អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 នៅ​កូរ៉េខាង​ត្បូង កើន​​60% ក្នុង​ថ្ងៃ​នេះ​ ខណៈ​ពិភព​លោក​មាន​អ្នក​ស្លាប់​2,012​នាក់

កូរ៉េខាង​ត្បូង ថ្ងៃ​នេះ​បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ដល់​ទៅ​20នាក់ កើន​ឡើង​រហូត​ដល់​60% បើ​ធៀប​នឹង​ចំនួនសរុប​នៃ​​អ្នក​មាន​ផ្ទុក​មេរោគ​​កន្លង​មក​។

មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​រោគ​ឆ្លង​របស់​កូរ៉េ​ខាង​ត្បូង (KCDC) បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​នេះ កើន​ឡើង​51នាក់ បន្ទាប់​ពី​ករណី​ឆ្លង​ថ្មី​ ត្រូវ​បាន​គេ​ធ្វើ​តេស្ត​បញ្ជាក់​។ ក្នុង​នោះ មាន18ករណី​ថ្មី ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​តំបន់ Daegu និង​ខេត្ត Gyeongsang ខាង​ជើង។ ក្នុង​ចំណោម​អ្នក​ជំងឺ​18នាក់ខាង​លើ​ មាន​15នាក់ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទាក់​ទិន​នឹង​អ្នក​ជំងឺ​ជា​ស្រ្តី​អាយុ​61​ឆ្នាំ​ម្នាក់​។ ក្នុង​ចំណោម​15នាក់​ដដែល​នេះ​ មាន​14​នាក់​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​ជា​មួយ​នឹង​អ្នក​ជំងឺ​​ដែល​មាន​អាយុ​61​នោះនៅ​ឯវិហារ​​មួយ​ ខណៈ​ដែល​មនុស្ស​ក្រៅ​ពី​នេះ ធ្លាប់​បាន​នៅ​ក្បែរ​អ៊ំស្រី​អាយុ​61​ឆ្នាំ​នេះ​នៅ​ឯមន្ទីរ​ពេទ្យ​។

អ្នក​ជំងឺ​អាយុ​61​ឆ្នាំ​ខាង​លើ បាន​កើត​ជំងឺ​គ្រុន​ក្ដៅ​ដំបូង កាល​ពី​ថ្ងៃទី​10​កុម្ភៈ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​តេស្ត​រក​​មេរោគ​កូរ៉ូណា​ដល់​ទៅ​2លើក ដោយ​គិត​ថា​គាត់​ថ្មី​ៗ​នេះមិន​បាន​ចេញ​ទៅ​បរទេស​។ 1សប្ដាហ៍​ក្រោយ​មក ទើប​គាត់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ និង​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ អ្នក​ជំងឺ​នេះ​គឺ​ជា​មនុស្ស​ទី​31នៅ​កូរ៉េខាង​ត្បូង​ដែល​បាន​ឆ្លង​មេរោគ​ គិត​ត្រឹមថ្ងៃ​ទី18កុម្ភៈ។

កូរ៉េខាង​ត្បូង បាន​ហាម​មិន​ឱ្យ​ពល​រដ្ឋ​ដែល​មក​ពី​ខេត្ត Hubei ប្រទេស​ចិន ចូល​មក​ប្រទេស​ខ្លួន ប៉ុន្តែ ប្រទេស​នេះ​ក៏មិន​បាន​អនុវត្ត​បទ​បញ្ជា​នេះ​ទៅ​លើ​ជនជាតិ​ចិន​ដែល​រស់​នៅ​ខាង​ក្រៅ​ខេត្ត Hubei នោះ​ទេ​។

គិត​មក​ដល់​ល្ងាចនេះ (19កុម្ភៈ) នៅ​ទូទាំងពិភពលោក ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​ 2,012នាក់ និង​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា ឡើង​ដល់ 75,201​នាក់៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement