រដ្ឋមន្ត្រី​អ៊ុយ​ក្រែន ស្ម័គ្រ​ចិត្ត​ចូល​រស់​នៅ​ជា​មួយ​ជនភៀស​ខ្លួន​​​មក​ពី​អ៊ូហាន ខណៈមាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ក្នុង​តំបន់

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ុយ​ក្រែន Zoryana Skaletska បាន​ប្រកាស​ថា លោក​ស្រី​នឹង​ចំណាយ​ពេល​2សប្ដាហ៍ ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក ជាមួយ​នឹង​អ្នក​ដែលបាន​ជម្លៀស​មក​ពី​ “សម្បុក​មេរោគ​កូរ៉ូណា​” អ៊ូហាន​ នៃខេត្ត​ហ៊ូប៉ី ប្រទេស​ចិន។

ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ AFP បាន​រាយ​ការណ៍​ថា លោក​ស្រី Zoryana Skaletska បាន​ចេញ​សេចក្ដី​ប្រកាសខាង​លើ​ បន្ទាប់​​ពី​បាតុករ​អ៊ុយ​ក្រែន​បាន​ប៉ះទង្គិច​​ជាមួយ​ក្រុម​នគរ​បាល​ ដោយ​ក្រុម​បាតុករ​បាន​​គប់​ដុំ​ថ្មទៅ​លើ​រថយន្ត​ដឹកពល​រដ្ឋ​​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​អ៊ូហាន​ ត្រឡប់​មក​ប្រទេស​វិញ។

ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃទី 20កុម្ភៈ​កន្លង​ទៅ បាន​នាំ​ពលរដ្ឋ​​ចំនួន​45នាក់នៃ​ប្រទេស​នេះ និង​ជន​បរទេស​​37​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​អាមេរិកខាង​ត្បូង ​មក​ពី​ទីក្រុង​អ៊ូហាន ទៅស្រុក Novi Sanzhary ក្នុង​តំបន់​ Poltava ដើម្បី​ធ្វើ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ​។ ក៏ប៉ុន្តែ ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ មិន​យល់​ស្រប​ជាមួយ​នឹងវិធាន​ការ​របស់​រដ្ឋា​ភិបាល​ ហើយ​ពួកគេ​ក៏​បាន​ស្កាត់ផ្លូវ​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​ដឹក​ជន​ភៀស​ខ្លួន​ទាំង​នោះ​។ ក្នុង​ហេតុ​ការណ៍​នោះ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​3គ្រឿង​ត្រូវ​​រង​ការ​ខួច​ខាត ដោយ​សារ​តែ​បាតុ​ករ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ពល​រដ្ឋ​ លោក​ស្រី​ Skaletska បាន​និយាយ​ថា “ខ្ញុំ​នឹង​ចំណាយ​ពេល​14ថ្ងៃ​ ដើម្បី​ទៅ​រស់​នៅ​ជាមួយ​ពួកគេ​ នៅ​ក្នុង​តំបន់​តែ​មួយ​ និងក្នុង​​ស្ថាន​ភាព​តែ​មួយ​”។

លោក​ស្រី​សរសេរ​នៅ​លើ​ Facebook ថា “ពួកគេ​ទាំង​នោះគឺជា​អ្នក​ស្រុក​របស់​យើង​។ យើង​រស់​នៅ​ក្នុងប្រទេស​តែ​មួយ​ និង​ត្រូវ​តែ​ថែ​រក្សា​សុខ​ភាព​ និង​សុវត្ថិ​ភាព​របស់​ពួកគេ​”។

ក្រុម​មន្ត្រី​៊អ៊ុយ​ក្រែន​ រួម​ទាំង​ប្រធានា​ធិបតី​ Volodymyr Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ប៉ុន្តែ អ្នក​ស្រុក​បាន​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ Arsen Avakov ក៏បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ។ ចំណែក​នាយក​រដ្ឋ​មន្ត្រី Oleksiy Goncharuk កាល​ពី​ថ្ងៃ​ទី​20 ក៏​បាន​ទៅ​កាន់​តំបន់ Novi Sanzhary ផង​ដែរ​។

លោកប្រធានាធិបតី​អ៊ុយ​ក្រែន Zelensky បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បង្ហាញ​អំពី​សាមគ្គី​ភាព​ និង​ត្រូវ​ចង​ចាំ​ថា “យើង​គឺ​សុទ្ធ​តែ​ជា​មនុស្ស​”។

អាជ្ញា​ធរ​អ៊ុយ​ក្រែន បាន​បង្កើន​ការ​ការពារ​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ដែល​មាន​ពល​រដ្ឋ​10,000នាក់​កំពុង​រស់​នៅ​នេះ ដោយ​ការ​ដាក់​ពង្រាយ​​រថយន្ត​ពាស​​ដែក​ជា​ច្រើន​គ្រឿង​ រួមនឹង​​កង​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់។

បច្ចុប្បន្ន ប្រទេស​អ៊ុយ​ក្រែន មិន​ទាន់​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19 ណាមួយ​នៅ​ឡើយ។ អាសន្នរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច2,252 និង​អ្នក​បាន​ឆ្លង​មេរោគ​នេះកើន​ឡើង​ដល់ 76,844​នាក់ នៅ​ទូទាំង​ពិភពលោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement