ទូរទស្សន៍ជប៉ុន រាយការណ៍ថា អ្នកដំណើរក្នុងនាវាទេសចរណ៍ “ស្លាប់” 2នាក់ហើយ ដោយសារវីរុស Covid-19

ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍នៅថ្ងៃនេះ(ទី20កុម្ភៈ)ថា អ្នកដំណើរលើនាវាទេសចរណ៍ Diamond Princess បានស្លាប់បាត់បង់ជីវិតហើយចំនួន 2នាក់ ដោយសារឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) ខណៈដែលអាជ្ញាធរបាននិងកំពុងចាប់ផ្ដើមជម្លៀសអ្នកដំណើរឈុតទី2 ចុះពីលើនាវានោះ ក្រោយពីឆ្លងផុតរយៈពេលបង្ខាំងខ្លួនពិនិត្យមេរោគ 14ថ្ងៃរួចមក។

រដ្ឋបាលជប៉ុន មានបញ្ជាឱ្យអ្នកដំណើរ និងក្រុមនាវិកចំនួន 3,700នាក់នៅលើនាវាទេសចរណ៍ Diamond Princess ធ្វើតាមកម្មវិធីបង្ខាំងខ្លួនដោយឡែកដើម្បីតាមដានមេរោគ ក្រោយពីធ្វើដំណើរមកដល់ទីក្រុងយ៉ូកូហាម៉ាកាលពីថ្ងៃទី3 កុម្ភៈ ដែលថ្មីៗបំផុតនេះ លទ្ធផលនៃការពិនិត្យបានអះអាងថា មានអ្នកដំណើរចំនួនជាង 620នាក់ បានឆ្លងមេរោគវីរុសកូរ៉ូណាដែលមានដើមកំណើតពីទីក្រុងវូហានរបស់ចិន។

អឹន អេច ខេ ដែលយោងតាមប្រភពព័ត៌មានក្នុងរដ្ឋាភិបាលជប៉ុន បានរាយការណ៍ថា អ្នកស្លាប់ទាំង 2នាក់នោះ ជាបុរស និងស្ត្រីដែលមានអាយុប្រមាណ 80ឆ្នាំ។

ជប៉ុនមានចំនួនអ្នកឆ្លងមេរោគវីរុសនេះក្នុងលំដាប់ទី2 បន្ទាប់ពីចិន ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវរងការរិះគន់យ៉ាងខ្លាំងថា ប្រើវិធានការបង្ខាំងការពារមេរោគគ្មានប្រសិទ្ធភាព ត្រឹមតែប៉ុន្មានខែមុនទីក្រុងតូក្យូនឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ2020។

ខាត់ស៊ឺណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានចេញមកការពារវិធានការទប់ទល់មេរោគរបស់រដ្ឋាភិបាលនៅថ្ងៃនេះ(ទី20) ដោយបានអះអាងនៅចំពោះមុខរដ្ឋសភាថា ក្រុមមន្ត្រីបានប្រតិបត្តិតាមការណែនាំរបស់អ្នកជំនាញការយ៉ាងតឹងរ៉ឹងម៉ឺងម៉ាត់ និងមានវិធានការកែបញ្ហាបែបប្រចាំថ្ងៃទៀតផង។

ទាំងអស់នេះ ក្រសួងសាធារណៈសុខាភិបាលជប៉ុននៅបានចេញសេចក្ដីថ្លែងការណ៍ជាភាសាជប៉ុន និងអង់គ្លេស ដោយបានអះអាងថា អ្នកដំណើរនៅលើនាវាកម្សាន្ត Diamond Princess ត្រូវបានបញ្ជាឱ្យបង្ខាំងខ្លួននៅតែក្នុងបន្ទប់ស្នាក់នៅ តាំងពីថ្ងៃទី5 កុម្ភៈមកម្ល៉េះ ដើម្បីទប់ស្កាត់ការចម្លងមេរោគវីរុស។ យ៉ាងណាក្ដី ចរន្តការរិះគន់ក្នុងខណៈនេះនៅតែល្បីខ្ចរខ្ចាយទូទាំងពិភពបណ្ដាញសង្គម។

ខេនថារ៉ូ អ៊ីវ៉ាដៈ អ្នកជំនាញការពិសេសខាងជំងឺឆ្លងមកពីមហាវិទ្យាល័យកូបេ បានផូស្តឃ្លីបវីដេអូរិះគន់វិធានការទប់ទល់ការឆ្លងមេរោគរបស់រដ្ឋាភិបាលជប៉ុនយ៉ាងធ្ងន់ៗ មុននឹងលុបឃ្លីបនោះចេញវិញ ដោយឱ្យហេតុផលថា ស្ថានការណ៍នៅលើនាវាកម្សាន្តនោះ ចាប់ផ្ដើមល្អប្រសើរឡើងហើយ និង “គ្មានភាពចាំបាច់អី ដែលត្រូវរិះគន់រឿងនេះតទៅទៀតទេ”។

អាជ្ញាធរជប៉ុនបាននាំអ្នកដំណើរ 1ឈុតដំបូងដែលមានលទ្ធផលពិនិត្យវីរុសអវិជ្ជមាន(គ្មានមេរោគ) និងគ្មានអាការឈឺថ្កាត់ ចុះពីលើនាវាតាំងពីថ្ងៃពុធ(ទី19) ខណៈដែលអ្នកដំណើរប្រមាណជា 500នាក់ទៀត នឹងបានទទួលការអនុញ្ញាតឱ្យចុះពីនាវានៅថ្ងៃនេះ(ទី20) និង 100នាក់ទៀតកំពុងឡើងយន្តហោះដែលជួលម៉ៅដាច់ 1គ្រឿង ត្រឡប់ទៅប្រទេសកំណើតវិញ។

សម្រាប់អ្នកដំណើរដែលធ្លាប់ចែករំលែកបន្ទប់ស្នាក់នៅជាមួយអ្នកឆ្លងមេរោគ នៅតែចាំបាច់ត្រូវបង្ខាំងខ្លួនការពារមេរោគបន្តទៀត ដូចគ្នានឹងក្រុមនាវិក ដែលក្រសួងសាធារណៈសុខាភិបាលជប៉ុន មិនអាចអះអាងបានថា នៅសល់មនុស្សនៅលើនាវានោះប៉ុន្មាននាក់ និងការជម្លៀសនឹងបញ្ចប់នៅពេលណាឡើយ។

ដោយឡែក មន្ត្រីក្រសួងការបរទេស នៃសហរដ្ឋអាមេរិក បានអះអាងថា នៅសល់អ្នកដំណើរជនជាតិអាមេរិកនៅលើនាវាកម្សាន្តនោះប្រមាណជា 45នាក់ទៀតនៅថ្ងៃនេះ(ទី20) ដែលរដ្ឋបាលសហរដ្ឋអាមេរិក បានកំណត់ឱ្យជនជាតិអាមេរិកដែលត្រឡប់ទៅដល់ប្រទេស ត្រូវតែឆ្លងកាត់ការបង្ខាំងឱ្យនៅដោយឡែកដើម្បីការពារមេរោគឆ្លង 14ថ្ងៃបន្ថែមទៀត។

ក្រៅពីអ្នកឆ្លងមេរោគនៅលើនាវាកម្សាន្តនោះ និងអ្នកដែលធ្វើដំណើរត្រឡប់មកពីទីក្រុងវូហានរបស់ចិនហើយ ជប៉ុននៅបានរកឃើញការឆ្លងរាលដាលរបស់មេរោគ Covid-19 នៅក្នុងតំបន់ប្រមាណជា 70ករណី រួមទាំងអ្នកឆ្លងមេរោគ 25នាក់នៅក្នុងទីក្រុងតូក្យូផងដែរ។ នេះបើតាមការរាយការណ៍របស់ស្ថានីយទូរទស្សន៍ NHK ៕

ប្រភព សារព័ត៌មានបរទេស

Advertisement