វ៉ាក់សាំង​​កូរ៉ូណា​ COVID-19 ​នឹង​​ពិសោធ​លើក​ដំបូង​ក្នុង​​ខែ​មេសា​ខាង​មុខ

ប្រទេស​ចិន៖ អនុរដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ដំបូង​សម្រាប់​ជំងឺរលាក​សួត​ប្រភេទ​ថ្មីកូរ៉ូណា​ COVID-19 នឹង​ត្រូវ​បាន​ពិសោធ​នៅ​ក្នុង​មន្ទីរពេទ្យ​ នៅ​ចុង​ខែ​មេសា​ឆ្នាំ​2020​នេះ​។

លោក Xu Nanping អនុរដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យានៃ​ប្រទេសចិន បាន​ប្រកាស​ដូចខាង​លើ​នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃទី21​កុម្ភៈ​កន្លង​ទៅ​។ វ៉ាក់​សាំង​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “បេក្ខ​ភាព” ដ៏​លេច​ធ្លោ​បំផុត​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ស្វែង​រក​វ៉ាក់​សាំង​ទប់​ស្កាត់​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា COVID-19 ដែល​មេរោគ​នេះ​កំពុង​សម្លាប់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

លោក Xu Nanping បាន​ឱ្យ​ដឹង​ដែរ​ថា​ ប្រទេស​ចិន​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​បច្ចេក​វិទ្យា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ ដើម្បី​បង្កើន​ល្បឿនក្នុង​ការ​ស្វែង​រក​វ៉ាក់​សាំង​សម​ស្រប​សម្រាប់​ទប់ស្កាត់​មេរោគ​កូរ៉ូណាប្រភេទ​ថ្មី​នេះ​។ មន្ត្រី​រូប​នេះ​បាន​អះអាង​ថា “ដំណើរ​ការ​នេះ​ កំពុង​មាន​ល្បឿន​ប្រហាក់​ប្រហែល​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភព​លោក”។

ជាមួយ​នឹង​មូល​ដ្ឋាន​នៃ​ប្រព័ន្ធ​​ធ្វើ​តេស្ត​អាស៊ីតនូក្លេក (nucleic acid) ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ពេល​អាសន្ន​រោគ​កូរ៉ូណា​ទើប​កើត​ឡើង ប្រទេស​ចិន​បាន​បង្កើន​ការ​អភិវឌ្ឍ​ផលិត​ផល​ថ្មី​ ដែល​អាច​ជួយ​ស្វែង​រក​មេរោគ​បាន​រហ័ស​ និង​ងាយ​ស្រួល​ជាង​​មុន​។

ក្រៅ​ពី​នេះ លោក Xu Nanping ក៏បានបញ្ជាក់​​ថា វេជ្ជ​សាស្ត្រ​បុរាណ​របស់​ចិន​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​បន្ថយ​ការឆ្លង​រោគ​ផងដែរ។ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​សុខា​ភិបាល​ចិន បាន​បន្ថែម​វេជ្ជ​សាស្ត្រ​បុរាណ​ចូល​ទៅ​ក្នុង​ដំណាក់​កាល​​ទី3​នៃ​គម្រោង​ព្យាបាល​ និង​ពិនិត្យ​ជំងឺ​កូរ៉ូណា​ COVID-19។

តាម​ធម្មតា​ ដើម្បី​អាច​បង្កើត​បាន​វ៉ាក់​សាំង​ថ្មី​មួយ គេ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ ជាមួយ​នឹង​ការ​ពិសោធ​នៅ​លើ​សត្វ ការ​ពិសោធ​នៅ​លើ​មនុស្ស និង​រង់​ចាំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ។ ប៉ុន្តែ នៅ​ចំពោះ​មុខ​ការ​ឆ្លង​រាល​ដាល​លឿន​រហ័ស​របស់​មេរោគ​កូរ៉ូណា ក្រុម​អ្នក​ជំនាញ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​ខ្លី​ដើម្បី​បាន​វ៉ាក់​សាំង​ ដោយ​សារ​មាន​ក្រុមចម្រុះអន្ដរជាតិ​ដែល​មាន​គោល​ដៅ​ដូច​គ្នា​ ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ថ្មី។

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី11កុម្ភៈកន្លង​ទៅ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក (WOH) លោក Tedros Adhanom Ghebreyesus បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​ជាង​400នាក់ មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ បាន​ឱ្យ​ដឹង​ថា វ៉ាក់​សាំង​ដំបូង​សម្រាប់​មេរោគ​កូរ៉ូណា នឹង​អាច​ប្រើ​ប្រាស់​បាន​ក្នុង​រយៈ​ពេល​18ខែ​ទៀត។ WHO ក៏កំពុង​តែ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ស្វែង​រក​វិធី​ដើម្បី​ទប់​ស្កាត់​ស្ថាន​ការណ៍​ស្មុគ​ស្មាញ​របស់​អាសន្ន​រោគ​ ហើយ​ទន្ទឹម​នឹង​នេះ ក៏​កំពុង​តែ​រៀប​ចំគម្រោង​ដើម្បី​ទប់​ស្កាត់​រយៈ​ពេល​វែង​ផងដែរ។

WHO យល់​ថា ទន្ទឹម​នឹង​ការ​ប្រឹង​ប្រែង​​ស្វែង​រក​វិធី​បង្កើត​វ៉ាក់​សាំង​ថ្មី ពិភពលោក ត្រូវ​តែ​ប្រើ​ប្រាស់​អាវុធ​ដែល​មាន​ស្រាប់​ដើម្បី​ទប់​ស្កាត់​អាសន្ន​រោគ​នេះ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement