អ្នក​ជំងឺ​កូរ៉ូណា​អាយុ​3ខែនៅ​វៀត​ណាម បាន​ជា​សះស្បើយ​ បន្ទាប់​ពី​ការ​ព្យាបាល​9ថ្ងៃ​

នៅ​ព្រឹក​ថ្ងៃទី​20កុម្ភៈ​នេះ ក្មេង​ស្រី​អាយុ​3ខែ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​ បន្ទាប់​ពី​ទទួល​ការ​ព្យា​បាល​រយៈ​ពេល​9ថ្ងៃ​។

ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រូប​នេះ​អាច​ញ៉ាំ​ទឹក​ដោះ​គោ​ និង​លែង​មាន​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ខ្លួន​ទៀត​ហើយ​ ក្រោយ​ការ​ធ្វើតេស្ត​2លើក​បាន​បង្ហាញ​ថាអវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ​ ដូច្នេះ​អាច​ចេញ​ពី​មន្ទីរ​ពេទ្យ​បាន​ហើយ​។

នេះ​គឺជា​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង​គេ​​បំផុត​ក្នុង​ចំណោម​អ្នក​ជំងឺ​ករ៉ូណា​16នាក់​នៅ​វៀត​ណាម។ ក្មេង​ស្រី​នេះ បាន​ឆ្លង​វីរុស​កូរ៉ូណា​ពី​ជីដូន​ខាង​ម្ដាយ ចំណែក​ជីដូន​រូប​នេះបាន​​ឆ្លង​ពី​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​។ ក្មេង​ស្រី​អាយុ​3ខែ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ករណី​ឆ្លង​ពី​មនុស្ស​ក្នុង​ស្រុក​ទីមួយ​នៅ​ប្រទេស​វៀត​ណាម​ ក្នុង​អំឡុង​ការ​រាត​ត្បាត​នៃ​អាសន្នរោគ​កូរ៉ូណា COVID-19 នេះ។

សូម​រំឭក​ថា ក្រោយ​ពី​ធ្វើ​តេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​រលាក​សួត​ប្រភេទ​ថ្មី ក្មេង​ស្រី​អាយុ3ខែ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​​ក្នុង​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃទី​11កុម្ភៈ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យា​បាល​ ក្មេង​ស្រី​នេះ​ត្រូវ​គេ​ដាក់​ឱ្យ​គេង​នៅ​ក្នុង​អង្រឹង​ប្រអប់​​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ និង​មាន​វេជ្ជ​បណ្ឌិត​2នាក់ និង​អ្នក​មើល​ថែ​​2នាក់ ​​ប្ដូរ​វេន​គ្នា​មើល​ថែ​អ្នក​ជំងឺ​តូច​នេះ​។ ទន្ទឹម​នឹង​ការ​មើល​ថែ​អ្នក​ជំងឺ​តូច​ អ្នក​ទាំង​4​នាក់​នេះ ក៏​ត្រូវ​បាន​ឱ្យ​នៅ​ស្ថិត​ដាច់​ដោយ​ឡែក​ផងដែរ​ដើម្បី​តាម​ដាន​សុខ​ភាព​ពួកគេ​។

ម្ដាយ​របស់​ទារិកា​ខាងលើ គឺជា​អ្នក​មើល​ថែ​កូនរបស់​ខ្លួន​ដោយ​ផ្ទាល់ក្នុង​អំឡុង​ពេល​ព្យា​បាល​។ ម្ដាយ​ទារិកា​នេះ​ ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​ប្រាស់​វិធី​ការ​ពារ​មេរោគ​យ៉ាង​ត្រឹម​ត្រូវ​ពី​ក្រុម​គ្រូពេទ្យ​។

វេជ្ជ​បណ្ឌិត​នៃ​មន្ទីរពេទ្យ​កុមារជាតិ​ខាង​លើ បាន​ឱ្យ​ដឹង​ថា​ លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​​មេរោគ​កូរ៉ូណា​ COVID-19 បាន​បង្ហាញ​ថា ម្ដាយ​របស់​ទារិកា​នេះ មិន​មាន​ផ្ទុក​មេរោគ​នេះ​ទេ​ ប៉ុន្តែ គាត់​ក៏នៅ​តែ​ត្រូវ​បាន​គេ​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខ​ភាព​។

បច្ចុប្បន្ន វៀត​ណាម មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប 16នាក់ ក្នុង​នោះ​មាន​15នាក់​ហើយ​បាន​ជាសះស្បើយ​។ ចំណែក​អ្នក​ជំងឺ​ម្នាក់​ទៀត​កំពុង​ទទួល​ការ​ព្យា​បាល​នៅ​ឡើយ​។

គិត​មក​ដល់​ពេល​នេះ នៅ​ទូទាំង​ពិភពលោក​ មាន​អ្នក​ឆ្លង​មេរោគ​ COVID-19 ​ចំនួន​75,725នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​2,128​នាក់។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​16,342នាក់ និង​អ្នក​ជំងឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​ជាង12,064នាក់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement