មានសញ្ញាល្អ!! អ្នកជំងឺវីរុស Covid-19 ដែលព្យាបាលដោយ “ទឹកឈាមរបស់អតីតអ្នកឆ្លងមេរោគ” បានធូរស្រាល ហើយអាចនឹងបានចេញពីមន្ទីរពេទ្យ…

រដ្ឋបាលចិនបានបង្ហើបឱ្យដឹងថា ក្រុមអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19)នៅក្នុងទីក្រុងវូហាន ដែលបច្ចុប្បន្នកំពុងទទួលការព្យាបាលដោយទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារ (Convalescent plasma) មានម្នាក់ បានធូរស្រាលខ្លាំង រហូតអាចនឹងចេញពីមន្ទីរពេទ្យបានហើយ។

ថ្ងៃនេះ(ទី18កុម្ភៈ) ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍ថា កាលពីថ្ងៃទី17ម្សិលមិញ លោក ស៊ុន យៀន​សុង មន្ត្រីនៃក្រសួងវិទ្យាសាស្ត្រ និងតិចណូឡូជីរបស់ចិន បានធ្វើសន្និសីទព័ត៌មាននៅក្នុងទីក្រុងប៉េកាំងថា អ្នក​ឆ្លងមេរោគម្នាក់ក្នុងក្រុមអ្នកឆ្លងមេរោគខាងលើ សុខភាពកំពុងរឹងមាំឡើង រហូតល្មមអាចដើរបានហើយ ចំណែកអ្នកឆ្លងមេរោគឯទៀតដែលនៅសេសសល់ ក៏កំពុងបានធូរស្រាលជាបន្តបន្ទាប់ដែរ។

លោក ស៊ុន បានរៀបរាប់ថា មានការប្រមូលទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារ ពីអតីតអ្នកឆ្លងមេរោគ​វីរុស Covid-19 ឈុតដំបូងកាលពីថ្ងៃទី1កុម្ភៈ និងមានការព្យាបាលអ្នកឆ្លងមេរោគដែលមានអាការធ្ងន់ធ្ងរដោយទឹកឈាមនោះ ជាក្រុមដំបូងគេនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ចៀងសៀ ក្នុងក្រុងវូហានកាលពីថ្ងៃទី9 កុម្ភៈកន្លងទៅ។

ប្លាស្មា​ឈាម​របស់​អ្នក​ជា​​ពី​ជំងឺ​កូរ៉ូណា អាច​កម្ចាត់​មេរោគ Covid-19!

ទាំងអស់នេះ លោកស៊ុន បានបន្ថែមថា អ្នកឆ្លងមេរោគជាង 10នាក់ទៀត នឹងបានទទួលការព្យាបាលដោយទឹកឈាមដែលមានប្រូតេអ៊ីនប្រព័ន្ធការពារនេះបន្ថែមទៀតនៅក្នុងសប្ដាហ៍នេះ ខណៈពេលជាមួយគ្នា លោកស៊ុនក៏បានអំពាវនាវឱ្យអតីតអ្នកឆ្លងមេរោគទាំងឡាយដែលបានជាសះស្បើយហើយ សូមរួមគ្នាបរិច្ចាគឈាមរបស់ខ្លួនបន្ថែមទៀតផងដែរ៕

ប្រភព សារព័ត៌មានបរទេស

Advertisement