មន្ទីរពេទ្យឯកជន​របស់ជនជាតិចិនមួយ​ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​បិទដោយ​សារ​គ្មានច្បាប់​អនុញ្ញាត និង​ពាក់​ព័ន្ធបញ្ហា​វីរុស…

មន្ទីរពេទ្យរបស់ជន​ជាតិ​ចិនមួយ ដែលមានឈ្មោះថា “ថៃ ខាង” ត្រូវ​បាន​អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទមិន​ឱ្យ​ដំណើរ​ការ​ បន្ទាប់ពី​រក​ឃើញ​ថា ​មន្ទីរ​ពេទ្យ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ការ​បើក​ដំណើរ​ការ​មន្ទីរពេទ្យ​ដោយ​គ្មាន​ច្បាប់អនុញ្ញាត។ល។

ឯក​ឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ប្រាប់បណ្តាញព័ត៌មាន កាល​ពី​ព្រឹក​មិញ​​ (ថ្ងៃទី19 ខែកុម្ភៈ​)​​ នេះ​ថា បន្ទាប់​ពី​បាន​រក​ឃើញថា មន្ទីរពេទ្យ “ថៃ ខាង” នេះ គ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបានបំភ្លៃព័ត៌មានពាក់ព័ន្ធនឹង​អាសន្នរោគ​កូរ៉ូណា (COVID-19) ដែលនាំឲ្យមានការ​ជ័យ​ភិត​ក្នុង​សង្គម ​អាជ្ញាធរខេត្តព្រះសីហនុ ក៏​​សម្រេច​ចិត្ត​បិទមន្ទីរពេទ្យ​នេះ មិន​ឱ្យ​ដំណើរ​ការ​​ ចាប់​ពី​ថ្ងៃទី18​ ខែ​កុម្ភៈ ឆ្នាំ​2020​នេះ​តទៅ។

កាល​ពី​ថ្ងៃទី​9កុម្ភៈ ឆ្នាំ​2020 ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Su YongYun បាន​ទៅ​ទទួល​ការ​ពិនិត្យ​ព្យា​បាល​ នៅ​មន្ទីរពេទ្យ​ “ថៃ ខាង” ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​3 សង្កាត់​លេខ​4 ក្រុង​ព្រះសីហនុ។ បន្ទាប់​ពី​បាន​ពិនិត្យ​ ក្រុម​គ្រូពេទ្យ​ប្រាប់​ថា អ្នក​ជំងឺ​នេះ មាន​ផ្ទុក​មេរោគ​កូរ៉ូណា ខណៈដែល​អ្នក​ជំងឺ​មិន​មាន​អាការ​ណា​មួយ​បង្ហាញ​ថា ជា​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ទាល់​តែ​សោះ។ នេះ​បើ​តាម​ឯក​ឧត្តម​ គួច ចំរើន។

បន្ទាប់ពីកើតមានដំណឹងនេះ លោកភិបាលខេត្តបានធ្វើអន្តរាគមន៍ភ្លាមៗ។ សំណាករបស់ជនជាតិចិន ដែលសង្ស័យនោះ ត្រូវ​បាន​បញ្ជូន​មក​កាន់​វិទ្យាស្ថានប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​។ ក៏​ប៉ុន្តែ​លទ្ធផល​​បាន​បង្ហាញ​ថា មិនមានវីរុសកូរ៉ូណានោះ​ឡើយ។

លោកបន្តថា នៅប៉ុន្មានថ្ងៃក្រោយមក ជនជាតិចិនដដែលរូបនោះ បានទៅពិនិត្យនៅមន្ទីរពេទ្យ “ថៃ ខាង” ជាថ្មី ហើយមន្ទីរពេទ្យនេះ នៅតែបំភ័យអ្នកជំងឺថា មានជំងឺកូរ៉ូណាដដែល។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ក Su YongYun ក៏​ទៅ​​ពិនិត្យ​សុខ​ភាព​ម្ដង​ទៀត​នៅ​ឯមន្ទីរ​ពេទ្យ​ចិនដដែល​នោះ។ មន្ទីរ​ពេទ្យ​នោះ នៅ​តែ​ប្រាប់​អ្នក​ជំងឺ​នេះ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ មិន​អស់​ចិត្ត Su YongYun ក៏​បាន​មក​ភ្នំ​ពេញ​ដើម្បី​ពិនិត្យ​សុខ​ភាព​ឡើង​វិញ​។ សំណាកមេរោគ​​របស់​​ Su YongYun ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​មួយ​ក្នុងទី​ក្រុង​ភ្នំ​ពេញ​ដែល​អ្នក​ជំងឺ​នេះ​កំពុង​ទទួល​ការ​ព្យា​បាល ទៅកាន់​វិទ្យា​ស្ថានប៉ាស្ទ័រ ដើម្បី​ធ្វើ​តេស្ត​ឡើង​វិញ។ ប៉ុន្តែ នៅ​តែ​មិន​ឃើញ​មាន​មេរោគ​កូរ៉ូណា​ដដែល​។

មន្ទីរពេទ្យ​ “ថៃ ខាង” ត្រូវ​បាន​បិទ​ ក៏ព្រោះ​តែ​បាន​ធ្វើ​ឱ្យ​មាន​កំហុស​ច្រើន ដូចជា ការបំភ្លៃព័ត៌មានទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ការ​បើក​ដំណើរ​ការ​មន្ទីរពេទ្យ​ដោយ​គ្មាន​ច្បាប់ និង​ការ​ធ្វេស​ប្រហែស​ ឬ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ជំងឺ​ បើ​សិន​ក្នុង​​ករណី​អ្នក​ជំងឺ​នោះ​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​៕

Advertisement