ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 នៅ​ទីក្រុង​ប៉េកាំង​ កើន​ឡើង​យ៉ាង​ឆាប់​រហ័ស

ករណី​ឆ្លង​វីរុស​កូរ៉ូណា COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ឯមន្ទីរពេទ្យ​ចំនួន​2ក្នុង​ទីក្រុង​ប៉េកាំង ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ក្នុង​រដ្ឋធានី​មួយ​នេះ​។

បើ​ធៀប​នឹង​បណ្ដា​ទី​ក្រុង​ផ្សេង​ៗ រដ្ឋធានី​ប៉េកាំងរបស់​ចិន បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 មិន​ច្រើន​នោះ​ទេ​ ខណៈ​ដែល​កាល​ពី​ថ្ងៃទី21កន្លង​ទៅ ទីក្រុង​ប៉េកាំង មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ត្រឹម​តែ​396នាក់​ និង​អ្នក​ស្លាប់​ដោយ​សារមេរោគ​នេះ​មាន​ចំនួន4នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ បច្ចុប្បន្ន មន្ទីរពេទ្យ​ Fuxing មាន​អ្នក​ជំងឺ​កូរ៉ូណា​យ៉ាង​តិច​36នាក់ គឺ​កើន​ឡើង​ច្រើន​រាប់​ចាប់​តាំង​ពី​ថ្ងៃទី​3កុម្ភៈ ស្រប​ពេល​ដែល​បុគ្គលិក​សុខាភិបាល​5នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ Fuxing បាន​ឆ្លង​វីរុស​។

មន្ទីរពេទ្យ​សកល​​វិទ្យា​ល័យ​ប៉េកាំង​ (Peking University People’s Hospital) ក៏​បាន​ប្រកាស​ថា មាន​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ចំនួន​3ករណី​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ រួម​នឹង​កូន​ស្រី និង​កូន​ប្រសា​ ដែល​អ្នក​ទាំង​នេះ ធ្លាប់​បានទៅ​សួរ​សុខ​ទុក្ខ​លោក​យាយ​របស់​ពួកគេ​​ បន្ទាប់​ពី​ត្រឡប់​មក​ពី​តំបន់ទេស​ចរណ៍​ស៊ីនជាំង(Xinjiang)។

អាជ្ញា​ធរ​ទីក្រុង​ប៉េកាំង បាន​ចេញ​សេចក្ដី​ប្រកាស​ថា ពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​មក​កាន់​ទី​ក្រុង​ប៉េកាំង ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​14ថ្ងៃ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​។ បទ​បញ្ជា​នេះ ​តម្រូវ​ឱ្យអ្នក​ត្រឡប់​មក​កាន់​ទីក្រុង​ប៉េកាំង ត្រូវ​តែ​ជូន​ដំណឹង​ជា​មុន​ទៅ​អាជ្ញាធរ​ដែន​ដី ដែល​ជា​កន្លែង​ពួកគេ​រស់​នៅ​។

គិត​មក​ដល់​ពេល​នេះ ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​ COVID-19 បាន​សម្លាប់​មនុស្ស​2,252​នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ មាន​ចំនួន77,277នាក់ នៅ​ទូទាំង​ពិភពលោក៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement