អ្នកទេសចរ​ចុង​ក្រោយ​នៃ​​នាវា​ Westerdam ​បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ត្រៀម​ខ្លួន​​វិល​ត្រឡប់​ទៅ​ស្រុក

អ្នក​ទេសចរ​ចុង​ក្រោយ​ចំនួន​233នាក់មក​ពី​​នាវា​ Westerdam បាន​មក​ស្នាក់​នៅ​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​​កាល​ពី​ល្ងាច​ថ្ងៃទី​19កុម្ភៈ និង​ត្រៀម​ខ្លួន​ឡើង​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​រៀង​ៗខ្លួន​ បន្ទាប់​ពី​បាន​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​។

អ្នក​ទេសចរ​ខាង​លើ​នេះ បាន​ចាក​ចេញពី​នាវា​ Westerdam ដែល​កំពុង​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ជូន​ដំណើរ​ និង​ទទួល​ស្វាគមន៍​ ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនកម្ពុជា​ ឯក​ឧត្តម ស៊ុន ចាន់​ថុ​ល និង​ អ្នក​គ្រប់​គ្រង​នាវា Westerdam លោក Orlando Ashford រួម​នឹង​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខា​ភិបាល​ ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ​។ល។

ក្រុម​អ្នក​ទេសចរ​ 233នាក់មក​ពី​​នាវា​ Westerdam នេះ បាន​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ សុខា​ភ្នំ​ពេញ និង​បាន​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​ទស្សនីយភាព​សិល្បៈបុរាណ​ខ្មែរ​នៅ​ទី​នោះ​ផងដែរ​ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ឯក​ឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។

នៅ​ឯខេត្ត​ព្រះ​សីហនុវិញ នាវា​ទេសចរណ៍ Westerdam ក៏​នឹង​ត្រូវ​ចាក​ចេញ​ពី​កំពង់​ផែ​ ដោយ​នាំ​យក​បុគ្គលិក​នាវា​ចំនួន 747នាក់ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន។

នាវា​ទេសចរណ៍​របស់​​អា​មេ​រិ​ក​ Westerdam នេះ បាន​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃ​ទី​13​កុម្ភៈ ឆ្នាំ​2020 បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពីកម្ពុជា​ ក្រោយពីធ្វើ​ដំណើរ​គ្មាន​ទីដៅ​​រយៈ​ពេល​2សប្ដាហ៍នៅ​លើ​សមុទ្រ​ ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​ មិន​អនុញ្ញាត​ឱ្យ​ចូល​ចត ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា និងដោយ​សារ​​តែ​​នាវា​នេះ​ធ្លាប់​ស្ថិត​នៅ​ក្នុងកំពង់​ផែ​ទីក្រុង​ហុង​កុង​ដែល​ជា​តំបន់​អាច​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19៕

Advertisement