ប្រធាន​មន្ទីរពេទ្យ​នៅ​ Wuhan បាត់​បង់​ជីវិត ក្រោយ​ពី​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19

លោក Liu Zhiming​ ប្រធាន​មន្ទីរពេទ្យ​ Wuchang Hospital នៃ​ទី​ក្រុង Wuhan

លោក Liu Zhiming​ ប្រធាន​មន្ទីរពេទ្យ​ Wuchang Hospital នៃ​ទី​ក្រុង Wuhan បាន​បាត់​ជីវិត​ បន្ទាប់​ពី​បាន “​ប្រយុទ្ធ​ស្លាប់​រស់” ជាមួយ​នឹង​មេរោគ​កូរ៉ូណា COVID-19។

ទូរទស្សន៍​ជាតិ​នៃ​ប្រទេស​ចិន CCTV បាន​រាយការណ៍​ថា លោក​គ្រូពេទ្យ​ Liu Zhiming​ បាន​ស្លាប់​នៅ​វេលា​ម៉ោង​​​10​និង​​30នាទី​ថ្ងៃ​នេះ (18កុម្ភៈ) ក្រោយ​ពី​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ជួយ​សង្គ្រោះ​។

ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន People Daily ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​បក្ស​កុម្មុយនីស្ត​ចិន បាន​បង្ហោះ​សារ​​នៅ​លើ​ទំព័រ Twitter កាល​ពី​ម្សិល​មិញ​ថា លោក Liu Zhiming បាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ ប៉ុន្តែ ក្រោយ​មក​ក៏​បាន​លុប​សារ​នេះ​បាត់​ទៅ​។ បន្ទាប់​មក​ មន្ត្រី​សុខាភិបាល​ម្នាក់​នៃ​ខេត្ត​ Hubei បាន​ឱ្យ​ដឹង​ថា លោក​គ្រូពេទ្យ​ Liu Zhiming កំពុង​តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាន់​។

លោក​គ្រូពេទ្យ​ Li Wenliang ក៏បាន​បាត់​បង់ជីវិត​ដោយ​សារ​បាន​ឆ្លង​មេរោគ​កូរ៉ូណា

ភាព​ចម្រូង​ចម្រាស​ជុំវិញ​ស្ថានភាព​សុខ​ភាព​របស់​លោក​គ្រូពេទ្យ​ Liu Zhiming គឺ​ដូចទៅ​នឹង​ករណី​របស់​លោក​គ្រូពេទ្យ​ Li Wenliang កាល​ពី​ដើម​ខែ​នេះ​។ សារ​ព័ត៌មាន​របស់​រដ្ឋ ដំបូង​បាន​ចុះ​ផ្សាយ​ថា លោក​គ្រូពេទ្យ​ Li Wenliang បាន​ស្លាប់ ប៉ុន្តែ​​ខាង​មន្ទីរពេទ្យ​ធំ​របស់​ទីក្រុង Wuhan (Central Hospital of Wuhan) បាន​បដិសេធ​ដំណឹង​នេះ​ ដោយ​ថា គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ តែប៉ុន្មាន​ម៉ោង​ក្រោយ​មក មន្ទីរ​ពេទ្យ​ក៏​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ថា លោក​គ្រូពេទ្យ​ Liu Zhiming នោះ ​បាន​បាត់​បង់ជីវិត៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement