អ្នក​ទេស​ចរ​អាមេរិកាំងម្នាក់​​ដែល​ចាក​​ចេញ​ពី​នាវា​ Westerdam ពេល​នេះ​បាន​ជា​សះស្បើយ​វិញ​ហើយ​

អ្នក​ទេសចរ​ជន​ជាតិ​អាមេរិកាំងម្នាក់​ ដែល​ម៉ាឡេស៊ី​ប្រកាស​ថា មាន​ផ្ទុក​មេរោគ​កូរូណា បន្ទាប់​ពី​ចាក​ចេញ​ពី​នាវា​ Westerdam ដែលកំពុង​​ចត​នៅ​ឯកំពង់​ផែ​ក្រុង​ព្រះសីហនុ ពេល​នេះ បាន​ជា​សះ​ស្បើយ​វិញ​ហើយ។ នេះ​បើ​តាម​សារ​ព័ត៌​មាន​ The Star ។

ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ឱ្យ​ដឹង​ថា ស្ត្រីជន​ជាតិ​អាមេរិកាំង​វ័យ​83ឆ្នាំម្នាក់​ ដែលជា​អ្នក​ទេស​ចរ​នៃ​នាវា​ Westerdam ពេល​នេះ​បាន​ជា​សះស្បើយ​ហើយ​ បន្ទាប់​ពី​ការ​សម្រាក​ព្យា​បាល​អស់​មួយ​រយៈ​ពេល​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ការ​ធ្វើ​តេស្ត​រក​មេរោគ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​ញឹក​ញាប់​ ហើយ​​លទ្ធ​ផល​ចុង​ក្រោយ​ជា​ច្រើន​ដង​ បាន​បង្ហាញ​ថា អ្នក​ជំងឺ​នេះ លែង​មាន​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ខ្លួន​ទៀត​ហើយ។ ប៉ុន្តែ អ្នក​ជំងឺ​នេះ នៅ​តែ​ត្រូវ​បាន​គេ​តាម​ដាន​​បន្ត​ទៀត​ ដោយ​សារ​សុខ​ភាព​មិន​ទាន់​ល្អ​ដូច​ដើម​ និង​នៅ​មាន​រោគ​សញ្ញានៃ​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី។

“នៅ​ពេល​គាត់​លែង​មាន​អាការ​រោគ​ គាត់​នឹងត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ” នេះ​ជា​សម្ដី​របស់​វេជ្ជ​បណ្ឌិត Wan Azizah ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

គួរ​រំឭក​ថា ស្ត្រី​អ្នក​ជំងឺ​ខាង​លើ​នេះ គឺជា​អ្នក​ទេសចរ​ម្នាក់​របស់​នាវា MS Westerdam ដែល​ធ្វើ​ដំណើរ​ជា​មួយ​ស្វាមី​​របស់​គាត់ បាន​មក​ដល់​​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ កាល​ពី​សប្ដាហ៍​មុន​។

អ្នក​ជំងឺ​ខាង​លើ​ រួម​នឹង​ស្វាមី និង​ភ្ញៀវ​ចំនួន 145នាក់​ផ្សេង​ទៀត មក​ពី​នាវា​ MS Westerdam បាន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​តាម​ជើង​យន្ត​ហោះ​ពិសេស​មួយ​ ទៅ​កាន់​ក្រុង​ Kuala Lumpur បន្ទាប់​ពី​បាន​ឡើង​គោក។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​អស់​នៅ​លើ​យន្ត​ហោះ​នោះ មាន​តែ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គត់​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​។

ការ​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ទៅ​លើ​ស្រ្តី​វ័យ​83ឆ្នាំ​ខាង​លើចំនួន​2លើកដំបូង បាន​បង្ហាញ​ថា គាត់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19។ ​ភ្លាម​នោះ គាត់​ត្រូវ​បាន​បញ្ជូន​ចូលកាន់​​មន្ទីរពេទ្យ​ Sungai Buloh។ នេះ​បើ​តាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន The Star។

ស្វាមី​របស់​អ្នក​ជំងឺ​នេះ ត្រូវ​បាន​គេ​ធ្វើ​តេស្ត​ឃើញ​ថា មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ​ទេ ប៉ុន្តែ គាត់​ស្ម័គ្រ​ចិត្ត​នៅ​ជាមួយ​ប្រពន្ធ​ក្នុង​មន្ទីរ​ពេទ្យ​ម៉ាឡេស៊ី៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement