​មនុស្ស​​ 1,873នាក់

ខេត្ត Hubei មាន​អ្នក​ស្លាប់​បន្ថែម 93នាក់ ដោយ​សារ​វីរុស​កូរ៉ូណា COVID-19 ធ្វើឱ្យ​អ្នក​ស្លាប់សរុប​ទូទាំង​ពិភពលោក ​​ឡើង​ដល់ 1,873នាក់។

មន្ត្រីសុខាភិបាល​នៅ​ខេត្ត​ Hubei ប្រទេស​ចិន ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា ថ្ងៃនេះ បាន​ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​បន្ថែម​ចំនួន 1,807នាក់ និង​អ្នក​ស្លាប់​93នាក់ ធ្វើឱ្យ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​ក្នុងខេត្ត​នេះ​ឡើងដល់ 59,989នាក់ និង​អ្នក​ស្លាប់​ឡើង​ដល់​ 1,789នាក់។ ក្នុង​នោះ ទីក្រុង​ Wuhan មាន​អ្នក​ជំងឺ​ថ្មី​ 1,600នាក់ និង​អ្នក​ស្លាប់​បន្ថែម​72នាក់។

ចំនួន​អ្នក​ជំងឺ​ថ្មី​នៅ​ក្នុង​ខេត្ត Hubei កើន​ 3% ខណៈ​ករណី​ស្លាប់​កើន​ 5% បើធៀប​នឹង​ថ្ងៃម្សិល​មិញ។

គណៈកម្ម​សុខាភិបាល​ជាតិ​នៃ​ប្រទេស​ចិន ថ្ងៃ​នេះ មិន​ទាន់​បាន​ប្រកាស​ទិន្ន​ន័យ​ថ្មី​នៅ​ឡើយ​។

នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​អ្នក​ជំងឺ​រលាក​សួត​កូរ៉ូណា​សរុប​ 73,326​​នាក់ ខណៈ​ដែល​អ្នក​ស្លាប់​កើន​ដល់​​1,873​​នាក់​ និង​អ្នក​បាន​ជា​សះ​ស្បើយ​ចំនួន 12,677​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់ ក្រៅ​ពី​ប្រទេស​ចិន (ចិនដីគោក) ក៏​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស និង​តំបន់​​មួយ​ចំនួនផងដែរ ដូចជា​ជប៉ុន ហុង​កុង បារាំង ហ្វីលីពីន និង​តៃវ៉ាន់​។

អាសន្នរោគ COVID-19 (មេរោគ​បង្ក​រលាក​សួត​ប្រភេទ​ថ្មី កូរ៉ូណា) ​បានផ្ទុះ​ឆ្លង​រាល​ដាល​ចេញ​ពី​តំបន់ Wuhan ប្រទេស​ចិន​ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ2019 ហើយ​បាន​ឆ្លង​ដល់​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំងពិភពលោក។៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement