ពលរដ្ឋ​​2,5លាន​នាក់​នៅ​កូរ៉េខាង​ត្បូង​ បង្ខំ​ចិត្ត​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ ព្រោះ​មេរោគ​កូរ៉ូណា

ចំនួន​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19 បាន​កើន​ឡើង​ខ្លាំង​ ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង​ Daegu របស់​ប្រទេស​កូរ៉េខាង​ត្បូង​មាន​ការ​ភ័យ​ខ្លាចចំពោះ​ការ​ចាប់​ផ្ដើម​រាត​ត្បាត​នៃ​អាសន្ន​រោគ​នេះ​។ ពល​រដ្ឋ​ប្រមាណជា​2,5លាន​នាក់​នៅ​ក្នុង​ទី​ក្រុង​នេះ ត្រូ​វ​បាន​ស្នើ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ​។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ តួលេខ​នៃ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ នៅ​កូរ៉េខាងត្បូង​ បាន​ចាប់​ផ្ដើម​កើន​ឡើង​យ៉ាង​លឿន​ ក្នុង​នោះ​កាល​ពី​ម្សិល​មិញ(20កុម្ភៈ) វា​បាន​កើន​ឡើង​ទ្វេ​ដង​ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុន​ ដោយ​ពេល​នេះ​​អ្នក​​ផ្ទុក​មេរោគ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ មាន​ចំនួន​104ករណី​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ទី​ក្រុង​ Daegu ដែល​ជា​ទី​ក្រុង​ធំបំផុត​ទី​4​របស់​កូរ៉េខាង​ត្បូង ដោយ​មាន​ប្រជា​ជន​សរុប​2,5លាន​នាក់​។ កាល​ពី​ម្សិល​មិញ​នេះ​ដែរ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ដំបូង​ដោយ​សារ​វីរុស​កូរ៉ូណា​។ ករណី​នេះ​កាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ក្នុង​ស្រទាប់​ប្រជា​ជន​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក ​​អាសន្ន​រោគ​កូរ៉ូណា COVID-19 បាន​សម្លាប់​មនុស្ស​ 2,247នាក់់់់់ និង​បាន​ឆ្លង​ទៅ​មនុស្ស​76,295​នាក់​។

អភិបាល​ក្រុង Daegu លោក Kwon Young-jin បាន​ស្នើ​ពល​រដ្ឋ​ទាំង​អស់​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ បន្ទាប់​ពី​អ្នក​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ថ្មី COVID-19 ខណៈ​​មនុស្ស​​រាប់​សិប​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា មា​ន​ផ្ទុក​មេរោគ​នេះ​។

ប៉ុន្មាន​ថ្ងៃ​មុននេះ ស្ត្រី​អាយុ​61​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា COVID-19 ធ្លាប់​បាន​ចូល​រួម​ក្នុង​ពិធីបុណ្យ​នៅ​ឯវិហារ​ Shincheonji នោះ​ដែរ ហើយ​ត្រូវ​គេ​អះអាង​ថា បាន​ចម្លង​ទៅ​មនុស្ស​យ៉ាង​តិច​37​នាក់​។

“យើង​កំពុង​ប្រឈម​នឹង​វិបត្តិ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​។ យើង​មាន​គម្រោង​នឹង​ធ្វើ​តេស្ត​រក​មេរោគ​ចំពោះ​អ្នក​ទាំង​ឡាយណា​​ដែល​បាន​ចូល​រួម​ក្នុង​ពិធីបួង​សួងនៅ​ឯវិហារ Shincheonji។ យើង​បាន​ស្នើ​ឱ្យ​ពួកគេ​នៅ​ក្នុង​ផ្ទះ និង​មិន​ត្រូវ​នៅ​ក្បែរ​សមាជិក​ផ្សេង​ៗ​ក្នុង​គ្រួ​សារ​” នេះ​ជា​សម្ដី​របស់​អភិបាល​ក្រុង​ Daegu លោក​​ Kwon Young-jin។

ទីក្រុង​ “ស្ងាត់​ជ្រងំ”

ដង​ផ្លូវនានា​ក្នុង​ទី​ក្រុង​​ Daegu ស្ទើរ​តែ​​ក្លាយ​ទៅ​ជា​ទី​ក្រុង​ខ្មោច ព្រោះ​​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ដូច​មុន​ បន្ទាប់​​ពី​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​ទី​ក្រុង​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​។ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម រោង​ភាព​យន្ត ភោជនីយដ្ឋាន​ជា​ដើម ក៏​ស្រាប់​តែ​លែង​មាន​មនុស្ស​ដូចសព្វ​មួយ​ដង​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ Reuters។

បុរស​វ័យ​28ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Kim Geun-woo បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ Reuters ថា៖ “មាន​អារម្មណ៍​ថា ដូច​ជា​មាន​អ្នក​ណា​ម្នាក់​ទម្លាក់​គ្រាប់​បែប​ចំកណ្ដាល​ទី​ក្រុង​។ ស្ថាន​ភាព​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ភ្លើង​ឆេះ​កាល្បដូច្នោះ​ដែរ​”។

អាជ្ញា​ធរ​ទី​ក្រុង Daegu បាន​ស្នើ​ឱ្យ​បិទ​ទ្វារមជ្ឈ​មណ្ឌល​ថែ​រក្សា​កុមារ​ទាំង​អស់ ខណៈ​ដែល​សាលា​រៀន​ ត្រូវ​លើក​ពេល​ចូល​រៀន​ទៅ​អាទិត្យ​ក្រោយ​ ដែល​នេះ​ជា​ប្រការ​មិនធ្លាប់​មាន​ពីមុន​មក​។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ក៏​បាន​ហាម​មិន​ឱ្យ​ទាហាន​នៅ​ក្នុង​តំបន់​ Daegu ចាក​ចេញពី​បន្ទាយ​ ឬ​ទទួល​ភ្ញៀវ ក្រោយ​​ពីមាន​ទាហាន​ម្នាក់ ថ្មី​ៗ​នេះ បាន​ទៅ​លេង​ផ្ទះ​នៅ​​ឯទី​ក្រុង Daegu ហើយបាន​ឆ្លង​មេរោគ​កូរ៉ូណា​។ មូល​ដ្ឋាន​ទ័ព​សហ​រដ្ឋ​អាមេរិក​នៅ​​ក្នុង​តំបន់​នេះ​ក៏បាន​អនុវត្ត​វិធាន​ការ​ដូច​គ្នា​នេះ​ដែរ​។

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​កូរ៉េខាង​ត្បូង Kim Kang-lip ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិល​មិញ​បាន​និយាយ​ថា ស្ថាន​ការណ៍អាសន្ន​រោគនៅ​ប្រទេស​នេះ “ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភមែន​”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement